កម្ពុជា​ត្រូវការ​ថវិកា​1,3​ប៊ី​លាន​ដុ​លា្ល​រ ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​បម្រែបម្រួល​អាកាសធាតុ

រាជធានី​ភ្នំពេញ ៖ ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ដូច​ជារ​លកក​ម្ពៅ គ្រោះ​ទឹកជំនន់ ព្យុះ និង​គ្រោះ​រាំង​ស្ងួត បាន​និង​កំពុង​កើនឡើង ដែល​នាំ​ទៅ​ដល់​ការ​បាត់បង់​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​ច្រើន​ឡើង​លើ​ពិភពលោក​ក៏​ដូច​ជា​កម្ពុជា ដែល​នាំ​ឲ្យ​កម្ពុជា​ត្រូវការ​ថវិកា​ជា​ច្រើន​ក្នុង​ការ​ទប់ស្កាត់ និង​រក្សា​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ។

លោក ទិន ពន្លក អគ្គលេខាធិការ​នៃ​លេខាធិការដ្ឋាន​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន មាន​ប្រសាសន៍​ថា ដើម្បី​អនុវត្ត​បណ្តា​វិធានការ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ត្រឹម​ឆ្នាំ​២០១៨ កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ​១,៣​ប៊ី​លាន​ដុ​លា្ល​រ ហើយ​ជា​រួម កម្ពុជា​ត្រូវការ ថ​រិ​កា​ប្រមាណ​១,៥​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ។

លោក​ពន្លក​លើក​ឡើង​ថា កម្ពុជា​បាន​រួមចំណែក​តិចតួច​ក្នុង​ការ​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ តែ​ជា​ប្រទេស​ងាយ​រង​គ្រោះ​បំផុត​មួយ ដោយសារ​សមត្ថភាព​ទាប​របស់​យើង​ក្នុង​ការ​បន្សាំ​ុ​នឹង​ការ​ពឹងផ្អែក​នៃ​សេដ្ឋកិច្ច​របស់​យើង​លើ​វិស័យ​នានា ដែល​ងាយ​រង​គ្រោះ​ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ ។

តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ឆ្នាំ​២០១៤​គឺជា​ឆ្នាំ​ដែល​មាន​អាកាសធាតុ​ក្តៅ​បំផុត មិន​ធ្លាប់​មាន​ពី​មុន ជាមួយ​បាតុភូត​អាកាស​ហួសប្រមាណ​ប្រហែល​៩០០​ករណី ដែល​បណ្តាល​ឲ្យ​មានការ​បាត់បង់​ផ្នែក​សេដ្ឋកិច្ច​គិត​ជា​ទឹកប្រាក់​ចំនួន​១០០​ប៊ី​លាន់​ដុល្លារ​។ ចំពោះ​ប្រទេស​កម្ពុជា តាម​របាយការណ៍​របស់​គណៈ​កម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៣ គ្រោះ​ទឹកជំនន់​បាន​បណ្តាល​ឲ្យ​កម្ពុជា​បាត់បង់​មនុស្ស​១៦៨​នាក់ ខូចខាត់​ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​៣៥៦​លាន​ដុល្លា​អា​មេ​រិ​ក ស្មើនឹង​២,៣​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​ពី​ប្រែប្រួល​អាកាសធាតុ ហើយ​មាន​និន្នាការ​ខាតបង់​ទំហំ​សេដ្ឋកិច្ច​កើនឡើង​ពី​១,៥​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​រៀង​រាល់​ឆ្នាំ ។

តាម​ការ​សិក្សា​របស់​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួងបរិស្ថាន ការ​ខូ​ត​ខាត​ដែល​បង្ក​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ នឹង​កើន​ដល់​៣,៥​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០៥០ នៅ​ក្រោម​សេណា​រី​យ៉ូ​នៃ​កំណើន​សីតុណ្ហភាព​២​អង្សា​សេ ។ យោង​តាម​វិទ្យាស្ថាន​ស្រា​ជ្រាវ​ពូជស្រូវ​អន្តរជាតិ ទិន្នផល​ស្រូវ​នឹង​ថយ​ចុះ​១០ ភាគរយ​ក្នុង​ករណី​មាន​កំណើន​១​អង្សា​សេ​នៃ​សីតុណ្ហភាព​អប្បបរមា​ក្នុង​រដូវប្រាំង ។

លោក​ពន្លក បាន​បញ្ជាក់​ថា កម្ពុជា​បាន និង​កំពុងធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​រៀបចំ​របាយការណ៍​នៃ​ការ​ចូលរួម​ចំណែក​របស់​កម្ពុជា ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តី​ពី​ប្រែប្រួល​អាការ​ធាតុ ដែល​នឹង​ត្រូវ​ដាក់​ជូន​ទៅ​លេខាធិការដ្ឋាន​នៃ​អនុសញ្ញា​នេះ ឲ្យ​មុន​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៥ ។

អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តី​ពី​ប្រែប្រួល​អាការ​ធាតុ​លើក​ទី​២១ (COP21)​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើមខែ​ធ្នូ ឆ្នាំ​នេះ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បាំ​រាំង រំពឹង​ទុក​ថា នឹង​នាំ​ទៅ​ដល់​ការ​អនុម័ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រោយ​ឆ្នាំ​២០២០ ដែល​ជា​កាតព្វកិច្ច​ផ្លូវច្បាប់​មួយ និង​ត្រូវ​អនុវត្ត​ចំពោះ​បណ្តា​រដ្ឋ​ភាគី​ទាំងអស់​នៅ​ក្នុង​សន្និសីទ​នៅ​ទី​ក្រុងប៉ារីស​នេះ ក្នុង​គោលបំណង​ទប់ស្កាត់​កំណើន​សីតុណ្ហភាព​មធ្យម​សកល​មិន​ឲ្យ​លើស​ពី​២​អង្សា​សែ​ល​ស៊ុ​ល ធៀប​នឹង​កម្រិត​សីតុណ្ហភាព​មុន​បដិវត្ត​ឧស្សាហកម្ម ។

លោក ទិន ពន្លក បាន​បន្ត​ថា របាយការណ៍​របស់​កម្ពុជា​ត្រូវ​បាន​រៀបចំ​ឡើង​សំដៅ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​បញ្ចេញ​កាបូន​ទាប ព្រមទាំង​ធន់​នឹង​អាកាសធាតុ ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សន្តិសុខ​ថាមពល ទឹក និង​ស្បៀងអាហារ ការ​កែ​លម្អ​សុខភាព ការ​កសាង​សមត្ថភាព ការ​ផ្ទេរ​បច្ចេកវិទ្យា ការ​ទទួល​បាន​នូវ​ធនធាន​ហិរញ្ញវត្ថុ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​ជាមួយ​គ្នា​នោះ រួមចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ ក្នុង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ។ ការ​អនុវត្ត​បណ្តា​វិធានការ​ទាំងនោះ កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សរុប​៣,១​លាន​តោន​សម​មូល​ឧស្ម័ន​កាបូ​និក​ដល់​ឆ្នាំ​២០៣០ ធៀប​នឹង​កម្រិត​បញ្ចេញ​ឧស្ម័ន​គោល​១១,៦​លាន​តោន ។

លោក តឹក វណ្ណ​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សន្និសីទ​ដែល​នឹង​ធ្វើ​នៅ​ទីក្រុង​បារី​សនា​ពេល​ខាង​មុខ​នេះ នឹង​មាន​លក្ខណៈ​សំខាន់​ខ្លាំង ដែល​តម្រូវ​ឲ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់ រួម​ទាំង​ប្រទេស​កម្ពុជា គាំទ្រ និង​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ថ្មី​មួយ ស្តី​ពី​អាកាសធាតុ​ពិភពលោក ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២០ ។

លោក​វណ្ណ​រ៉ា បាន​បន្ដ​ថា កម្ពុជា​ទាក់ទង​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​មាន​កម្រិត ទាំង​ថ្នាក់​ប​ន្សុំ​ា និង​ការ​កាត់​បន្ថយ​លើ​សមត្ថភាព និង​ធនធាន​ថវិកា​ឲ្យ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់ និង​ប​ន្សុំ​ា​ទៅ​នឹង​ប្រែប្រួល​អាកាសធាតុ ។

យោង​តាម​របាយការណ៍​ហានិភ័យ​ពិភពលោក​ឆ្នាំ​២០១២ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​៨ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៥​ដែល​មាន​ហានិភ័យ​ខ្ពស់​ជាងគេ ក្នុង​ការ​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ និង​មាន​សមត្ថភាព​ទាប​ក្នុង​កា​រប​ន្សុំ​ា​ទៅ​នឹង​ការ​ប្រែប្រួល​ទាំងនេះ ។ នៅ​ក្នុង​ខេត្ដកោះកុង និង​មណ្ឌលគិរី ការ​កើនឡើង​នូវ​សីតុណ្ហភាព និង​ហានិភ័យ​ខ្ពស់​នៃ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត ដែល​គេ​រំពឹង​ថា នឹង​កើត​មាន​ឡើង បង្ក​ការ​គំរាមកំហែង​ដល់​សន្ដិសុខ​ស្បៀង និង​របរ​កសិកម្ម ដែល​ជា​របរ​ចិញ្ចឹមជីវិត​របស់​សហគមន៍​មូលដ្ឋាន ។

លោក តឹក វណ្ណ​រ៉ា មាន​ប្រសាសន៍​ថា ៖ « ត្រង់​ចំណុច​នេះ ក្នុង​កិច្ចប្រជុំ​កំពូល យើង​ស្នើ​ឲ្យ​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​ហើយ គាត់​ត្រូវ​តែ​មានការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​ផ្តល់​ធនធាន​បច្ចេកទេស និង​ថវិកា​ដល់​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិច និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​កម្ពុជា ដើម្បី​ឲ្យ​ក្រុម​ប្រទេស​ទាំងអស់​មាន លទ្ធភាព​ប​ន្ស៊ាំ និង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ »​។

សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ លោក វណ្ណ​រ៉ា បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​បែងចែក​ថវិកា​ដល់​ថ្នាក់​ជាតិ និង​សហគមន៍​មូលដ្ឋាន​ឲ្យ​បាន​ច្រើន​ក្នុង​កា​រប​ន្ស៊ាំ​នឹង​ប្រែប្រួល​អាកាសធាតុ ព្រមទាំង​កសាង​សមត្ថភាព​សហគមន៍​តាម​គោលដៅ​ដែល​ធ្លាប់​រង​គ្រោះ​ដោយ​បម្រែបម្រួល​អាកាសធាតុ ក៏​ដូច​គ្រោះ​មហន្តរាយ​ធម្មជាតិ ដើម្បី​ឲ្យ​ពួក​គាត់​មាន​ផែនការ​ត្រឹមត្រូវ និង​គ្រប់គ្រាន់ ។ ចំណុច​មួយទៀត គឺ​ត្រូវ​យកចិត្ត​ទុក​បន្ថែម​ទៀត​ក្នុង​ការ​ប្រើប្រាស់ និង​ថែរក្សា​ធនធានធម្មជាតិ ដូច​ជា​ព្រៃឈើ ទឹក ដោយ​ធ្វើ​ផែនការ​ប្រើប្រាស់​ឲ្យ​ល្អ​ប្រសើរ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ។

លោក​តឹក វណ្ណ​រ៉ា បន្ដ​ថា « ចំណុច​មួយទៀត​ដែល​កម្ពុជា​គួរ​យកចិត្តទុកដាក់ គឺ​ការ​អភិវឌ្ឍ​ទីក្រុង​បៃតង ដោយសារ​នៅ​ពេល​ដែល​មានការ​អភិវឌ្ឍ​ទីក្រុង​បៃតង​ល្អ មាន​ន័យ​ថា យន្តការ​ក្នុង​ការ​កាត់​បន្ថយ​បញ្ចេញ​កាបូន​ទៅ​ក្នុង​បរិយាកាស នឹង​ចុះ​ថយ​ដោយ​ស្វ័យប្រវត្តិ » ៕