គ.ជ.ប បើកិច្ចប្រជុំ ស្តីពីគោលការណ៍ នៃការធ្វើ សមាហរណកម្មមន្ត្រី

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាសេចក្តីព្រាង សេចក្តីសម្រេចស្តីពី គោលការណ៍នៃការធ្វើសមាហរណកម្មមន្ត្រីដែលកំពុងបម្រើរការងារ នៅអគ្គលេខាធិការដ្ឋាន គ.ជ.ប និង អគ្គលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត(លធ.ខប)ទៅក្នុងក្រមខណ្ឌ អ្នករាជការនៃ គ.ជ.ប ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅថ្ងៃទី១ តុលានេះ បានឱ្យដឹងថា កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុកប្រធាន គ.ជ.ប ហើយក្រោយពិភាក្សាអង្គ ប្រជុំបានឯកភាពជាគោលការណ៍លើសេចក្តីព្រាងនេះនិងកែសម្រួលខ្លឹមសារខ្លះៗ ។

សេចក្តីប្រកាសបានឱ្យដឹងទៀតថា សេចក្តីព្រាងខាងលើត្រូវបានរៀបចំឡើងដោយផ្អែកលើអនុសក្រឹត្យលេខ៨៨ អនុក្រ ចុះថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១១ និងលិខិតបទដ្ឋានពាក់ព័ន្ធផ្សេងៗ ហើយសេចក្តីព្រាងនេះ មាន៥ជំពូក ២២ប្រការ និងឧបសម្ព័ន្ធចំនួន២ ៕