តុលាការ​សម្រេច​ឃុំខ្លួន អតីត​និស្សិត ដែល​គំរាម​ដាក់​គ្រាប់បែក សម្លាប់​សម្តេច​ក្រឡាហោម​

​សៀមរាប: អតីត​និស្សិត សាកលវិទ្យាល័យ South East Asia ដែល​គំរាម​ដាក់​គ្រាប់បែក សម្លាប់​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ដាក់ ពន្ធនាគារ​ហើយ កាលពី​រសៀល ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​។​

​លោក កើត សុ​វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​៖ «​យើង​បាន​ឃុំខ្លួន​ហើយ នៅ​ថ្ងៃមិញ​នេះ តែ​ខ្ញុំ​មិនទាន់​ដឹង​ពីបទ ចោទប្រកាន់​អ្វី​នោះឡើយ ពីព្រោះ​ព្រះរាជអាជ្ញារង របស់ខ្ញុំ​ម្នាក់ ជា​អ្នក​កាន់​សំណុំ​រឿងនេះ​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ស៊​ត ឌី​ណា ស្នងការ​នគរបាល ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ករណី​និស្សិត គំរាម​សម្លាប់​ឧបនាយករដ្ឋមន្ត្រី ស ខេង នៅលើ Facebook នោះ គឺ​អតីត​និស្សិត នៅ​សាកលវិទ្យាល័យ South East Asia រូបនោះ ពិតជា​បាន​សារភាពថា ខ្លួន​ពិតជា​បាន Comment គំរាម​ដូច្នេះ​មែន ប៉ុន្តែ​ក្នុង​លក្ខណៈ​លេងសើច​តែប៉ុណ្ណោះ​។

​លោក​បាន​បន្តថា ជនល្មើស ឈ្មោះ តៅ សារឿន អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។​

​បើតាម​សំដី​របស់​និស្សិត នៅ​ខេត្តសៀមរាប​មួយរូប សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​យ៉ាង​ដូច្នេះ​ថា ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ ឈានដល់​គំរាម​សម្លាប់​នាយករដ្ឋមន្ត្រី​ស្តីទី សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺអាច​កើតឡើង បន្ទាប់ពី​បានទទួល​ដំណឹង​ថា ការចែក​សញ្ញាបត្រ ក្រោម​អធិបតីភាព​របស់ ឧបនាយករដ្ឋមន្ត្រី ស ខេង ត្រូវបាន​ពន្យារពេល ដោយសារ​អាកាសធាតុ មិន​អំណោយផល​។​

​និស្សិត​ដដែល បាន​បន្តទៀតថា ដំបូង​ឡើយ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ខាង​សាលា បានផ្តល់​ដំណឹង​ថា ការចែក​សញ្ញាបត្រ​រប​ស់​ឧបនាយករដ្ឋមន្ត្រី ស ខេង នៅ​ថ្ងៃទី​២៨ ខែកញ្ញា នឹងត្រូវ​ពន្យារពេល ដោយសារ​អាកាសធាតុ មិន​អំណោយផល មិនអាច​ធើ្វ​ដំណើរ​តាម​យន្តហោះ​បាន​។ ប៉ុន្តែ​លុះដល់​យប់​ថ្ងៃទី​២៦ ថ្ងៃ​ដដែល ខាង​សាលា ក៏បាន​ទទួលដំណឹង​ឡើងវិញ​ថា សម្តេច ស ខេង នឹង​អញ្ជើញ​ជា​អធិបតី​ចែក​សញ្ញាបត្រ​ឡើងវិញ (​ចែក​សញ្ញាបត្រ ថ្ងៃទី​២៨ ខែកញ្ញា​)​។​

​នៅក្នុង​អំឡុង ពេញ​មួយ​ថ្ងៃទី​២៦​នោះ ដោយសារ​ការទទួល​ព័ត៌មាន ពី​ការពន្យារពេល​ពីស​ម្តេច ស ខេង បានធ្វើ​ឲ្យ​អតីត​និស្សិត South East Asia និង​ជា​អ្នកទទួល​ជ័យលាភី ទទួល​សញ្ញាបត្រ (​តៅ សារឿន​) រូបនោះ​ខឹងសម្បារ និង​មាន​កំហឹង​យ៉ាងខ្លាំង ហើយ​បាន Comment គំរាម​បោក​គ្រាប់បែក សម្លាប់​សម្តេច ស ខេង តែម្តង ដោយបាន​សរសេរថា «​ចាំ​សម្តេច​មកដល់ នាំគ្នា​ដាក់​គ្រាប់បែក ឲ្យ​ងាប់​ទាំងអស់គ្នា​តែម្តង​»​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ការចែក​សញ្ញាបត្រ នៅ​សាកលវិទ្យាល័យ South East Asia បាន​ប្រព្រឹត្តទៅ​ធម្មតា គ្មាន​បញ្ហា​អ្វី​នោះទេ​។​

​សូមជម្រាបថា លោក​វរសេនីយ៍ទោ ផឹង ចិន្តា​រ៉េត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​ការដ្ឋាន ខេត្តសៀមរាប​នេះ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន នៅ​ម៉ោង​១២ ថ្ងៃទី​២៨ ខែកញ្ញា បន្ទាប់ពី​ទទួល​ព័ត៌មាន ពីសា​លា អំពី​ការ​គំរាម Comment នឹង​សម្លាប់​នេះ​៕V​/S

តុលាការ​សម្រេច​ឃុំខ្លួន អតីត​និស្សិត ដែល​គំរាម​ដាក់​គ្រាប់បែក សម្លាប់​សម្តេច​ក្រឡាហោម​