​រថយន្ត​កុងតឺន័​បុក​ម៉ូតូ​ដែល​ជិះ​ស្របគ្នា​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៤​នាក់

​រាជធានី​ភ្នំពេញ​៖​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​ស្រាល ខណៈដែល​រថយន្ត​កុងតឺន័រ ក្រុមហ៊ុន​ផែស្ងួត តេង​ឡាយ បត់​ចូល​ផែ​មើលមិនឃើញ​បុក​ម៉ូតូ​ហុងដារ​សេ​១២៤​ដែល​ជិះ​មក​ទន្ទឹម​និង​ក្បាល​រថយន្ត បណ្តាល​បុក​កៀប​ម៉ូតូ​ក្រោម​រថយន្ត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង​២៥​នាទី​យប់​ថ្ងៃទី​៣០ កញ្ញា ២០១៥ នៅលើ​កំណាត់​ផ្លូវ​អូ​ដឹ​មក​ប់​ស្រូវ មុខ​ក្រុមហ៊ុន​ផែស្ងួត​តេង​ឡាយ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។ 

​តាម​ប្រភពព័ត៌មាន​អោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ​ក្បាល​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-5729 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​មក​ប់​ស្រូវ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​មុខ​ក្រុមហ៊ុន​បាន​បត់​ស្តាំ​ចូល​ផែ ស្របពេល​ពេលនោះ​ក៏មាន​ម៉ូតូ​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 1DG-3453 ជិះ​មក​ស្រប​ទិស​គ្នា​បើក​ដោយ​បុរស​ម្នាក់​ឌុប​នារី​៣​នាក់ ដោយ​បត់​មិន​ប្រយ័ត្ន​និង​មិន​មើលផ្លូវ ក៏​បុក​ម៉ូតូ​ហុងដា សេ​១២៥ ដែល​បើក​នៅ​ខាងស្តាំ​ចំ​ពីក្រោយ និង​កិន​ម៉ូតូ​ជាប់​នឹង​កង់​មុខ​ខាងស្តាំ បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ទាំង​៤​នាក់ ក្នុងនោះ​មាន​នារី​ម្នាក់​សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង​។​

​ប្រភព​ប្ត​ថា ភ្លាមៗ​នេះ ស្ត្រី​រងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​របស់​ង​៧០ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​បុរស​ម្នាក់​ជា​អ្នកបើកបរ​មិន​ព្រមទៅ​ដោយសារ​នៅ​មើល​ម៉ូតូ ។ 

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បានមក​ដល់​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​រងគ្រោះ ព្រមទាំង​កុងតឺន័រ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

​រថយន្ត​កុងតឺន័​បុក​ម៉ូតូ​ដែល​ជិះ​ស្របគ្នា​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៤​នាក់