សម្បុក​ឃ្មុំយក្ស​១៤​ផ្លិត​ដ៏​ធំជាង​គេក្នុង​លោក​បានរក​ឃើញ​នូវចិន​

កាលពី​ថ្ងៃចន្ទ័ ​ទី២៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​កន្លងទៅ​ សម្បុក​ឃ្មុំ​ដ៏ធំចម្លែក​មិនធ្លាប់​ឃើញ​មួយ​នៅក្នុង​លោក​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​លោកកសិករ​ Wu ​នៅលើ​ដើម​ឈើ​ធំដ៏ខ្ពស់​មួយ​ ក្នុងខេត្ត​Hunan ​ប្រទេស​ចិន ​នេះបើ​យោងតាម​ការ​ចុះផ្សាយ​អត្ថបទពត៌មាន​មួយរបស់​គេហ​ទំព័រពត៌មាន​ជាតិចិន ​CCTV ​News ។​
សម្បុក​ឃ្មុំយក្ស​១៤​ផ្លិត​ដ៏​ធំជាង​គេក្នុង​លោក​បានរក​ឃើញ​នូវចិន​
 ​          កសិករ​Wu ​បាននិយាយ​ថា​ តាមពិត​ទៅថ្ងៃ​នោះ ​គាត់​ និង​សម្លាញ់​របស់គាត់ពីរ​នាក់​ទៀត​កំពុងដើរ​ក្នុងព្រៃ​ក្នុងបំណង​ស្វែង​រកផ្សិត​កម្រៗ​ដើម្បី​យក​ទៅធ្វើ​ឱសថ ​និងម្ហូបទេ ​ប៉ុន្តែ​ដោយ​ចៃដន្យ ​លោក ​និង​សម្លាញ់​ក៏បាន​ប្រទះ​ឃើញ​សម្បុកឃ្មុំ​ដ៏​ធំ​ដែល​មាន​ទម្ងន់​ដល់​ទៅជាង​៤០​គីឡូ​ក្រាមមួយ​នេះ​នៅ​លើ​មែក​ដើម​ឈើ​ដ៏ខ្ពស់​ ហើយ​លោក​ក៏ព្យាយាម​ឡើង​ទៅយក​វាជាមួយ​នឹងដង្គត់​ឧសលាយ​ឡំ​ជាមួយ​ផ្សែង​ភ្លើង​ហ៊ុយៗ​តិចៗ ។​​
           នៅ​ពេល​លោក​យក​វាបាន​ហើយ​ ភាព​ឆោឡោ​នៅក្នុងភូមិ​ក៏​បានកើត​ឡើង​ជាមួយ​នឹងសម្បុក​ឃ្មុំ​ដ៏ធំ​ចម្លែក​ខុស​គេមិន​ដែល​ឃើញ ​ព្រោះ​ដោយសារ​តែរូបរាង​ដ៏មូល​ និងមាន​ផ្លិត​ជាថ្នាក់​ៗ​រហូត​ដល់​ទៅ១៤​ផ្លិត​របស់វា ​។ មាន​មនុស្ស​មួយ​ចំនួន​បានលាន់​មាត់​ថា ​នេះគឺ​ជាមហានគរ​ឃ្មុំហើយ ។ ​ទោះបី​ជាលោក​យក​បាន​សម្បុក​ឃ្មុំ​ដ៏ចម្លែក​នេះ​ដោយ​ជោគ​ជ័យ​យ៉ាងណាក្ដី​ ក៏​សម្បុកឃ្មុំ​១៤​ផ្លិតនេះ​មិន​នៅ​ស្ថិតស្ថេរ​ក្នុង​ក្រុមគ្រួសារ​របស់​លោកឡើយ​ គឺសម្បុក​ឃ្មុំ​ដ៏កម្រ​មាននេះ ​ត្រូវបាន​ចែចូវ​សុំទិញ​ក្នុង​តម្លៃ​ខ្ពស់​ពីសេដ្ឋី​ចិនម្នាក់ ៕​
ដោយ៖ ឈូក ស
រូបភាព និងពត៌មានពី៖ CCTV