ប៉ូលិសអន្តោប្រវេសន៍ បញ្ជូន​ជនបរទេស ៣៦ នាក់ បន្ថែមទៀត ចេញពី​កម្ពុជា

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ​បណ្តេញចេញ​ជនបរទេស​ចំនួន ៣៦ នាក់ បន្ថែមទៀត ចេញពី​កម្ពុជា​។ ក្នុងនោះ មាន​ស្ត្រី​ចំនួន ៣​នាក់ ជនជាតិ​វៀតណាម ចំនួន ៣៥ នាក់ ស្រី ១​នាក់ និង​ជនជាតិ​ម៉ូ​រ៉ុ​កូ ចំនួន ១​នាក់ ។

​ប៉ូលិសអន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា ការបណ្តេញចេញ​ជនបរទេស​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា​នោះ គឺធ្វើឡើង តាម​ច្រកទ្វារ​អន្តរជាតិ បាវិត និង​ជនជាតិ​ម៉ូ​រ៉ុ​កូ ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំពេញ​។​

​ប៉ូលិស បាន​ឲ្យ​ដឹងថា ជនបរទេស​ទាំងនេះ ត្រូវបាន​ឃាត់ខ្លួន នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​ប៉ៃលិន និង​ខេត្ត​ត្បូងឃ្មុំ​។ ជនបរទេស​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​ពីបទ​លួច​ស្នាក់នៅ និង​ធ្វើការ ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ហួស​ទិដ្ឋាការ​។​

 របាយការណ៍​របស់​ប៉ូលិស​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ដែល​គេហទំព័រ​ CEN ទទួលបាន​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ បានបង្ហាញ​ឲ្យ​ដឹងថា ជនបរទេស ដែល​ចូលមក​រស់នៅ​ខុសច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា ទៅ​ប្រទេស​កំណើត​វិញ ពី​ឆ្នាំ​២០១៤ មកដល់​ត្រឹម​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ មាន​ចំនួន ៣.២២៦ នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ៥៦៧​នាក់ និង​មាន ៤៦ សញ្ជាតិ​។ ជនបរទេស​ទាំងនោះ ភាគច្រើន​ជា​ជនជាតិ​វៀតណាម​៕​