ពលរដ្ឋ​លើកគ្នា​តវ៉ា​នៅ​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត ២​ក្រុម​សុំ​គោលនយោបាយ​ដីធ្លី និង​១​ក្រុម​ទៀត​សុំ​បើកផ្លូវ

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អ្នក​តវ៉ា​មក​ពី​២​សង្កាត់​ផ្សេង​គ្នា ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​លើកគ្នា​កាន់​បដា​តវ៉ា​សុំ​គោលនយោបាយ​ដីធ្លី​នៅ​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត នា​វេលា​ព្រឹក​ថ្ងៃ​ទី​១ តុលា ២០១៥ ដោយ​ក្រុម​អ្នក​តវ៉ា​ទី​១ មក​ពី​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត (​អ្នក​រស់នៅ​លើ​ដី​ចំណី​ផ្លូវ ) , ក្រុម​ទី​២ មាន​ផល​ប៉ះពាល់​ដី​ចំណី​ផ្លូវ​រថភ្លើង ទាមទារ​គោលនយោបាយ​ដីធ្លី និង​សំណង់​ជា​ថវិការ​ឱ្យ​បាន​សមរម្យ ។

គួរ​បញ្ជាក់​ថា ក្រុម​អ្នក​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​នៅ​ភូមិ​ក្បាលស្ពាន​១ ត្រូវ​តុលាការ​ចេញ​ដីកា​ឱ្យ​រុះរើ​កាលពី​ថ្ងៃ​ទី​២៨ កញ្ញា ២០១៥ ប៉ុន្តែ​ដោយសារ​ថា គោលនយោបាយ​ដោះស្រាយ​ថវិការ​ត្រឹមតែ​150$ ក្នុង​មួយ​គ្រួសារ មិន​អាច​ទៅ​រក​ទិញ​ដី​បាន​នៅ ពួក​គាត់​បន្ត​ការ​តវ៉ា​ជា​បន្តបន្ទាប់ ហើយ​ថ្មី​នេះ តុលាការ​បាន​ពន្យារ​ការ​អនុវត្តន៍​ទុក​ឱកាស​ឱ្យ​ដល់​រដូវ​ដាច់​ទឹកភ្លៀង​វិញ ។ ប៉ុន្តែ​ពួក​គាត់​ថា បើ
គោលនយោបាយ​មិន​ដោះស្រាយ​ដីធ្លី​ឱ្យ​ពួក​គាត់​ៗ និង​មិន​បញ្ឈប់​ការ​តវ៉ា​ឡើយ ។

ដោយឡែក អ្នក​តវ៉ា​មក​ពី​សង្កាត់​ផ្សារ​កណ្តាល​លើក​ឡើង​ថា ពួក​គាត់​មាន​គ្នា​៥០​គ្រួសារ មិន​ទាន់​បាន​ទទួល​គោលនយោបាយ​ដីធ្លី​និង​ថវិកា​ពី​ផល​ប៉ះពាល់​ដី​ចំណី​ផ្លូវ​រថភ្លើង​នោះ​ទេ ហើយ​បាន​បន្ត​ការ​តវ៉ា​ចំនួន​៦​ដង​មក​ហើយ គ្មាន​ដំណោះស្រាយ​អ្វី​សោះ​។ ២​ក្រុម​មិន​ទាន់​បញ្ចប់​តវ៉ា​ផង ក៏​មាន​ក្រុម​ទី​៣ លេចមុខ​មក​មួយ​ក្រុម​ទៀត ជា​ពលរដ្ឋ​រស់នៅ​ចំណុច​ឡធ្យូង ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត បាន​លើកគ្នា​មក​សួរនាំ​អាជ្ញាធរ​ក្រុង​ថា តើ​ពេល​ណា​ទើប​អភិវឌ្ឍន៍​ផ្លូវ ដែល​ពួក​គាត់​ទាមទារ​ពី​គ្រួសារ​មួយ​ធ្វើ​របង​បិទផ្លូវ​នា​ពេល​កន្លង​មក ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព