(UPDATE) អតីតនិស្សិតនៅសាកលវិទ្យាល័យ South East Asia ដែលគំរាមសម្លាប់ឧបនាយករដ្ឋមន្រ្តី ស ខេង ត្រូវតុលាការឃុំខ្លួន

សៀមរាប ៖ លោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប បានប្រាប់ ថាដែលគំរាម សម្លាប់ឧបនាយករដ្ឋមន្រ្តី ស ខេង ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារហើយ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥នេះ។

លោកព្រះរាជអាជ្ញា បានបញ្ជាក់ថា «យើងបានឃុំខ្លួនហើយ នៅថ្ងៃមិញនេះ តែខ្ញុំមិនទាន់ដឹងពីបទ ចោទប្រកាន់អ្វីនោះឡើយ ពីព្រោះព្រះរាជអាជ្ញារង របស់ខ្ញុំម្នាក់ ជាអ្នកកាន់សំណុំរឿងនេះ»។ ឧត្តមសេនីយ៍ ស៊ត ឌីណា ស្នងការ នគរបាលខេត្តសៀមរាប បានថ្លែងប្រាប់ ថា ពាក់ព័ន្ធនឹងករណីនិស្សិតគំរាមសម្លាប់ឧបនាយករដ្ឋមន្រ្តី ស ខេង នៅលើ Facebook នោះ គឺអតីតនិស្សិតនៅសាកលវិទ្យាល័យ South East Asia រូបនោះពិតជាបានសារភាពថា ខ្លួនពិតជាបាន Comment គំរាមដូច្នេះមែន ប៉ុន្តែក្នុងលក្ខណៈលេងសើចតែប៉ុណ្ណោះ។ ជននេះមានឈ្មោះ តៅ សារឿន អាយុ ២៦ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

និស្សិតនៅខេត្តសៀមរាបមួយរូបសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ យ៉ាងដូច្នេះថា ពាក់ព័ន្ធនឹងរឿងរ៉ាវ ឈានដល់គំរាមសម្លាប់នាយករដ្ឋមន្រ្តីស្តីទី សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺអាចកើតឡើង បន្ទាប់ពីបានទទួលដំណឹងថា ការចែកសញ្ញាបត្រ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តី ស ខេង ត្រូវបានពន្យារពេល ដោយសារអាកាសធាតុមិនអំណោយផល។

និស្សិតដែលសុំមិនបញ្ចេញឈ្មោះរូបនោះបានរៀបរាប់បន្តទៀតថា ដំបូងឡើយនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ខាងសាលាបានផ្តល់ដំណឹងថា ការចែកសញ្ញាបត្ររបស់ឧបនាយករដ្ឋមន្រ្តី ស ខេង នៅថ្ងៃទី២៨ ខែកញ្ញា នឹងត្រូវពន្យារពេល ដោយសារអាកាសធាតុមិនអំណោយផល មិនអាចធើ្វដំណើរតាមយន្តហោះបាន។ ប៉ុន្តែលុះដល់យប់ថ្ងៃទី២៦ ថ្ងៃដដែល ខាងសាលាក៏បានទទួលដំណឹងឡើងវិញថា សម្តេច ស ខេង នឹងអញ្ជើញជាអធិបតីចែកសញ្ញាបត្រឡើងវិញ (ចែកសញ្ញាបត្រថ្ងៃទី២៨ ខែកញ្ញា)។

នៅក្នុងអំឡុងពេញមួយថ្ងៃទី២៦នោះ ដោយសារការទទួលព័ត៌មានពីការពន្យារពេលពីសម្តេច ស ខេង បានធ្វើឲ្យអតីតនិស្សិត South East Asia និងជាអ្នកទទួលជ័យលាភី ទទួលសញ្ញាបត្រ (តៅ សារឿន) រូបនោះខឹងសម្បា និងមានកំហឹងយ៉ាងខ្លាំង ហើយបាន Comment គំរាមបោកគ្រាប់បែកសម្លាប់សម្តេច ស ខេង តែម្តង ដោយបានសរសេរថា «ចាំសម្តេចមកដល់ នាំគ្នាដាក់គ្រាប់បែកឲ្យងាប់ទាំងអស់គ្នាតែម្តង»។ ប៉ុន្តែទោះបីជាយ៉ាងណា ការចែកសញ្ញាបត្រនៅសាកលវិទ្យាល័យ South East Asia បានប្រព្រឹត្តទៅធម្មតា គ្មានបញ្ហាអ្វីនោះទេ។

សូមជម្រាបថា លោកវរសេនីយ៍ទោ ផឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការការដ្ឋានខេត្តសៀមរាបនេះ បានឲ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅម៉ោង១២ ថ្ងៃទី២៨ ខែកញ្ញា បន្ទាប់ពីទទួលព័ត៌មានពីសាលា អំពីការគំរាម Comment នឹងសម្លាប់នេះ៕

(UPDATE) អតីតនិស្សិតនៅសាកលវិទ្យាល័យ South East Asia ដែលគំរាមសម្លាប់ឧបនាយករដ្ឋមន្រ្តី ស ខេង ត្រូវតុលាការឃុំខ្លួន
(UPDATE) អតីតនិស្សិតនៅសាកលវិទ្យាល័យ South East Asia ដែលគំរាមសម្លាប់ឧបនាយករដ្ឋមន្រ្តី ស ខេង ត្រូវតុលាការឃុំខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត