​ថ្ងៃ​១២​តុលា ក្រសួង​អប់រំ នឹង​ប្រកាស​លទ្ធផល នៃ​ការតវ៉ា​របស់​បេក្ខជន ប្រឡង​ធ្លាក់​

ភ្នំពេញ: ក្នុងចំណោម​បេក្ខជន ជាង ៣៦.៧៦៥ នាក់ ដែល​បាន​ប្រឡង​ធ្លាក់ គឺ​មានតែ​បេក្ខជន ជាង​១០០​នាក់​ប៉ុណ្ណោះ ដែល​បានមក​ដាក់ពាក្យ​ប្តឹង​នៅ​ក្រសួង​អប់រំ ដោយ​ស្នើសុំ​ឲ្យ​ក្រសួង ពិនិត្យ​អត្រាកំណែ​ឡើងវិញ​។ ពាក់ព័ន្ធ​ករណីនេះ លោក ហង់ ជួន ណា​រ៉ុ​ន បានប្រកាសថា នៅ​ថ្ងៃទី​១២ ខែតុលា ខាងមុខនេះ ក្រសួងនឹង​ប្រកាស​លទ្ធផល ជា​ផ្លូវការ​។  

​ពាក់ព័ន្ធ​នឹង​ដំណើរការ នៃ​ការតវ៉ា​របស់​សិស្ស ដែល​ប្រឡង​ធ្លាក់​បាក់​ឌុប ឆ្នាំ​២០១៥ នេះ ត្រូវបាន​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ក្រុមអ្នកកាសែត កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ស​ណ្ឋា​រ​សាន់វេ ថា នៅពេលនេះ ក្រសួង​កំពុងធ្វើការ ដើម្បី​ជ្រើសរើស យក​ត្រួតពិនិត្យ ពីព្រោះថា ក្រសួង​មិនអាច​យក​ទាំងអស់​បាន​ទេ ដែលមាន​ជាង​១០០​នាក់​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថាៈ "​ក្រសួង​បានជ្រើសរើស យកតែ​សំណូមពរ​ណា ដែលមាន​សភាព​ជាក់ស្តែង មាន​ហេតុផល បើ​គាត់​ថា ខ្ញុំ ហើយ​សួរថា ហេតុអ្វី​បានជា​ខ្ញុំ​ប្រឡង​ធ្លាក់ អា​នឹង​ក៏​ពិបាក​ដែរ​ណា ប៉ុន្តែ​បើសិនជា​ថា គាត់​ពូកែ តែ​បែរជា​ធ្លាក់ ហើយ​គាត់​មានការ​បញ្ជាក់ថា គាត់​មាន​ស្អីៗ​អីចឹង ក្រុមការងារ​របស់​យើង នឹង​ពិនិត្យមើល​។ នៅពេលនេះ ក្រុមការងារ​របស់​យើង កំពុងតែ​ពិនិត្យមើល រហូតដល់​ថ្ងៃទី​១២ ខែតុលា នឹង​ចប់ ពេលនោះ​ក្រសួង នឹង​ប្រកាស​លទ្ធផល​"​។​

​សូមបញ្ជាក់ថា ក្រសួង​អប់រំ យុវជន និង​កីឡា បានទទួល​ពាក្យ​ប្តឹង ពី​បេក្ខជន​ប្រឡង​ធ្លាក់​បាក់​ឌុប និង​អាណាព្យាបាល ជាង ១០០ នាក់ ហើយ ក្នុងចំណោម​បេក្ខជន ៣៦.៧៦៥ នាក់ ដែល​បាន​ប្រឡង​ធ្លាក់​។ ពាក្យ​ប្តឹង​ទាំង ជាង ១០០ នាក់​នោះ បានស្នើ​សុំ​ឲ្យ​ក្រសួង​អប់រំ ពិនិត្យ​អត្រាកំណែ​ឡើងវិញ​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​គណៈកម្មការ​ពិនិត្យ និង​អង្កេត​អត្រាកំណែ​នោះ ក៏ប៉ុន្តែ​អត្រាកំណែ​ទាំងឡាយ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ពុំ​អាច​ប្រគល់​ឲ្យ​ទៅ​បេក្ខជន ដើម្បី​ពិនិត្យ និង​ផ្ទៀងផ្ទាត់ បានឡើយ​។​
 
​ក្រសួង​អប់រំ បាន​លើកឡើងថា បេក្ខជន មាតាបិតា អ្នកអាណាព្យាបាល ឬ​អ្នកពាក់ព័ន្ធ ដែល​មិន​ពេញចិត្ត​នឹង លទ្ធផល​នៃ​ការប្រឡង មាន​សិទ្ធិ​ប្ដឹងតវ៉ា ក្នុង​រយៈពេល ៣០ (​សាមសិប​) ថ្ងៃ ចាប់​ពីថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​។ អ្នកប្ដឹង​តវ៉ា ត្រូវ​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ត្រឹមត្រូវ មាន​ភស្តុតាង មានឈ្មោះ មុខរបរ អាសយដ្ឋាន​ច្បាស់ លាស់ និង​មានការ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​ជា​ធរមាន ចាប់​ពីថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៥៕V/S

​ថ្ងៃ​១២​តុលា ក្រសួង​អប់រំ នឹង​ប្រកាស​លទ្ធផល នៃ​ការតវ៉ា​របស់​បេក្ខជន ប្រឡង​ធ្លាក់​