អ្នក​ទិញ​​គិត​យ៉ាង​ណា​បើ​អ្នក​លក់​ឥវ៉ាន់​កាត់​ថ្លៃ​ខ្ពស់​ពេក?

អ្នក​ទិញ​​គិត​យ៉ាង​ណា​បើ​អ្នក​លក់​ឥវ៉ាន់​កាត់​ថ្លៃ​ខ្ពស់​ពេក?

ការ​​​ត​ថ្លៃ​ ទំនិញ​របស់​អ្នក​ទិញ​ទៅ​កាន់​អ្នក​លក់​គឺ​ជា​រឿង​ ធម្មតា​ បើ​សិន​អ្នក​ទិញ​យល់​ថា​តម្លៃ​​ដែល​អ្នក​លក់​កាត់​ថ្លៃ​​ មក​មិន​សម​​នឹង​​គុណភាព​នៃ​ទំនិញ​ អ្នក​ទិញ​មាន​សិទ្ធិ​ត​ថ្លៃ​ដើម្បី​បាន​តម្លៃ​មួយ​ដែល​សក្ដិសម​។ ចុះ​បើ​អ្នក​លក់​កាត់​ថ្លៃ​ខ្ពស់​ពេក​ តើ​អ្នក​ទិញ​​គិត​យ៉ាង​ណា​ទៅ​វិញ?

 

កញ្ញា​ ហេង វិច្ឆិកា​ ជា​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់​រំ បាន​​​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ថា “កាត់​ថ្លៃ​ពេក​ខ្ញុំ​មិន​ហ៊ាន​ត​ថ្លៃ”។ វិច្ឆិកា​បាន​បន្ត​ទៀត​ថា​ ឥវ៉ាន់​ដែល​គេ​​កាត់​ថ្លៃ​ជាង​គេ​គឺ​ សំលៀក​បំពាក់​ ដែល​តម្លៃ​ហួស​ពី​គុណភាព​ទៅ​ទៀត​។ កញ្ញា​ក៏​បាន​លើក​​​ឧទាហរណ៍​មួយ​ថា “ដូច​កាល​មុន​ខ្ញុំ​ចង់​ទិញ​អាវ​យឺត ថ្នេរ​ភ្នំពេញ(ដេរ​នៅ​ភ្នំពេញ)​ តម្លៃ​ទូទៅ​​តែ​១ម៉ឺន​ទេ​តែ​គាត់​កាត់​ ដប់​ដុល្លារ​ ! ដល់​ពេល​យើង​ត​ថ្លៃ​​គេ​ថា​​ ត​មិន​ចេះ​មើល​សាច់​ក្រណាត់​ ដល់​ពេល​ជជែក​ចុះ​ជជែក​ឡើង​ក៏​ព្រម​លក់​ ថ្លៃ​១​ម៉ឺន​ឱ្យ អា​ហ្នឹង​បើ​អ្នក​មិន​ចេះ​ត​ថ្លៃ​មិន​ខាត​ ៣ម៉ឺន​ទទេ​ៗ?”។

 

អ្នក​ទិញ​​គិត​យ៉ាង​ណា​បើ​អ្នក​លក់​ឥវ៉ាន់​កាត់​ថ្លៃ​ខ្ពស់​ពេក?

 

ចំណែក​លោក​ ឧត្ដម ​វិញ​បាន​ប្រាប់​ថា​ “ខ្ញុំ​អត់​ចូល​ចិត្ត​ដើរ​ផ្សារ​ព្រោះ​តែ​អញ្ចឹង​! កាត់​ថ្លៃ​ខ្ពស់​ពេក​ ខ្ញុំ​អត់​សូវ​ចេះ​ត​ថ្លៃ​ទេ ដល់​ទៅ​ផ្ទះ​ត្រូវ​មាត់​គ្រួសារ​ខ្ញុំ​ទៀត!”។ លោក​ក៏​បា​ន​បន្ត​ទៀត​ថា​ ការ​កាត់​ថ្លៃ​ខ្ពស់​ពេក​ធ្វើ​ឱ្យ​អ្នក​​ទិញ​លែង​ហ៊ាន​ត​ថ្លៃ ឬ​​ក៏​លែង​ហ៊ាន​​ទិញ​ទៀត​តែ​ម្ដង​ក៏​មាន​ ដូច្នេះ​ដើម្បី​រក្សា​អតិថិជន​​អ្នក​លក់​គួរ​កុំ​កាត់​ថ្លៃ​​ខ្ពស់​ពេក។

 

(រូបតំណាង)

 

ងាក​មក​កញ្ញា​ ហម មេសា ​ជា​​បុគ្គលិក​ក្រុម​ហ៊ុន​ផលិតផល​សំអាង​មួយ​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ការ​ដែល​កាត់​ថ្លៃ​​ទំនិញ​ខ្ពស់​ពេក​ គឺ​ធ្វើ​ឱ្យ​អ្នក​លក់​​យក​គំរូ​តាម​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ដល់​អតិថិជន​ល្បី​ថា​​ផ្សារ​​នោះ​ លក់​ឥវ៉ាន់​ថ្លៃ​ណាស់ ដែល​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​​ផ្សារ​តែ​ម្ដង​ បើ​ទោះ​ជា​មាន​​តូប​មួយ​ចំនួន​លក់​ឥវ៉ាន់​ក្នុង​តម្លៃ​សមរម្យ​ក៏​ដោយ។ “ដូច​ផ្សារ​មួយ​ ​ខ្ញុំ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ លក់​កាត់​ថ្លៃ​ឡើង​ល្បី​ហើយ​ សម្រាប់​ខ្ញុំ​បើ​ចង់​ទិញ​ឥវ៉ាន់​​នៅ​ផ្សារ​ហ្នឹង​ទាល់​តែ​ហៅ​​អ្នក​​ប៉ិន​ត​ថ្លៃ​ទៅ​ជា​មួយ មិន​អញ្ចឹង​ទេ​ខ្ញុំ​ទិញ​តូប​ណា​ដែល​​មាន​ដាក់​​តម្លៃ​លើ​ទំនិញ​ស្រាប់​តែ​ម្ដង!”។ មេសា​បាន​បន្ថែម។

 

«អត់​ល្អ​ទេ កាត់​ថ្លៃ​ខ្ពស់​ពេក​អញ្ចឹង!» នេះ​ជា​ការ​លើក​ឡើង​របស់​ ហាន ម៉ីហ័ង​​ និស្សិត​នៅ​សាកល​វិទ្យាល័យ​អាស៊ី អឺរ៉ុប។ ជួន​កាល​ការ​​កាត់​ថ្លៃ​ខ្ពស់​ពេក​ ធ្វើ​ឱ្យ​​​អ្នក​ទិញ​ចេះ​តែ​ត​ថ្លៃ រហូត​តម្លៃ​ថោក​ជាង​គុណភាព​ទំនិញ​ខ្លាំង​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ជម្លោះ​កើត​ឡើង​​ក៏​មាន ​ឯ​ជួន​កាល​​ធ្វើ​ឱ្យ​អ្នក​ទិញ​លែង​ហ៊ាន​​ចូល​តូប​​នោះ​តែ​ម្ដង​។

 

ចំណែក​អ្នក​នាង អ៊ីន​ ​ជា​អាជីវករ​​លក់​សំលៀកបំពាក់​មួយ​រូប​​នៅ​ផ្សារ​អូរ​ឫស្សី​បាន​​​​ថ្លែង​ថា ៣​មិន​ឱ្យ​កាត់​ថ្លៃ​ម៉េច​អូន បើ​អ្នក​ទិញ​ខ្លះ​ចេះ​តែ​ត​ថ្លៃ​ អត់​មើល​របស់​! ជួន​កាល​យើង​ប្រាប់​តម្លៃ​លក់​ឱ្យ​គេ​ហើយ​ គេ​នៅ​តែ​ត​ទៀត​ ដល់​ពេល​យើង​អត់​ចុះ​ឱ្យ  ​គេ​ដើរ​ចេញ​ទៅ​ទិញ​តូប​ផ្សេង”។ ក្នុង​នាម​ជា​អ្នក​លក់​អ្នកនាង​មិន​អាច​ឱ្យ​អតិថិជន​ដើរ​ចេញ​បាន​ទេ ដូច្នេះ​ជួន​កាល​អ្នកនាង​ត្រូវ​លក់​ទាំង​​ខាត​តម្លៃ​ដើម​  ជួន​កាល​អ្នក​នាង​ត្រូវ​​លក់​កាត់​ថ្លៃ​ដើម្បី​សម្រួល​ពេល​ដែល​អតិថិជន​តថ្លៃ​​ទៅ​ គាត់​មិន​ចាំ​បាច់​លក់​ខាត​ថ្លៃ​ដើម៕

 

ចុះ​ចំណែក​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា​ចំពោះ​ ការ​កាត់​ថ្លៃ​ទំនិញ​ខ្ពស់​?

 

អត្ថបទ៖ ណេង ណេង