សាលា​ខណ្ឌ​ទួល​គោក​បើក​​ការ​ដ្ឋាន​ជួស​ជុល​ផ្លូវ​ និង​ដាក់​ប្រព័ន្ធ​លូ​ជា​គម្រោង​អភិវឌ្ឍ​ខណ្ឌ​ឆ្នាំ​២០១៥

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ព្រឹក​នេះ សាលា​ខណ្ឌ​ទួល​គោកបាន​ធ្វើ​ពិធី​បើក​ការ​ដ្ឋានជួ​ស​ជុល​ផ្លូវ និង​ដាក់​ប្រព័ន្ធ​លូ​រួម​គ្នា​ក្នុង​សង្កាត់​ទាំង​១០ ដែល​ជា​គម្រោង​អភិវឌ្ឍ​ជួស​ជុល​ផ្លូវ​ ដាក់​ប្រព័ន្ធ​លូ​របស់​សាលា​ខណ្ឌឆ្នាំ​២០១៥​។

ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក កែង​ផ្លូវ​៥៦៦ ក្រោម​អធិបតី​ភាព​លោក​ឯក ឃុន​ឌឿន អភិ​បាល​ខណ្ឌ​ទួល​គោក​។

ផ្លូវ​ដែល​ត្រូវ​ជួស​ជុល និង​ស្ថាបនា​មានផ្លូវ​ចាក់​កៅ​ស៊ូ​បេ​ទី​មី​ណឺ​១២.៤៥៧ម៉ែត្រ​ការ៉េ ដាក់​ប្រព័ន្ធ​លូ​មុខ​៨​តឹក ១.២៧៦ម៉ែត្រ ជួស​ជុល​ប្រព័ន្ធ​លូ​មុខ​៦​តឹក​ ១.២៣១ម៉ែត្រ ព្រម​ទាំង​ស្តា​រ​លូ និង​អណ្តូង​លូ​ប្រវែង​៧.៩៥៦ម៉ែត្រ​ ចំណាយ​អស់​ថវិកា​៣​ពាន់​៥​រយ​លាន​រៀល​ជា​គម្រោង​អភិ​វឌ្ឍ​ខណ្ឌ​ឆ្នាំ​២០១៥។

ក្នុង​ឱកាស​នោះ​លោក​ឯក ឃុន​ឌឿន បាន​មាន​ប្រសាសន៍​ថា ការ​ស្ថាបនា​ផ្លូវ​ លូ​នេះ​ជា​ការឆ្លើយ​តប​តាម​យុទ្ធ​សាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋា​ភិ​បាល និង​រូប​មន្ត​របស់អភិ​បាល​រាជ​ធានី​ដើម្បី​ជួយ​សម្រួល​ការ​លំបាក​ជូន​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​៕