កម្ពុជា​នឹង​អង្កេត​ចំណូល​លើ​វិស័យ​សេវាកម្ម​កា​ស៊ី​- ណូ និង​សេវា​កម្មន្តសាល​ឆាប់​ៗ​នេះ

រាជធានី​ភ្នំពេញ ៖ វិស័យ​ឧស្សាហកម្ម​កាស៊ីណូ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ក្នុង​នោះ​ចំណូល​ពី​វិស័យ​កាស៊ីណូ​ទទួល​បាន​ពី​អ​និវាសជន​បាន​រួមចំណែក​ប្រមាណ​ជាង​៤០​ភាគរយ​ក្នុង​ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ​សរុប ខណៈ​ពេល​ដែល​ការ​អង្កេត​ប្រាក់​ចំណូល​លើ​សេវាកម្ម​ក្នុង​វិស័យ​មួយ​នេះ​ត្រូវ​បាន​គេ​មើល​រំលង ។

លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តី​ពី​ស្ថិតិ​ពាណិជ្ជកម្ម​អន្តរជាតិ​ផ្នែក​សេវាកម្ម​កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ថា ការ​ប្រមូល ទិន្នន័យ​លើ​វិស័យ​សេវាកម្ម​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន ។ លោក​ជំទាវ​បន្ត ថា​បច្ចុប្បន្ន​ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​រៀបចំ​ការ​អង្កេត​មួយ ដោយ​ផ្តោត​លើ​វិស័យ​សេវាកម​កម្ម​ពីរ​ប្រភេទ​គឺ​វិស័យ​កាស៊ីណូ និង​កម្មន្តសាល​ក្នុង​គោលបំណង​ពង្រឹង​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុ​ក្រឹត្យ​ភាព​នៃ​ទិន្នន័យ ។

លោក​ជំទាវ ជា សិរី មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ «​សម្រាប់​វិស័យ​ទេសចរណ៍​សមាមាត្រ​នៃ​ប្រាក់​ចំណូល​ពី​កាស៊ីណូ ធៀប​នឹង​ចំណូល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​លើ​ពិភពលោក លើកលែងតែ​ម៉ា​កាវ និង​ប្រទេស​ម៉ូ​ណា​កូ ។ ប្រាក់​ចំណូល​ពី​វិស័យ​កាស៊ីណូ​ទទួល​បាន​ពី​អ​និវាសជន​បាន​រួមចំណែក​ប្រមាណ​ជាង​៤០​ភាគរយ ក្នុង​ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ​សរុប ខណៈ​កម្ពុជា  ទទួល​បាន​ចំណូល​២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៣ ស្រប​ពេល​ដែល​កាស៊ីណូ​នៅ​ឡាស វ៉េ​ហ្គា​ស សហរដ្ឋអាមេរិក ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​៧,៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក » ។

លោក​ជំទាវ ជា សិរី មាន​ប្រសាសន៍​បន្ថែម​ថា បើ​ទោះបី​ប្រទេស​៨​ផ្សេង​ទៀត​ក្នុង​តំបន់ អាស៊ាន​បាន​អនុញ្ញាត​ឲ្យ​បង្កើត​អាជីវកម្ម​កាស៊ីណូ ប៉ុន្តែ​មាន​តែ​ប្រទេស​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ​នៅ​ក្នុង​តំបន់​អាស៊ាន និង​ប្រហែលជា​ប្រទេស​តែ​មួយ​គត់​នៅ​លើ​ពិភពលោក ដែល​ធ្វើ​អង្កេត​លើ​ចំណូល​ពី​វិស័យ​កាស៊ីណូ​និង​រួមចំណែក​នៃ​វិស័យ​នេះ​ក្នុង​វិស័យ​ទេសចរណ៍ ។

លោក​ជំទាវ​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា​មាន​បន្ត​ថា ៖« នេះ​គឺជា​លើក​ទី​១​ក្នុង​ការ​ធ្វើ​អង្កេត​លើ​វិស័យ​សេវា​នេះ វា​នឹង​ចូលរួម​បាន​ច្រើន ។ ទី​១ យើង​បាន​ជើង​លេខ​ជាក់លាក់​ដើម្បី​ឲ្យ​អ្នក​ន​យោ​យ​បាយ និង​អ្នក​បង្កើត​គោលនយោបាយ​គាត់​អាច​យល់​ពី​ទំហំ​ពិតប្រាកដ​នៃ​ចំណូល​ពី​សេវាកម្ម​នៅ​កម្ពុជា គាត់​អាច​កំណត់​នូវ​គោលនយោបាយ​ផ្សេង​ៗ​ទៀត​ពាក់ព័ន្ធ​នូវ​អ្វី​ដែល​យើង​រក​ឃើញ » ។

លោក Christie Richards ជំនាញការ (​ស្ថិតិ​)​នៃ​លេខាធិការ​អាស៊ាន​អន្តរជាតិ​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​នេះ​ដែរ​ថា ការ​ធ្វើ​អង្កេត​លើ​សេវាកម្ម​កាស៊ីណូ​គឺជា​ការ​ប្រមូល​ព័ត៌មាន​លើ​សេវាកម្ម​លើ​ជនបរទេស​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​នូវ​ការ​ចំណាយ​របស់​ពួក​គេ​លើ​សេវាកម្ម​នៅ​ក្នុង​តំបន់​ណាមួយ ហើយ​វិស័យ​ទេសចរណ៍​កាស៊ីណូ​គឺ​សំខាន់ ដូច្នេះ​បាន​យើង​ផ្តោត​លើ​វិស័យ​កាស៊ីណូ ។

លោក Christie Richards​មាន​ប្រសាសន៍​ថា ៖ « ស្ថិតិ​សេវាកម្ម​គឺជា​ផ្នែក​មួយ​នៃ​ទិន្នន័យ​នៃ​ជញ្ជីងទូទាត់ ហើយ​វា​ត្រូវ​បាន​ធ្វើ​ចាប់តាំងពី​ទិន្នន័យ​នៃ​ជញ្ជីងទូទាត់​ត្រូវ​បាន​ប្រមូល​សម្រាប់​កម្ពុជា​ដែល​មាន​រយៈពេល​២​ទស្សវត្សរ៍​មក​ហើយ ប៉ុន្តែ​អ្វី​ដែល​យើង​កំពុង​ធ្វើ​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ហើយនឹង​ធ្វើ​ឲ្យ​ល្អ​ជាង​អ្វី​ដែល​យើង​មាន ពីព្រោះ​ឥឡូវ​មានការ​ស៊ី​ណូ​ច្រើន​មាន ការ​ចំណាយ​ច្រើន និង​មាន​ព័ត៌មាន​ច្រើន »​។

លោក ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​មាន​ប្រសាសន៍​ថា ការ​អង្កេត​លើ​វិស័យ​សេវាកម្ម កាស៊ីណូ​នេះ នឹង​ផ្តល់​នូវ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​គ្រប់គ្រង​បាន​ល្អ​ទៅ​លើ​ការ​ប្រមូលប្រាក់​ចំណូល​ពី​កាស៊ីណូ ។

លោក ស្រី ច​ន្ធី មាន​ប្រសាសន៍​ថា ៖ «​វា​គឺជា​លើក​ទី​១​ហើយ​ដែល​មានការ​អង្កេត​លើ​វិស័យ នេះ​នៅ​កម្ពុជា ហើយ​បើសិនជា​ការ​គ្រប់គ្រង​បាន​ល្អ វា​អាច​បង្កើត​នូវ​ប្រាក់​ចំណូល​ដែល​ចាំបាច់​សម្រាប់​វិស័យ​មុខងារសាធារណៈ ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ »​។

គួរ​កត់សម្គាល់​ផង​ដែរ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ការ​ធ្វើ​អង្កេត​ស្ថិតិ​មិន​ត្រូវ​ទទួល​បានការ​ចូលរួម​សហការ​និង​ការ​គោរព​ពី​មជ្ឈដ្ឋាន​ទូទៅ​និង​ធុរកិច្ច​ឡើយ ដែល​ខុស​ពី​ប្រទេស​មួយ​ចំនួន​ធំ ដូច​ជា​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ជាដើម ។ ជា​ការ​ពិត​ការ​ឆ្លើយ​តប​ចំពោះ​ការ​អង្កេត​ពី​ស្ថិតិ​សង្គម​មាន​កម្រិត​ខ្ពស់​ជាង​ការ​អង្កេត​ដែល​ពាក់ព័ន្ធ​នឹង​ស្ថិតិ​សេដ្ឋកិច្ច ដូចដែល​បានឃើញ​តាម​រយៈ​ការ​ធ្វើ​អង្កេត​នានា​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ជាតិ​កន្លង​មក ។ ខណៈ​ដែល​អ្នកឆ្លើយ​តប​តែងតែ​ចូលរួម​សហការ​ផ្តល់​ទិន្នន័យ​សង្គម ប៉ុន្តែ​ការ​ឆ្លើយ​តប​នូវ​ព័ត៌មាន​ហរិ​ញ្ញ​វត្ថុ​ភាគច្រើន​ឬ​ទាំងស្រុង​តែងតែ​ត្រូវ​បាន​រំលង ។

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ចំណូល​ពន្ធ​ពី​ឧស្សាហកម្ម​កាស៊ីណូ​ប្រមូល​បាន​ជាង​២០​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ បើ​ធៀប​នឹង​ឆមាស​ទី​១​ឆ្នាំ​មុន មាន​ត្រឹមតែ​ជាង​១០​លាន​ដុល្លារ​ប៉ុណ្ណោះ កើនឡើង​យ៉ាង​គំហុក​រហូត​ទៅ​ដល់​ជាង​១០០​ភាគរយ ។ គិត​រហូត​មក​ដល់​ដំណាច់​ខែឧសភា កម្ពុជា​មាន​កាស៊ីណូ​ប្រមាណ​ជា​៦៤ កើន​ពី​ចំនួន​៥៥​កាលពី​ឆ្នាំ​២០១៤ ៕