លិង្គតោនៅខ្លោងទ្វារប៉ោយប៉ែត នាំលាភសំណាង

ដោយ ៖ សយ សុភាព

បន្ទាយមានជ័យ ៖ កាលពីថ្ងៃអាទិត្យ ទី ២៧ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ ខ្ញុំបាន ធ្វើដំណើរទៅច្រកទ្វារ អន្ដរជាតិ ប៉ោតប៉ែត ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ហើយក៏មានឱកាស ឆ្លងចូលទៅផ្សាររុងគ្លឿ ខេត្ដស្រះកែវ ប្រទេសថៃ ប្រហែលជា២ម៉ោង ដោយប្រើលិខិតឆ្លងដែន ដើម្បីទៅ ស្វែងយល់ពីការប្រកបរបរលក់ដូរ របស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងផ្សារក៏ដូចជាអ្នករុញរទេះដឹកទំនិញ ចេញចូលផ្សាររុងគ្លឿព្រមទាំងស្វែងយល់ពី ទេសចរ ដែលឆ្លងកាត់ច្រកនេះ ។

អ្វីដែលខ្ញុំបានចាប់អារម្មណ៍នោះគឺ នៅវេលា ព្រឹកម៉ោងជិត៦ ខ្ញុំបានឈរមុខតោឈ្មោល ដែលកំពុងឈរយ៉ាងជង្រឹង បញ្ចេញចង្កូមស្រួច សង្ហារពោរពេញទៅដោយកម្រផ្កាជាច្រើន ព្រមទាំងមានផើងអុចធូបផង ដែលតោនេះ បានសាង សង់នៅជាប់នឹងជើងខ្លោងទ្វារច្រក អន្ដរជាតិប៉ោយប៉ែត បានឃើញមនុស្សម្នា មួយចំនួនជិះម៉ូតូមកឈប់ សំចតក្បែរតោ ឈ្មោលថ្មនេះហើយ ក៏យកដៃមកលូកស្ទាបអង្អែលលើតោ ហើយក៏ឃើញមាត់ជីបអូចៗ ទំនងជាបន់ស្រន់ សុំលាភសំណាង សម្រាប់ការប្រកបរបររកស៊ីរបស់ពួកគេ ។ បន្ទាប់ពីបុរសម្នាក់ចាកចេញទៅ ក្រោយពីបានស្ទាបអង្អែលលិង្គតោរួចហើយ ក៏មានអ្នកដំណើរផ្សេងទៀតមកលូកអង្អែលដូចគ្នា ។ ខ្ញុំពុំបានសួរពួកគេដែលបានទៅបន់ ស្រន់និងស្ទាបអង្អែលលិង្គ សុំលាភសំណាងនោះទេ ព្រោះពួកគាត់ហាក់បង្ហាញសញ្ញារវល់និងកិច្ចការរកស៊ី ។ ក្រោយពីខ្ញុំបានសង្កេតឃើញ មនុស្សម្នាជាច្រើននាក់ មកអង្អែលលិង្គតោថ្មជាបន្ដបន្ទាប់ មិត្ដភក្ដិរបស់ខ្ញុំម្នាក់ ឈ្មោះម៉ៅ ច័ន្ទវិជ្ជា ក៏បានទៅអង្អែលលិង្គ តោថ្មនេះដូចពួកគេខាងលើនេះដែរ ដោយគាត់បាននិយាយថា  ការស្ទាបអង្អែលលិង្គនេះ បន់ស្រន់សុំសេចក្ដីសុខ ពេលធ្វើដំណើរតាមផ្លូវ ។ ខ្ញុំក៏បានដើរទៅកៀក ហើយក៏បានយកទូរស័ព្ទអាយហ្វូន ផ្ដិតយករូបភាពលិង្គតោថ្ម និងថតពីចម្ងាយឱ្យឃើញ តោថ្មទាំងមូល ទើបឃើញថា លិង្គតោថ្ម ដែលធ្វើពីថ្មភ្នំនៅ ខេត្ដបន្ទាយមានជ័យតែម្ដង ឡើងរលោងស្រិល រីឯនៅកតោក៏ឃើញមានកម្រផ្កាជាច្រើន ដែលអ្នកផងទាំងពួក បានយកមកដាក់ ដើម្បីផ្សងសុំលាភសំណាងសេចក្ដីសុខ។ ដោយសារពេលព្រឹកពេក ខ្ញុំពុំអាចសួរមន្ដ្រីណា ម្នាក់ ដែលបានដឹងរឿងរ៉ាវ អំពីជំនឿលិង្គតោ ថាស័ក្ដិសិទ្ធិយ៉ាងណានោះទេ ប៉ុន្ដែជាទូទៅ យើងតែងតែឃើញប្រជាពលរដ្ឋយើងខ្លះបន់ ស្រន់ អ្នកថែរក្សាឬក៏អ្នកល្បីល្បាញ (អ្នកតា) ប៉ុន្ដែនៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បែរជាឃើញអ្នករកស៊ីបន់ស្រន់ សុំលាភសំណាងពីសត្វតោទៅវិញ ក្នុងនោះថែមទាំងស្ទាបអង្អែលលិង្គថែមទៀតផង ៕

លិង្គតោនៅខ្លោងទ្វារប៉ោយប៉ែត នាំលាភសំណាង

លិង្គតោនៅខ្លោងទ្វារប៉ោយប៉ែត នាំលាភសំណាង

លិង្គតោនៅខ្លោងទ្វារប៉ោយប៉ែត នាំលាភសំណាង