ជប៉ុន និង ចាម៉ៃកា ព្រម​ព្រៀង​គ្នា​លើ​កំណែ​ទម្រង់​ច្បាប់​អង្គការ​សហប្រជាជាតិ ស្តី​ពី​សន្តិសុខ​នាវាចរណ៍

ឃីងស្តូន៖ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្សូ អាបេ និង លោកនាយករដ្ឋមន្ត្រី ចាម៉ៃកា ផូធា ស៊ីមភ៍សុន មាល្លឺ បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ថានឹងរួមសហការគ្នា យ៉ាងជិតស្និតនៅក្នុង ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បី ទទួលបានប្រសិទ្ធភាពនៃការអនុវត្តន៍ ច្បាប់ស្តីពីសន្តិសុខនាវា និង ចៀសវាងហានិភ័យនានា។

ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ចេញផ្សាយនៅថ្ងៃទី០១ ខែតុលា នេះទៀតថា នៅក្នុងអំឡុង ពេលដែលមេដឹកនាំជប៉ុន ជួបពិភាក្សាជាមួយ នឹងមេដឹកនាំ ចាម៉ៃកា ខាងលើនេះ នៅក្នុង កិច្ចពិភាក្សា នៃបណ្តាប្រទេសសមុទ្រ ការីប៊ៀន ទាំង ១៣ ប្រទេសនោះ គឺភាគីទាំងពីរបាន ព្រមព្រៀងគ្នាថានឹងធ្វើការលើកឡើងនូវរឿងនេះជាប្រចាំ ព្រមទាំងបង្កើននូវសមាជិកភាព របស់ពួកគេនៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិផងដែរ។

យ៉ាងណាក៏ដោយ មេដឹកនាំ ចាម៉ៃកា លោក ស៊ីមភ៍សុន បានស្តែងនូវការស្វាគម៍យ៉ាងខ្លាំង ចំពោះការលើកឡើងរបស់លោក អាបេ ហើយថាសុវត្ថិភាព នៃការធ្វើចរាចរណ៍តាមនាវា ក្នុងដែនសមុទ្រ និង ការហោះហើរផងដែរ គួរតែត្រូវបានធានានូវសុវត្ថិភាព និង សេរីភាព ឲ្យបានពេញលេញសម្រាប់គ្រប់គ្នាទាំងអស់។ ដោយឡែកសម្រាប់ប្រទេស ដែលមានជម្លោះ ដែនទឹក គួរតែធ្វើការដោះស្រាយផ្អែកទៅលើច្បាប់ ដែលត្រូវតែធានាថាមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើ ឡើង បន្ទាប់ពីប្រទេសចិន បានបញ្ចេញសាច់ដុំយ៉ាងខ្លាំង នៅសមុទ្រចិនខាងកើត និង ខាងត្បូង ។ ទោះបីជាយ៉ាងនេះក្តី នៅក្នុងកិច្ចប្រជុំខាងលើនេះក៏បានលើកឡើងនូវបញ្ហារួមគ្នា មួយផងដែរ គឺគ្រោះធម្មជាតិ ដែលប្រទេសកំពុងមានជម្លោះដែនទឹក ដូចជាចិន និង ជប៉ុន ជាដើម គួរតែ សហការគ្នាលើរឿងនេះ ដើម្បីទប់ទល់គ្រោះធម្មជាតិ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំ៕

ជប៉ុន និង ចាម៉ៃកា ព្រម​ព្រៀង​គ្នា​លើ​កំណែ​ទម្រង់​ច្បាប់​អង្គការ​សហប្រជាជាតិ ស្តី​ពី​សន្តិសុខ​នាវាចរណ៍