​អាជ្ញាធរ​ភូមិ ឃុំ និង​អតីត​អភិបាលស្រុក​កណ្តាលស្ទឹង រង​បណ្តឹង​ពី​ពលរដ្ឋ​ចំនួន ១០ គ្រួសារ​

​កណ្តាល: ប្រជាពលរដ្ឋ រស់នៅ​ភូមិ​កំណប់ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ចំនួន​១០​គ្រួសារ បាន​ប្តឹង​អាជ្ញាធរ​ភូមិ ឃុំ និង​អតីត​អភិបាល ស្រុក​កណ្តាលស្ទឹង ដោយ​ចោទប្រកាន់​ពីបទ រំលោភបំពាន​លើ​សិទ្ធិ កាន់កាប់​ដីធ្លី និង​គំរាមកំហែង​បំផ្លិចបំផ្លាញ របង​ថ្ម​តាម​ព្រំដី និង​សំណាប អស់​ប្រមាណ ២/៤ ដែលមាន​ទំហំ​ស្មើ និង​ផ្ទៃដី​កន្លះ​ហិកតា ។​

​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ ដែល​បាន​ប្តឹង​អាជ្ញាធរ​ភូមិ​-​ឃុំ និង​អតីត​អភិបាលស្រុក​កណ្តាលស្ទឹង​នោះ រួមមាន លោកយាយ សំ ប៉ាក់ អាយុ​៧២​ឆ្នាំ​, ឈ្មោះ ស៊ឹម សេង​, ឈ្មោះ ឈុន សុគន្ធ​, ឈ្មោះ ស៊ឹម សុខុន​, ឈ្មោះ ញ៉ិល អូន​, ឈ្មោះ ស៊ឹម ផា​រី​, ឈ្មោះ ស៊ឹម ចាន់ថន និង​ឈ្មោះ ព្រុំ សុធី ។ ចំណែក​អាជ្ញាធរ​ភូមិ​-​ឃុំ និង​អតីត​អភិបាលស្រុក​កណ្តាលស្ទឹង ដែល​រង​បណ្តឹង ពី​ប្រជាពលរដ្ឋ​ខាងលើ រួមមាន ទី​១.​ឈ្មោះ ជួន ជិន មេភូមិ​កំណប់​, ទី​២.​ឈ្មោះ អ៊ុំ សុធា មេឃុំ​ត្បែង​, ទី​៣.​ឈ្មោះ ទូច ថុ​ន សមាជិក​ឃុំ​ត្បែង​, ទី​៤.​ឈ្មោះ ទូច ថុល អនុប្រធាន​ភូមិ​កំណត់​, ទី​៥.​ឈ្មោះ តា រស់ អនុ​ឃុំ​ត្បែង​, ទី​៦. ឈ្មោះ សួង សេង ប្រជាជន និង​លោក ច​យ សុបិន អតីត​អភិបាលស្រុក​កណ្តាលស្ទឹង ។​

​ការ​ប្តឹងផ្តល់​នេះ ត្រូវបាន​តស៊ូ តតាំង​ចាប់ពី​តុលាការ ខេត្តកណ្តាល រហូតដល់​សាលាឧទ្ធរណ៍ ទីបំផុត​ប្រជាពលរដ្ឋ នៅតែ​មិន​ទទួល​ភាពយុត្តិធម៌​ដដែល ដោយ​សាលាដំបូង និង​សាលាឧទ្ធរណ៍ ចេញ​សេចក្តីសម្រេច តម្កល់​ដីកា រឿង​ទុក​ឥត​ចាត់ការ តាម​ក្រមនីតិវិធី​ព្រហ្ម​ទ័​ណ្ឌ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០០៧ មាត្រា​៤១ ស្តីពី​ការតម្កល់​រឿង ទុក​ឥត​ចាត់ការ ដែល​ចុះហត្ថលេខា នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០១៥ ដោយ​លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា អម​សាលាឧទ្ធរណ៍ ។​

​បើ​យោងតាម​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ បាន​និយាយថា លោក ច​យ សុបិន អតីត​អភិបាល ស្រុក​កណ្តាលស្ទឹង កាលពី​លោក នៅ​កាន់តំណែង អភិបាលស្រុក និង​មន្ត្រី​មួយចំនួនទៀត រួមមាន​លោក ឯក ឈន មន្ត្រី​ស្រុក​កណ្តាលស្ទឹង លោក អ៊ុំ សុធា មេឃុំ​ត្បែង​, លោក​អ៊ឹម សា​រុំ ក្រុមប្រឹក្សាឃុំ​ត្បែង​, លោក ណឹ​ម ឡ​ន ស្មៀនឃុំ​ត្បែង ព្រមទាំង​បក្ខពួក បាន​នាំ​កម្លាំង​ប៉ូលិស ប៉េអឹម ជាច្រើន​នាក់ ទៅ​រំលោភបំពាន​លើ សិទ្ធ​កាន់កាប់​ដីធ្លី របស់​ពួកគាត់ និង​គំរាមកំហែង​បំផ្លិចបំផ្លាញ របង​ថ្ម តាម​ព្រំដី​លោក ពីថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៤ នៅ​ទីតាំង​ដី​ត្រពាំង​អង្គ​ក្តី ស្ថិតក្នុង​ភូមិ​កំណប់ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​

​ពាក់ព័ន្ធ​នឹង​ការប្តឹង​ចោទប្រកាន់​នេះ អ្នកយកព័ត៌មាន C.E.N មិនទាន់​សុំ​ការពន្យល់​ពី​លោក ច​យ សុបិន អតីត​អភិបាល ស្រុក​កណ្តាលស្ទឹង នៅឡើយ​ទេ ។ ប៉ុន្តែ​បើ​យោង តាម​ការបំភ្លឺ​របស់ លោក ជួន ជិន មេភូមិ​កំណប់ នៅ​អយ្យការ អម​តុលាការ​ខេត្តកណ្តាល និយាយថា ចំពោះ​រឿង​អា​អ៊ិ​ច មក​ជីក​សំណាប របស់​ឈ្មោះ សំ ប៉ាក់ គឺ​ធ្វើតាម​បញ្ជា​របស់ លោក​មេឃុំ​ត្បែង ឈ្មោះ អ៊ុំ សុធា ។ ចំណែក​លោក អ៊ុំ សុធា មេឃុំ​ត្បែង ក៏បាន​បំភ្លឺ​នៅ​អយ្យការ អម​តុលាការ​ខេត្តកណ្តាល​ផងដែរ​ថា ការជីក​សំណាប​របស់​ឈ្មោះ សំ ប៉ាក់ អស់​ប្រមាណ​កន្លះ​ហិកតា គឺ​សំអាង​ទៅលើ​ឃុំ មាន​ផែនការ​ជី​ស្រះ សម្រាប់​ទុក​ទឹក​ស្រោចស្រព​ដីស្រែ ៧៥ ហិកតា ទើប​លោក​ស្នើ​ឲ្យ​កងកម្លាំង​វិស្វកម្ម ការងារ​នោះ​ដោយ​លោក មេភូមិ​ជា​អ្នកដឹកនាំ​កម្លាំង ។ ការធ្វើ​នេះ ក៏បាន​ប៉ះពាល់​លើ សំណាប​របស់​ឈ្មោះ សំ ប៉ាក់ ដែល​ឃុំ​បាន​ហាមឃាត់​មិន​ឲ្យ​សាប ។ ការយក​គ្រឿងចក្រ ទៅ​លោក​បាន​បញ្ជា ឲ្យ​ប្រធានភូមិ​កំណប់ ទៅប្រាប់​ឈ្មោះ សំ ប៉ាក់ ដែរ តែ​ឈ្មោះ​នេះ ធ្វើ​មិនដឹង មិនឮ ។ សំណាប​ដែល​អា​អ៊ិ​ច ជីក​ខូចខាត​អស់​ប្រមាណ ២ អារ ។

​ការអះអាង​ឆ្លើយបំភ្លឺ នៅ​អយ្យការ​អម​តុលាការ ខេត្តកណ្តាល របស់លោក​មេឃុំ​ត្បែង ប្រជាពលរដ្ឋ និយាយថា មិន​ពិត​ទេ ។ នេះ​គ្រាន់តែ​ជា​ពាក្យ ដោះសារ​មួយ​ប៉ុណ្ណោះ ។ ការរំលោភបំពាន​នេះ គឺ​ខាង​អាជ្ញាធរ ឲ្យ​លោក​សំ​ប៉ាក់ បាន​និយាយថា កន្លងមក ប្រពន្ធ​របស់លោក​មេឃុំ បាន​ទៅ​អង្វរ​សុំ​ទិញ​ដី របស់​លោកយាយ សំ ប៉ាក់ នៅ​ចំណុច​ដី​ទំនាស់​នោះ ។​

​គួរ​បញ្ជាក់ថា សាលាដំបូង​ខេត្តកណ្តាល និង​សាលាឧទ្ធរណ៍ បាន​បង្វែរ​សំណុំរឿង​ព្រហ្ម​ទ័​ណ្ឌ ឲ្យ​ទៅជា​សំណុំរឿង​តម្កល់​រឿង​ទុក ឥត​ចាត់ការ ។ ការសម្រេច និង​បង្វែរ​សំណុំរឿង​បែបនេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ចំនួន​១០​គ្រួសារ មិនទាន់បាន​ភាពយុត្តិធម៌ ក្នុងការ​តស៊ូ​ក្តី តាំងពី​សាលាដំបូង ខេត្តកណ្តាល រហូតដល់​សាលាឧទ្ធរណ៍ ៕V/S

​អាជ្ញាធរ​ភូមិ ឃុំ និង​អតីត​អភិបាលស្រុក​កណ្តាលស្ទឹង រង​បណ្តឹង​ពី​ពលរដ្ឋ​ចំនួន ១០ គ្រួសារ​

​​ប្រជាពលរដ្ឋ​កំពុង​តវ៉ា​រឿង​ដីធ្លី​នេះ​

​អាជ្ញាធរ​ភូមិ ឃុំ និង​អតីត​អភិបាលស្រុក​កណ្តាលស្ទឹង រង​បណ្តឹង​ពី​ពលរដ្ឋ​ចំនួន ១០ គ្រួសារ​

​ចំណុច​ដី​ដែលមាន​ទំនាស់​