ក្រុមហ៊ុន​រថយន្ត Porsche ​មិន​ទទួល​ខុស​ត្រូវ​លើ​​ការ​ស្លាប់​របស់ Paul Walker ឡើយ


ក្រុមហ៊ុន​រថយន្ត Porsche ​មិន​ទទួល​ខុស​ត្រូវ​លើ​​ការ​ស្លាប់​របស់ Paul Walker ឡើយ

មួយ​ថ្ងៃ​បន្ទាប់ពី​កូន​ស្រី​របស់​អតីត​តារា​សម្ដែង​អាមេរិក Paul Walker បាន​ដាក់​ពាក្យ​​​ប្ដឹង​ទារ​សំណង​សម្រាប់​​ការ​ស្លាប់​របស់​​ឪពុក​ខ្លួន​កាល​ពី​ឆ្នាំ ២០១៣ ​​ក្រុមហ៊ុន​រថយន្ត Porsche ដែល​ត្រូវ​គេ​ប្ដឹង​នេះ​បាន​ចេញ​មុខ​មក​​តទល់​​នឹង​​ការ​ចោទ​ប្រកាន់​នេះ​ហើយ។

 

ក្រុមហ៊ុន​រថយន្ត Porsche ​មិន​ទទួល​ខុស​ត្រូវ​លើ​​ការ​ស្លាប់​របស់ Paul Walker ឡើយ

 

Porsche បាន​ការពារ​ជំហរ​របស់​ខ្លួន​​ដោយ​បាន​លើក​សេចក្ដី​ថ្លែង​ការ​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​​ដ៏​​គួរ​ឲ្យ​សោក​ស្ដាយ​ក៏​ដូច​នាំ​មក​នូវ​ការ​បាត់​បង់​ជីវិត តួ​រឿង “Fast & Furious” គឺ​​កើត​ឡើង​ដោយ​សារ ការ​បើក​បរ​មិន​ប្រុង​ប្រយ័ត្ន និង​ការ​បើកបរ​​​ហួស​​ល្បឿន​កំណត់។

 

“ដូច​យើង​បាន​លើកឡើង​កាល​ពី​មុន ក្រុមហ៊ុន​យើង​ខ្ញុំ​តែង​តែ​មាន​​អារម្មណ៍​សោក​ស្ដាយ​ក្រៃលែង​នៅ​ពេល​​អតិថិជន​មួយ​ណា​ដែល​មាន​គ្រោះ​ថ្នាក់​នៅ​ក្នុង​យាន​​​យន្ត​របស់ Porsche។ ប៉ុន្តែ​ពួក​យើង​​ជឿជាក់​ថា តាម​សេចក្ដី​ថ្លែង​ការ​របស់​អាជ្ញាធរ នៅ​ក្នុង​ករណី​នេះ​​វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្រោះ​ថ្នាក់​ដ៏​​សោក​សៅ​នេះ​គឺ​បណ្ដាល​មក​ពី​ការ​បើក​បរ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ប្រើ​ល្បឿន​ហួស​កំណត់​ទាំង​ស្រុង” ក្រុមហ៊ុន​រថយន្ត​នេះ​បាន​ប្រាប់​គេហទំព័រ TheWrap នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ អង្គារ​។

 

ក្រុមហ៊ុន​រថយន្ត Porsche ​មិន​ទទួល​ខុស​ត្រូវ​លើ​​ការ​ស្លាប់​របស់ Paul Walker ឡើយ

 

ការ​បដិសេធ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​នេះ​ត្រូវ​បាន​លើក​ឡើង បន្ទាប់​ពី Meadow Walker កូន​ស្រី​អាយុ ១៦ ឆ្នាំ​របស់ Paul Walker បាន​ដាក់​បណ្ដឹង ក្រុមហ៊ុន​រថយន្ត Porsche ទៅ​កាន់​តុលាការ​​ទីក្រុង Los Angeles ដោយ​បាន​​អះអាង​ថា ការ​ខ្វះ​ខាត​នូវ​សមត្ថភាព​ដែល​អាច​គ្រប់គ្រង​រថយន្ត​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់​​​របស់ Porsche ជា​​មូលហេតុ​ចម្បង​បណ្ដាល​ឲ្យ​ឪពុក​ខ្លួន​ស្លាប់​បាត់​បង់​​ជីវិត។

 

នាយកដ្ឋាន​ទីក្រុង Los Angeles បាន​សន្និដ្ឋាន​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់​អស់​ពីរ​នាក់​នេះ គឺ​ជា​លទ្ធផល​នៃ​ការ បើក​បរ​ហួស​កំណត់​គ្មាន​សុវត្ថិភាព។ ជាមួយ​​គ្នា​នេះ​ដែរ ​អ្នក​ជំនាញ​បាន​​បន្ថែម​ទៀត​ថា​អ្នក​បើក​រថយន្ត​បាន​បើក​ក្នុង​ល្បឿន​ពី ១២៨ ទៅ ១៤៩ ម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​ពេល​ដែល​បុក​ទៅ​នឹង​បង្គោល​អគ្គិសនី​និង​ដើម​ឈើ​ជា​ច្រើន។

 

អំឡុង​ពេល​ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង Paul Walker ក៏​​ជា​អ្នក​ដំណើរ​​ម្នាក់​ផង​​ដែរ​នៅ​ក្នុង​រថយន្ត​នោះ។ ក្រៅ​ពី Meadow ប្រពន្ធ​របស់​អ្នក​បើក​រថយន្ត​នៅ​ពេល​នោះ​ដែល​ជា Roger Rodas ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង Porsche ដែរ​ដោយ​បាន​លើក​យក​ហេតុផល​ដូច​គ្នា​នឹង​​កូន​ស្រី​របស់ Paul Walker៕

 

ចុចអាន៖កូន​ស្រី​របស់ Paul Walker ប្ដឹង​ក្រុមហ៊ុន​រថយន្ត​ដែល​បាន​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​បាត់​បង់​ជីវិត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ yahoo