ស្លាប់៦នាក់ រងរបួសធ្ងន់ស្រាល១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៣០ ខែកញ្ញាម្សិលមិញ

ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្ស៦នាក់ស្លាប់ ៤នាក់រងរបួសធ្ងន់ និង៨នាក់ផ្សេងទៀតរងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលមិញ នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការ នគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនៅថ្ងៃទី៣០ ខែកញ្ញាម្សិលមិញនេះ បានបង្កឲ្យខូចខាតយានយន្តសរុបចំនួន ១៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច ៧គ្រឿង,រថយន្តធុនធំ ២គ្រឿង និងថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៤លើក, មិនគោរពសិទ្ធ១លើក, មិនប្រកាន់ស្តាំ១លើក, ប្រជែងគ្រោះថ្នាក់៤លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១០នាក់ (យប់៩នាក់) ។

ជាមួយគ្នានេះដែរ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យរថយន្ត សរុបចំនួន ៨៧០គ្រឿង (រថយន្តធំ២៧៧គ្រឿង) ស្មើនឹង៨៨៨ករណី, ល្មើសក្រដាសស្នាមមាន៥៥២ គ្រឿង ស្មើនឹង៥៥២ករណី, ចំពោះករណីល្មើសបច្ចេកទេស៣១៨ គ្រឿងស្មើនឹង៣៣៦ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,៥៨៧គ្រឿង ៕

ស្លាប់៦នាក់ រងរបួសធ្ងន់ស្រាល១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៣០ ខែកញ្ញាម្សិលមិញ