កម្ពុជា​នឹង​កម្តៅ​សាច់​ដុំ​២​ប្រកួត​មុន​ចេញ​ដំណើរ​ទៅ​សិង្ហបុរី​


កម្ពុជា​នឹង​កម្តៅ​សាច់​ដុំ​២​ប្រកួត​មុន​ចេញ​ដំណើរ​ទៅ​សិង្ហបុរី​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ដែល​ទើប​ចេញ​បញ្ជី​ឈ្មោះ​កាល​ពី​ថ្ងៃ​ទី​៣០​ម្សិល​មិញ​គ្រោង​នឹង​ប្រកួត​កម្ដៅ​សាច់​ដុំ​ពីរ​ប្រកួត​ជា​មួយ​ក្រុម​ក្នុង​ស្រុក​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ដើម្បី​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​ត​ទល់​នឹង​ម្ចាស់​ផ្ទះ​សម្រាប់​ជើង​ទី​២​ ពូល​E ប្រចាំ​តំបន់​អាស៊ី​ ជុំ​ទី​ពីរ។

 កម្ពុជា​នឹង​កម្តៅ​សាច់​ដុំ​២​ប្រកួត​មុន​ចេញ​ដំណើរ​ទៅ​សិង្ហបុរី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

លោក ឆាំង ពិសិដ្ឋ អ្នក​ចាក់​ការ​ទូទៅ​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រុម​កម្ពុជា​នឹង​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​ទី​២ ខែ​តុលា​ ស្អែក​នេះ​ដើម្បី​ទៅ​ហ្វឹកហាត់​រួម​គ្នា​នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី​ក្នុង​ខេត្ត​តាកែវ។ ​សម្រាប់​ការ​ត្រៀម​ខ្លួន​នេះ​ ក្រុម​ជម្រើស​ជាតិ​នឹង​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ចំនួន​ពីរ​ប្រកួត​គឺ​នៅ​ថ្ងៃ​ទី​​៥​ ខែ​តុលា ​ប្រកួត​ជា​មួយ​ក្រុម​អាហ្វ្រិក​ដែល​ប្រកប​អាជីព​នៅ​កម្ពុជា​នៅ​ទី​លាន​បាទី។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៨​ ខែ​តុលា​ ក្រុម​ជម្រើស​ជាតិ​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្រុម​ភ្នំពេញ​ក្រោន​នៅ​កីឡដ្ឋាន​ RSN។

 

សម្រាប់​ការ​ប្រកួត​កម្តៅ​សាច់​ដុំ​ទាំង​ពីរ​ប្រកួត​គឺ​មិន​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​ទេ​ដោយ​សារ​ម្ចាស់​ផ្ទះ​សិង្ហបុរី​ដែល​ទទួល​កម្ពុជា​នៅ​ជើង​ទី​២​ថ្ងៃ​ទី​១៣ ខែ​តុលា​ខាង​មុន​នេះ​គឺ​រៀប​ចំ​ការ​ប្រកួត​នៅ​ទី​លាន​វាល​ស្មៅ​ធម្មជាតិ​នៃ​ពហុកីឡដ្ឋាន​ជាតិ​របស់​សិង្ហបុរី។

 

ក្រុម​កម្ពុជា​ដែល​ចេញ​ឈ្មោះ​កាល​ពី​ម្សិល​មិញ​មាន​កីឡាករ​២៥​នាក់​ និង​មន្ត្រី​៩​នាក់​នឹង​​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​​១០​ ខែ​តុលា​ដើម្បី​ប្រកួត​ជម្រុះ​​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​ជើង​ទី​ពីរ​ជា​មួយ​សិង្ហបុរី​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា​ និង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១៤​ខែ​តុលា។ កាល​ជើង​ទី​១ កម្ពុជា​ចាញ់​សិង្ហបុរី ៤-០ ក្នុង​ដី​ខ្លួន​ឯង៕

 

​បញ្ជី​ឈ្មោះ​កីឡាករ​ត្រៀម​ជម្រុះ World Cup ពេល​ប៉ះ​សិង្ហបុរី ចេញ​ហើយ​

 

កម្ពុជា​នឹង​កម្តៅ​សាច់​ដុំ​២​ប្រកួត​មុន​ចេញ​ដំណើរ​ទៅ​សិង្ហបុរី​

 

អត្ថបទ៖ ជាន ចាន់រ៉ា​