អង្គរ គឺជាមណ្ឌល ស្រាវជ្រាវ ផ្នែកបុរាណវិទ្យា យ៉ាងធំក្នុងពិភពលោក

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ Roland Fletcher នៃសាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលី បានថ្លែង សារយ៉ាងមានអត្ថន័យថា អង្គរគឺជាមណ្ឌលស្រាវជ្រាវផ្នែកបុរាណវិទ្យាយ៉ាងធំក្នុងពិភពលោក។

នេះជាខ្លឹមសារដែល លោកសាស្ត្រាចារ្យ Roland Fletcher បានជម្រាបទៅលោក ស៊ុ ម៉ាប់ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរាក្នុងកិច្ចពិភាក្សាការងារនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។

ក្នុងនោះលោកសាស្ត្រាចារ្យ Roland Fletcher បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវរយៈពេល១៥ឆ្នាំ នៅអង្គរ រវាងសាកលវិទ្យាល័យស៊ីដនី និងអាជ្ញាធរជាតិអប្សរា ព្រមទាំងលើកពីគុណតម្លៃនៃការចូលរួមប្រកបដោយប្រសិទ្ធភាព របស់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាក្នុងគម្រោងទាំងនោះ។

គម្រោងមហាអង្គរ (Greater Angkor Project) ជាគម្រោងសហប្រតិបត្តិការដ៏ល្អ ជាលទ្ធផលសម្រេចបាននូវការផលិតផែនទីអង្គរដោយប្រើបច្ចេកទេសទំនើប Remote Sensing ដែលក្នុងនោះបានរំលេចអំពីវិស្វកម្មធារាសាស្ត្រយ៉ាងប្រទាក់ក្រឡា និងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រប្រកបដោយប្រសិទ្ធភាពដោយបុព្វបុរសខ្មែរ។ ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យក៏បានលើកឡើងថា សាកលវិទ្យាល័យស៊ីដនីតែងតែទទួលបានកិច្ចសហប្រតិបត្តិការល្អ ហើយពេញចិត្តនឹងសមត្ថភាពពេញលេញរបស់មន្ត្រីអាជ្ញាធរជាតិអប្សរា។ ទាំងនេះគឺជាកត្តាសំខាន់បំផុតនៃជោគជ័យកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

ជាការឆ្លើយតបលោក ស៊ុ ម៉ាប់ បានប្រាប់ពីគោលជំហររបស់អាជ្ញាធរជាតិអប្សរាក្នុងការបន្ត និងពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យស៊ីដនី ព្រមទាំងស្នើឲ្យសាកលវិទ្យាល័យនេះបំពេញការងារស្រាវជ្រាវរួមគ្នាជាមួយអ្នកជំនាញមកពីអាជ្ញាធរជាតិអប្សរា និងធ្វើការទទួលយកអ្នកបច្ចេកទេសទៅបណ្តុះបណ្តាលថែមទៀត។ ក្នុងពេលនោះដែរ លោកក៏ បានផ្តល់ព័ត៌មានអំពីក្រមប្រតិបត្តិស្រាវជ្រាវ ដែលតម្រូវឲ្យអ្នកស្រាវជ្រាវពីអង្គរទាំងអស់យកលទ្ធផលស្រាវជ្រាវមកតម្កល់ទុកនៅមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ដើម្បីផ្សព្វផ្សាយ និងប្រើប្រាស់ជាសាធារណៈ៕

អង្គរ គឺជាមណ្ឌល ស្រាវជ្រាវ ផ្នែកបុរាណវិទ្យា យ៉ាងធំក្នុងពិភពលោក

អង្គរ គឺជាមណ្ឌល ស្រាវជ្រាវ ផ្នែកបុរាណវិទ្យា យ៉ាងធំក្នុងពិភពលោក