ពលរដ្ឋ​ខ្មែរងាក​ប្រើ​ឡ​ជីវឧស្ម័ន​ លែង​ខ្វល់​រឿង​ពិបាក​រក​​អុស​ដុត

ពលរដ្ឋ​ខ្មែរងាក​ប្រើ​ឡ​ជីវឧស្ម័ន​ លែង​ខ្វល់​រឿង​ពិបាក​រក​​អុស​ដុត

កាល​​មិន​ទាន់​មាន​ឡ​ជីវឧស្ម័ន ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ រស់​ក្នុង​ភូមិ​ទំពាំង​ឫស្សី ឃុំ​សំរោង ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម តែង​ទៅ​ព្រៃ​ក្រោម ដើម្បី​កាប់​​ដើមឈើ​​ធ្វើ​អុស​ដុត ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​មិន​បារម្ភ​​ទៀត​ឡើយក្រោយ​មាន​ឡ​នេះមក។

 

ពលរដ្ឋ​ខ្មែរងាក​ប្រើ​ឡ​ជីវឧស្ម័ន​ លែង​ខ្វល់​រឿង​ពិបាក​រក​​អុស​ដុតប្រភពរូបភាព ៖ upsides

 

ក្នុង​ឆ្នាំ ២០០៨ ក្រុមអ្នក​ជំនាញ​​បាន​ចុះ​ណែនាំ​​ស្ដីអំពី «​​​កម្មវិធី​ឡ​ជីវឧស្ម័ន​ថ្នាក់​ជាតិ» តាម​រយៈ​ប្រធាន​ភូមិ​ដោយ​ពេល​នោះ​​មានតែ​​ពីរ​បី​គ្រួសារ​ប៉ុណ្ណោះ​ សម្រេច​ចិត្ត​សាក​ល្បង។ ប៉ុន្តែ​ដោយ​សារ​តែ​មើល​ឃើញ​ពីភាព​​ងាយ​ស្រួល ចំណេញ​ពេលវេលា​ និង​មិន​ចាំបាច់​ទៅកាប់ព្រៃឈើធ្វើ​​អុស ​ប្រជា​ពលរដ្ឋ​​​​ក្នុង​ភូមិ​ជាង ៣០ គ្រួសារ​​​បាន​ងាក​​មក​​​ប្រើ​ប្រាស់​ឡ​ជីវឧស្ម័ន​​កាន់​តែ​ច្រើន​ឡើង​​​។

 

បើ​តាម​ការ​ឱ្យ​ពី​គេហទំព័រ​ ​អង្គការ​អភិវឌ្ឍន៍​ហុឡង់ដ៍ ប្រចាំ​នៅ​កម្ពុជា SNV បាន​​ចុះផ្សាយ​ថា ប្រជាពលរដ្ឋ​កម្ពុជា ៩៤% ពឹងផ្អែក​លើ​អុស ធ្យូង និង​ប្រេង​កាត ក្នុង​ការ​ចម្អិន​អាហារ និង​​អុជ​បំភ្លឺ​ផ្ទះ។

 

អ្នកប្រើ​ឡ​ជីវឧស្ម័នលោក យ៉ង់ ភឿង បាន​​ប្រាប់ Sabay ថា ​ឡ​ជីវឧស្ម័ន បាន​ផ្ដល់​ភាព​ងាយស្រួល​ជាច្រើន​ដូចជា ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ភ្លើង មិន​បារម្ភ​គ្មាន​អុស​ដុត មិន​បារម្ភ​ខ្លាច​អុស​សើម​ដូច​ពីមុន។ កាល​ពី​មុន​លោក​ថា កុំ​ថា​ឡើយ​អុស​នៅ​ព្រៃ​ក្រោម សូម្បី​តែ​ធាង​ត្នោត គ្រាប់​ត្នោត ក៏​​អ្នកភូមិ​យក​ទៅ​​ដុត ដើម្បី​ចម្អិន​អាហារ ស្ល និង​ដាំ​ទឹក​ក្ដៅ​ដែរ។

 

តាម​ការ​រៀបរាប់​របស់លោក យ៉ង់ ភឿង ការ​ប្រើប្រាស់​ឡ​ជីវឧស្ម័ន ថែម​ទាំង​ជួយ​កាត់​បន្ថយ​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ និង​ជួយ​បង្កើន​កំណើន​សត្វ​ចិញ្ចឹម​ដូចជា ជ្រូក គោ និង​ក្របី…បើ​គ្មាន​​សត្វ​ចិញ្ចឹម ក៏​គ្មាន​លាមក​​ដាក់​ឡ​ដែរ។

 

“បើ​និយាយ​ពី​ព្រៃឈើ​វិញ កាល​ពី​បន្ទាន់​មាន​ឡ វាល​អស់​ហើយ តែ​ឥលូវ​ចូល​មិនកើតទេ (ព្រៃ​នៅ​មេទឹក សួង កំណប់ និង​វាល​ទំនប់​ថ្មី)”។ លោក ភឿង បញ្ជាក់។ បន្ថែម​លើ​នេះ​ឡ​ជីវឧស្ម័ន មិន​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន និង​​មិន​ធ្វើ​ឱ្យ​ផ្ទះ​ប្រឡាក់ដោយ​ផ្សែង​ខ្មៅ។

 

ឡ​ជីវឧស្ម័នមាន​ប្រាំទំហំគឺ ៤ ម៉ែត្រ​គីប ៦ ម៉ែត្រ​គីប ៨ ម៉ែត្រ​គីប ១០ ម៉ែត្រ​គីប និង ១៥ ម៉ែត្រគីប ចំណែក​លោក​បាន​ជ្រើស​យក​ឡ​​ទំហំ ៦ ម៉ែត្រ​គីប ដែល​ត្រូវ​ចំណាយ​​ទឹក​ប្រាក់​ធ្វើ​អស់​ខ្ទង់ ៤០០ ដុល្លារ​អាមេរិក ប៉ុន្តែ​ក្រោយ​ធ្វើ​រួច ខាង​គម្រោង​បាន​ប្រគល់​ប្រាក់ ១៥០ ដុល្លារ​មក​វិញ។

 

ទំហំ​ឡ

ចំនួន​លាមក​ដំបូង (គីឡូ)

ចំនួន​លាមក​ប្រចាំ​ថ្ងៃ (គីឡូ)

ឧស្ម័ន​​ប្រើ​លើ​ចង្ក្រាន (ម៉ោង)

ឧស្ម័ន​ប្រើ​លើ​អំពូល (ម៉ោង)

៤ ម៉ែត្រ​គីប

១ ៥០០

២០ ទៅ ៤០

២ ទៅ ៤

៨ ទៅ ១៦

៦ ម៉ែត្រ​គីប

២ ៣០០

៤០ ទៅ ៦០

៤ ទៅ ៦

១៦ ទៅ ២៤

៨ ម៉ែត្រ​គីប

៣ ០០០

៦០ ទៅ ៨០

៦ ទៅ ៨

២៤ ទៅ ៣២

១០ ម៉ែត្រ​គីប

៣ ៨០០

៨០ ទៅ ១០០

៨ ទៅ ១០

៣២ ទៅ ៤០

១៥ ម៉ែត្រ​គីប

៦ ០០០

១០០ ទៅ ១៥០

១០ ទៅ ១៥

៤០ ទៅ ៦០

 

ក្រោយ​ធ្វើ​រួច​ហើយ​នោះ ម្ចាស់​ឡ​ត្រូវ​កូរ​លាមក​សត្វ​ជាមួយ​ទឹក​ឱ្យ​ម៉ត់ សឹម​បញ្ចូល​ក្នុង​ឡ​ឱ្យ​ពេញ ទុក​រយៈ​ពេល​ពីរ​បី​ថ្ងៃ (​លាមក​សត្វ​នឹង​បម្លែង​ទៅ​ជា​ឧស្ម័ន) នោះ​នឹង​អាច​ប្រើប្រាស់​បាន។ បើ​តាម​ម្ចាស់​ឡ​លោក ភឿង បាន​ឱ្យ​ដឹង​ថា ឡ​នេះ​មាន​អាយុ​កាលរហូត ២០ ឆ្នាំ​ទើប​ខូច ប៉ុន្តែ​អ្វីដែល​​ត្រូវ​ប្រុងប្រយ័ត្ន គឺ​ម្ចាស់ឡ​មិន​ត្រូវ​​ចាក់​ទឹក​សាប៊ូ​ចូល​ឡើយ បើ​មិន​ដូច្នេះ​ទេ​វា​នឹង​ឆាប់​ខូច​មុន​ការកំណត់។

 

ប្រជាពលរដ្ឋ ​អាច​ ប្រើប្រាស់​ថាមពល​ពី​ឡ​នេះ ទៅចម្អិន​អាហារ ​​ជាអំពូល រីឯកាកសំណល់អាចយក​ទៅ​ស្រោច​បន្ថែបង្ការ។ គួរ​បញ្ជាក់​ថា «កម្មវិធី​ឡ​ជីវឧស្ម័ន» បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​ ២០០៦ ដែល​មាន​ការ​​​ដឹកនាំ​ដោយ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​ មាន​ការ​គាំទ្រ​ដោយ​អង្គការ​អភិវឌ្ឍន៍​ហុឡង់ដ៍ NBP៕

 

ពលរដ្ឋ​ខ្មែរងាក​ប្រើ​ឡ​ជីវឧស្ម័ន​ លែង​ខ្វល់​រឿង​ពិបាក​រក​​អុស​ដុត

ប្រភពរូបភាព៖ hivos (កន្លែង​ចាក់​លាមក និងទឹកចូលឡ)

ពលរដ្ឋ​ខ្មែរងាក​ប្រើ​ឡ​ជីវឧស្ម័ន​ លែង​ខ្វល់​រឿង​ពិបាក​រក​​អុស​ដុត

ប្រភពរូបភាព៖ nbp

 

អត្ថបទ៖ អ៊ុំ សុភក្តិ