​​ឃុំខ្លួន​​និស្សិត​​​គំរាម​សម្លាប់សម្តេច​ក្រឡាហោម​តាម​ហ្វេស​ប៊ុក​

ខេត្តសៀមរាប ៖ មន្ត្រី​តុលាការ​ខេត្តសៀមរាប​បាន​បង្ហើប​ប្រាប់​ថា​ អតីត​និស្សិត​នៅសាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៌​អេ​យ​សៀ ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​ដាក់​ពន្ធនាគារ កាល​ពី​​ថ្ងៃ​ទី​៣០ ​កញ្ញា ​២០១៥​នេះ បន្ទាប់​ពី​និស្សិត​រូប​នោះ​បាន​សរសេរ​នៅ​ក្នុង​Account Facebook​ របស់​ខ្លួន​ថា «ចាំ​សម្ដេច​មក​នាំ​គ្នា​បោក​គ្រាប់បែក​ឲ្យ​ងាប់​ទាំងអស់​គ្នា​តែ​ម្ដង​»។

នៅ​រសៀល​ថ្ងៃទី​៣០ កញ្ញា​ អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​រូប​នោះ​ត្រូវ​បានឃុំខ្លួន​បណ្ដោះអាសន្ន​ដាក់​ពន្ធនាគារ​ហើយ តែ​មិន​ទាន់​ដឹង​ពី​បទចោទប្រកាន់​នៅឡើយ​ទេ​។

លោក​វរសេនីយ៍ទោ ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាបបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​កាល​ពី​ម៉ោង​១២ ថ្ងៃ​ទី​២៨ ​កញ្ញា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពីសា​លាអំពី​ការគំរាម​តាម comment ថា​ នឹង​សម្លាប់​សម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​ឱកាស​ទទួល​សញ្ញាបត្រ​។

លោក​បន្ត​ថា ជន​នេះ​មានឈ្មោះ​តៅ សា​រឿ​ន អាយុ​២៦​ឆ្នាំ ​រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ លោក​បន្ត​ថា ទោះបីជា​យ៉ាងណា​ការ​ចែក​សញ្ញាប័ត្រ​នៅ​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៌​អេ​យ​សៀ​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយរ​លួ​ន​​។

តាម​ប្រភព​នៅ​ក្នុង​សាលា​បាន​ឲ្យ​ដឹង​ថា កាល​ពីថ្ងៃ​ទី​២៦ កញ្ញា​ ​​ដោយសារ​ការ​ទទួល​ព័ត៌មាន​ពី​ការ​ពន្យារពេល​ពី​សម្តេចក្រឡាហោម​ស ខេ​ង ទើបបាន​ធ្វើ​ឲ្យ​អតីត​និស្សិតរៀន​នៅ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៌​អេ​យ​សៀ មិន​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ហើយ​បាន ​comment​ គំរាម​បោក​គ្រាប់បែកសម្លាប់​សម្តេច ស ខេ​ង តែ​ម្តង​ ដោយ​បាន​សរសេរ​ថា​ «ចាំ​សម្តេច​មក​ដល់​នាំ​គ្នា​ដាក់​គ្រាប់បែក ឲ្យ​ងាប់​ទាំងអស់​គ្នា​តែ​ម្តង​»។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ការ​ចែក​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៌​អេ​យ​សៀ បាន​ប្រព្រឹត្ត​ទៅ​ធម្មតា​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​៕