សម្តេច ស ខេង និងលោក សម រង្ស៊ីនឹងជួបគ្នា​ នៅម៉ោង៥ល្ងាចនេះ

ភ្នំពេញ៖ លោក យឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបានថ្លែងឲ្យដឹងថា ថ្នាក់ដឹកនាំតំណាងរាស្រ្ត សំឡេងភាគច្រើន ដឹកនាំដោយ សម្តេច ស ខេង និងថ្នាក់ដឹកនាំ តំណាងរាស្រ្ត សំឡេងភាគតិច ដឹកនាំដោយ លោក សម រង្ស៊ី នៃរដ្ឋសភា នឹងជួបគ្នាជាថ្មីទៀត នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៥នាវិមានរដ្ឋសភា។

លោក យឹម សុវណ្ណ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី១ តុលា ថា ថ្នាក់ដឹកនាំទាំងពីរ នឹងជួបគ្នានារសៀលថ្ងៃនេះ ដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្ម ច្បាប់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

លោកបន្តថា គណបក្សសង្រ្គោះជាតិមានក្រុមដឹកនាំតំណាងរាស្រ្ត៣រូប គណៈកម្មការចំពោះកិច្ច៤រូប និងជំនួយការ៣រូប។ លោកថា សមាសភាពចូលរួមមាន៖លោក សម រង្ស៊ីប្រធានក្រុមភាគតិចជាអ្នកដឹកនាំ លោក កឹម សុខា ខ្លួនលោកផ្ទាល់ លោក អេង ឆៃអ៊ាង លោក ស៊ុន ឆ័យ និងលោក ញ៉ែម បុញ្ញឫទ្ធិ។

សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញផ្សាយនៅថ្ងៃទី២៨ កញ្ញាកន្លងមក បានឲ្យដឹងថា ថ្នាក់ដឹកនាំ តំណាងរាស្រ្តនៃ គណបក្សដែលមានអាសនៈ ក្នុងរដ្ឋសភា នឹងជួបប្រជុំពិភាក្សាគ្នា អំពីការធ្វើវិសោធនកម្ម ច្បាប់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ក្រោយពីថ្នាក់ដឹកនាំទាំងពីរបានជួបគ្នាម្តងរួមមកហើយកាលពីថ្ងៃទី២៣ កញ្ញា។

កិច្ចពិភាក្សាកាលពីថ្ងៃ២៣ កញ្ញា នោះ លទ្ធផលមិនសូវជាល្អប្រសើរទេ ដោយ នៅសល់៥ចំណុចទៀត មិនទាន់ឯកភាពគ្នាអំពីការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ៕