ACUទទួលពាក្យបណ្ដឹង ៦៣ក្នុងខែកញ្ញា

ភ្នំពេញ៖អង្គភាពប្រឆាំង អំពើពុករលួយ (ACU) នៅក្នុងខែកញ្ញា ឆ្នាំ ២០១៥នេះ បានទទួលពាក្យបណ្ដឹងចំនួន ៦៣បណ្ដឹង ក្នុងនោះមានបណ្ដឹងអនាមិក២៧។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ACU កាលពីថ្ងៃទី៣០ កញ្ញា បានឲ្យដឹងថា “សកម្មភាពការងាររបស់ អង្គភាពប្រឆាំងអំពើពុករលួយនៅខែកញ្ញា បានទទួលពាក្យបណ្ដឹង៦៣ពាក្យបណ្ដឹង (អនាមិក២៧ ស្មើនឹង ៤២%), ធ្វើលិខិតតបទៅម្ចាស់បណ្ដឹងវិញបាន៨២លិខិត,ធ្វើលិខិតសុំឲ្យស្ថាប័ន អង្គភាព សាម៉ីខ្លួនពាក់ព័ន្ធ ៣៣លិខិត , និងបានទទួលលិខិតបំភ្លឺមកវិញពីស្ថាប័ន អង្គភាព សាម៉ីខ្លួនពាក់ព័ន្ធ៤០លិខិត”។

ប្រភពដដែលបន្ថែមថា ACU បានចូលរួមសង្កេតការណ៍ដេញថ្លៃបាន៤៧លើក ការពិគ្រោះថ្លៃមាន២០លើក បញ្ចប់ការស្រាវជ្រាវការប្រឡងជ្រើសរើសក្រឡាបញ្ជីដោយភាពត្រឹមត្រូវ។ ACU បានបង្កើតគណៈកម្មការ ត្រួតពិនិត្យផ្ទៃក្នុងមួយដែលទាក់ទងទៅនឹងដំណើរការអនុវត្តផែនការយុទ្ធសាស្រ្ត និងថវិកា។

គួរបញ្ជាក់ថា ក្រុមអ្នកច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ នឹងចាប់ផ្ដើមសរសេរសេចក្ដីព្រាងច្បាប់ស្ដីពីការការពារសាក្សី និងប្រភពផ្ដល់ព័ត៌មានចាប់ពីខែតុលា ឆ្នាំ ២០១៥នេះតទៅ៕