សមាជិក​ការទូត​សហភាព​អឺរ៉ុប មក​ទស្សនកិច្ច នៅ​ខេត្តកោះកុង​

ភ្នំពេញ: អនុប្រធាន​បេសកកម្ម​ការទូត និង​ទីប្រឹក្សា​កិច្ចការ​នយោបាយ​នៃ​សហភាព​អឺរ៉ុប ប្រទេស​បែលហ្ស៊ិក សាធារណរដ្ឋ​ឆែក ប្រទេស​អាល្លឺម៉ង់ ប្រទេស​ហ្វាំ​ង​ឡង់ ប្រទេស​បារាំង ប្រទេស ប្រទេស​ហូ​ឡង់ និង ប្រទេស​ស៊ុយអែត នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្តកោះកុង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​សហ​ភាព​អឺរ៉ុប​។​

​សេចក្តីប្រកាស​របស់សហភាពអឺរ៉ុប បង្ហាញថា ក្រុម​ប្រតិភូ បាន​ជួបប្រជុំ​ជាមួយ​អភិបាលខេត្ត អាជ្ញាធរខេត្ត អាជ្ញាធរ​មូលដ្ឋាន អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍ មូលដ្ឋាន ព្រមទាំង​បាន​ទៅ​ទស្សនកិច្ច នៅ​ពន្ធនាគារ ខេត្តកោះកុង ដែលជា​កន្លែង​សហភាព​អឺរ៉ុប បានផ្តល់​មូលនិធិ​ដល់​បណ្ណាល័យ សម្រាប់​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នោះ​។

​សហភាព​អឺរ៉ុប ក៏បាន​លើកឡើងថា បេសកកម្ម​នេះ បានលើកឡើង​ពី​បញ្ហាសំខាន់​នានា ដូចជា បញ្ហា​សិទ្ធិមនុស្ស ការធ្វើ​ចំណាកស្រុក បញ្ហា​យេនឌ័រ ជនជាតិដើម​ភាគតិច និង​សហគមន៍ ដែល​រង​ផលប៉ះពាល់​ពី​បញ្ហាដីធ្លី វា​រី​អគ្គិសនី និង​ការ​ចិញ្ចឹមជីវិត​នៅ​តំបន់​ជនបទ​។

​គណៈប្រតិភូ​នេះ មាន​សមាសភាព​ចូលរួម​ពី​សមាជិក​ការទូត ដែលមាន​មូលដ្ឋាន​នៅក្នុង​រាជធានី​ភ្នំពេញ និង​ទីក្រុង​បាងកក​៕​