ក្មេងទំនើងមួយក្រុម ជិះម៉ូតូដេញគ្នា បញ្ច្រាសទិស គៀររថយន្តបែកកញ្ចក់ និងកោសថ្នាំ រងការខូចខាត

ភ្នំពេញ៖ ក្រុមក្មេងទំនើង២ ក្រុមមានគ្នាប្រមាណ ជាជិត១០នាក់ បានជិះម៉ូតូ ៣ទៅ៤គ្រឿង ប្រដេញគ្នានៅតាមផ្លូវ សាធារណៈក្នុងល្បឿន យ៉ាងលឿន បង្កការភ្ញាក់ផ្អើល ទាំងក្នុងស្ថានភាព ស្រវឹងស្រាជោគជាំ និងនាំគ្នា ជិះម៉ូតូបញ្ច្រាស ទិសចរាចរណ៍ផងនោះ បានគៀររថយន្តស៊ីអវី បណ្តាលអោយបែកកញ្ចក់ និងកោសថ្នាំ ពីចំហៀងរងការខូចខាត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១២នឹង២០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខវិទ្យាល័យព្រះស៊ីសុវត្ថិ តាមបណ្តោយផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់បឹងរ៉ាំង ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានជុំវិញ កន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត ស៊ីអវី ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E-0909 បើកបរដោយបុរសជនជាតិវៀតណាមបើកតាមបណ្តោយ ផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានក្មេងទំនើង២ក្រុមជិះម៉ូតូ ៣ទៅ៤គ្រឿងមានគ្នាទាំងប្រុសទាំងស្រីប្រមាណ១០នាក់ បានជិះប្រដេញគ្នា តាមផ្លូវសាធារណៈ ក្នុងល្បឿន យ៉ាងលឿន បង្កការភ្ញាក់ផ្អើលនិជិះម៉ូតូបញ្ច្រាសទិស ចរាចរណ៍ពេលមកដល់ចំណុចកើតហេតុបានជ្រុលទៅគៀរ រថយន្តស៊ីអវីបែកកញ្ចក់ និងកោសថ្នាំពីជំហៀងរថយន្តរងការខូចខាត ហើយពួកគេក៏បានដួលម៉ូតូ រងរបួសបន្តិចបន្តួច ។

ប្រភពបន្តថា ក្រោយមកភាគីខាងជនបង្កមានគ្នីគ្នាច្រើន បាននាំគ្នាស្រែកសំឡុតអ្នកបើកបររថយន្ត    ដោយមិន ព្រមទទួលខុសត្រូវរហូតបង្កការភ្ញាក់ផ្អើលដល់ អ្នកដំណើរនាំគ្នាចោមរោមមើល ។ បន្ទាប់ពីធ្វើការចចាគ្នា បានមួយស្រមកពួកគេក៏បានចេញសងនូវថ្លៃ ខូចខាតរថយន្តចំនួន៦ម៉ឺនរៀល ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្ត និងនាំឱ្យអ្នកដំណើរជាច្រើននាក់ខឹងសម្បារ និងក្រុមក្មេងទំនើងទាំងនោះ គឺដោយសារតែមាននារីម្នាក់ បានគប់លុយទៅឱ្យម្ចាស់រថយន្ត និងថែមទាំង បានយកម្រាមជើងគៀបលុយ ហាក់ដូចជាមើលងាយ ដល់លុយរៀល និងម្ចាស់រថយន្តដែលជាមនុស្សចាស់ ។ ដោយមើលឃើញពីកាយវិការឈ្លើយ ដូច្នេះនាំឱ្យ ម្ចាស់រថយន្តមិនព្រមយកលុយនោះ និងអ្នកដំណើរនាំគ្នារិះគន់យ៉ាងខ្លាំង រហូតមានការប្រតាយប្រតប់ ដើម្បីឃាត់នារីទំនើងម្នាក់នោះឱ្យសមត្ថកិច្ច ប៉ុន្តែត្រូវបាននាងរត់គេខ្លួនបាត់ ។

ក្រោយមកសមត្ថកិច្ច ក៏បានទៅដល់កន្លែងកើតហេតុ ហើយម្ចាស់ម៉ូតូបានសុំអង្វរម្ចាស់រថយន្ត ដោយសារតែគេ និងនារីម្នាក់នោះជាមនុស្សទើបតែស្គាល់គ្នា ក៏បានចេញសងនូវថ្លៃខូចខាតចំនួន៤៥ដុល្លារ បញ្ចប់រឿង ចំណែក ម្ចាស់រថយន្តដែលជាអ្នករងគ្រោះក៏ព្រមទទួលព្រោះមិនចង់មានរឿងវែង ឆ្ងាយរំខានដល់សមត្ថកិច្ច ៕