អ៊ុយក្រែន​បំបាក់​មុខរុស្ស៊ី​ក្នុងកិច្ច​ប្រជុំយូអិន​ជុំវិញ​បញ្ហា​ប្រឆាំង​អំពើភេរវកម្ម​

ថ្លែង​ក្នុងកិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ​កាល​ពីថ្ងៃ​អង្គារ​កន្លងទៅ​ មេដឹកនាំ​របស់​ប្រទេស​អ៊ុយក្រែនគឺ ​លោក​ប្រធានាធិបតី ​Petro Poroshenko បាន​សើច​ចំអកទាំង​ឌឺដង​ទៅដល់​ការអំពាវ​នាវរបស់ ​មេដឹក​នាំរុស្ស៊ី​ ជុំវិញការ​បង្កើត​ឱ្យមាន​ឡើងនូវ​ សម្ព័ន្ធ​មិត្ត​ប្រឆាំង​ក្រុម​ភេរវកម្ម​អន្តរ​ជាតិមួយ​។ តាម​មេដឹក​នាំទីក្រុង​គៀវ​ហាក់​មានសំណើច​យ៉ាង​ខ្លាំង​ទៅនឹងការ​អំពាវ​នាវ​ខាងលើ​របស់​រុស្ស៊ី ​ដោយលោក ​Poroshenko បញ្ជាក់​ថាចុះ​ហេតុអ្វី​បាន​ជារុស្ស៊ី​គាំទ្រដល់​ក្រុម​ឧទ្ទាម​ភេរវករ​នៅភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោក​ធ្វើអ្វី?​
អ៊ុយក្រែន​បំបាក់​មុខរុស្ស៊ី​ក្នុងកិច្ច​ប្រជុំយូអិន​ជុំវិញ​បញ្ហា​ប្រឆាំង​អំពើភេរវកម្ម​
ការ​សើច​ចំអក​របស់​មេដឹក​នាំអ៊ុយ​ក្រែន​នេះ​បានធ្វើ​ឡើង​ បន្ទាប់​ពីប្រធានាធិប​តីរុស្ស៊ី​លោក​ វ៉្លាឌីមៀរ​ ពូទីន​ កាលពី​ថ្ងៃច័ន្ទ​ កន្លង​ទៅនេះ​ បានអំពាវ​នាវឱ្យ​មានការ​បង្កើត​សម្ព័ន្ធ​អន្តរជាតិ​ឱ្យទូ​លំទំលាយ​មួយ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ក្រុម​អង្គ​ការដ្ឋឥស្លាម​ និងក្រុម​សកម្មជន​ជ្រុល​និយម​ដទៃ​ទៀតនៅ​លើពិភព​លោក។​ សម្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែន​វិញបាន​បញ្ជាក់​ទាំងអស់​សំណើច ​និងចាត់​ទុកការ​អំពាវ​នាវ​របស់​លោក ​ពូទីន​ថាគឺ​ជាមនុស្ស​ពូកែ​លាក់​ពុតខ្លាំង​ណាស់ ​តើថា​ប្រទេស​ទាំង១៩៣​ប្រទេស​នៅទូទាំង​ពិភពលោក ​ជឿលោក​ពូទីន ​បានតាម​របៀបណា ​បើប្រទេស​រុស្ស៊ី​ គឺជាអ្នក​ជំរុញ ​និងគាំទ្រ​ឱ្យមាន​ក្រុមភេរវករ​នៅជិត​ទ្វារ​ផ្ទះរបស់​ខ្លួននោះ​។ មេដឹក​នាំអ៊ុយ​ក្រែន​បន្ថែមថា ​ វាគឺជាការ​ពិត ​ប្រទេស​រុស្ស៊ី​បានបញ្ជួន​កងទ័ព​បន្ថែម​ទៅកាន់​ស៊ីរី ​ដើម្បី​ប្រយុទ្ធ​ការពារ​រដ្ឋាភិបាល​ស៊ីរីរបស់​លោក​ប្រធានាធិបតី​ Bashar al-Assad នៅក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ស៊ីវិល​រយៈបួនឆ្នាំ ​ជាមួយ​នឹងក្រុម​ឧទ្ទាម​ដែល​ព្យាយាម​ទម្លាក់​លោក​អាសាធ​។ ហើយ​លោក​Poroshenkoបន្តថា​ សព្វថ្ងៃ​នេះ​ប្រទេស​រុស្ស៊ី​កំពុង​​ជាន់ឈ្លី​ទឹកដីស៊ីរី​ និងបន្ទាប់​មកទៀត​តើប្រទេស ​ណាដែល​នឹងត្រូវ​ជាន់ឈ្លី​ដោយ​រុស្ស៊ីនោះ។​
លោក​ប្រធានាធិបតី​អ៊ុយ​ក្រែន​បានរំលឹក​ថា ​ប្រទេស​រុស្ស៊ីគឺ​ជាអ្នក​ផ្ដល់លុយ​ និងការ​ហ្វឹកហ្វឺន​ទៅឱ្យ​ក្រុម​ឧទ្ទាមគាំ​ទ្ររស្ស៊ី​នៅក្នុង​ទឹកដី​អ៊ុយ​ក្រែន​ ខណៈ​អាវុធ​ទំនើបៗ​ និងកង​ទ័ពរុស្ស៊ី​ បាន​លួច​ចូល​បន្លំខ្លួន​ធ្វើជាក្រុម​ឧទ្ទាម​ ក្នុងការ​ប្រយុទ្ធ​កម្ទេច​កងកម្លាំង​រដ្ឋាភិបាល​ទីក្រុង​គៀវ​របស់លោក​ ដើម្បី​ប្លន់ទឹកដី​អ៊ុយក្រែន​។ ខណៈ​សម្ដីវាយ​ប្រហារ​យ៉ាងធ្ងន់ៗ​មក​លើ​ប្រទេស​រុស្ស៊ីពី​ប្រធានា​ធិបតីអ៊ុយ​ក្រែន​បែប​នេះ​ បានធ្វើ​ឱ្យគណៈ​ប្រតិភូ​រុស្ស៊ី​ទាំងអស់​ នាំគ្នាងើប​ដើរ​ចេញ​ពីសាល​ប្រជុំ​របស់​អង្គការ​សហប្រជា​ជាតិ​កាលពី​ថ្ងៃម្សិល​មិញ ​និងក្រោយ​ពីលោក​Poroshenko និយាយ​ចប់ទើប​ត្រឡប់​មកវិញ។​
គួរ​បញ្ជាក់​នៅថ្ងៃ​សុក្រខាង​មុខនេះ ​ប្រធានាធិបតី​អ៊ុយក្រែន​ និងរុស្ស៊ី ​បូករួម​ទាំងបារាំង ​អាឡឺម៉ង់​ជាដើម ​នឹងជួប​ប្រជុំគ្នា​នៅទីក្រុង​បារីស​ប្រទេស​បារាំង​ ដើម្បី​ពិភាក្សា​ជុំវិញ​ភាពផុយ​ស្រួយនៃ​កិច្ចព្រម​ព្រៀង​បទឈប់​បាញ់គ្នា​ក្នុងទី​ក្រុងមិនស្ក៍៕​

អត្ថបទ វ៉ាន វណ្ណរ៉ា
ប្រភព euronews