​ប្រពន្ធ​ចាក់​សម្លាប់​ប្តី​ខ្លួន នៅ​ក្រុង​សែន​មនោ​រម្យ

មណ្ឌលគិរី: រឿង​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើង នៅផ្ទះ​ជួល នៅ​ជិត​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី​យប់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ដោយ​ប្រពន្ធ​ចាក់​សម្លាប់​ប្តី បណ្តាល​ឲ្យ​ស្លាប់ ក្នុង​ថ្លុកឈាម​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ទូច ចាន់​ហេង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​នគរបាល ក្រុង​សែន​មនោ​រម្យ​។ ចំណែក​ជនសង្ស័យ ជា​ប្រពន្ធ​ឈ្មោះ មាស ចន្ទ្រា អាយុ​២៦​ឆ្នាំ រស់នៅ​ផ្ទះជួល កើតហេតុ​ខាងលើ​។

​ប្រភព​មួយចំនួន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ និង​ជនបង្ក​ស្រវឹងស្រា ទាំងពីរ​នាក់ ប្តី​ប្រពន្ធ ហើយ​បាន​ឈ្លោះ ទាស់​ពាក្យសំដី​គ្នា​។ ក្រោយមក ស្ត្រី​ជា​ប្រពន្ធ បាន​យក​កូនកាំបិត មក​ជន្ល​ធ្វើជា​អារ​ដៃ​ខ្លួនឯង ឯ​ប្តី​ចេះតែ​ឃាត់ ដោយ​ទាញ​ទៅ​ទាញ​មក ក៏​ជ្រុល​ចំពោះ​ប្តី លេច​ធ្លាយ​ពោះវៀន ចេញមកក្រៅ​ស្លាប់ ពេល​ដឹក​ចូល ដល់​មន្ទីរពេទ្យ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ស្ត្រី​ជា​ប្រពន្ធ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ភ្លាមៗ បញ្ជូនទៅ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល ក្រុង​សែន​មនោ​រម្យ ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ ក្នុងករណី​ខាងលើនេះ ឲ្យ​ច្បាស់ ដើម្បី​ចាត់ការ​តាមច្បាប់​៕V/S

​ប្រពន្ធ​ចាក់​សម្លាប់​ប្តី​ខ្លួន នៅ​ក្រុង​សែន​មនោ​រម្យ