កែវ រំចង់​ ជម្នះ​សម្ដី​ឪពុក​មិន​ឲ្យ​ហាត់​ប្រដាល់​​​រហូត​ក្លាយ​ជា​កីឡាករ​ល្បី​ឈ្មោះ​ដល់​សព្វថ្ងៃ​


កែវ រំចង់​ ជម្នះ​សម្ដី​ឪពុក​មិន​ឲ្យ​ហាត់​ប្រដាល់​​​រហូត​ក្លាយ​ជា​កីឡាករ​ល្បី​ឈ្មោះ​ដល់​សព្វថ្ងៃ​

​អ្នក​ប្រដាល់​ល្បី​ឈ្មោះ ​កែវ រំចង់ ​បាន​ជម្នះ​សម្ដី​​លោក​ ​កែវ សំអាង ជា​ឪពុក​​ដែល​ហាម​មិន​ឲ្យ​ហ្វឹកហាត់​ប្រដាល់​​​តាំង​ពី​តូច ប៉ុន្តែ​ទី​បំផុត​បាន​​ក្លាយ​ជា​កីឡាករ​​ប្រដាល់​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ប្ចុច្បន្ន។

 

កែវ រំចង់​ ជម្នះ​សម្ដី​ឪពុក​មិន​ឲ្យ​ហាត់​ប្រដាល់​​​រហូត​ក្លាយ​ជា​កីឡាករ​ល្បី​ឈ្មោះ​ដល់​សព្វថ្ងៃ​

កីឡាករ កែវ រំចង់​

 

​ស្ថិត​ក្នុង​​វ័យ​​៥​ឆ្នាំ​ កែវ រំចង់ ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​ប្រដាល់​ជាមួយ​លោក​គ្រូ​តា​បង្កើត​ កែវ​ នាង ​តាំង​ពី​ថ្នាក់​ទី១​មក​ម្ល៉េះ ដែល​ក្នុង​ពេល​នោះ​សិក្សា​នៅ​សាលា​បឋម​សិក្សា អូតាគាំ១ ​ក្នុង​ខេត្ត​បាត់​ដំបង។ ក្នុង​អំឡុង​​ឆ្នាំ​១៩៩២ ដែល​ រំចង់ ចាប់​ផ្ដើម​ចូល​ហ្វឹកហាត់​ប្រដាល់​មក​នោះ​រូប​គេ​ត្រូវ​បាន​ឪពុក​​លោក​ កែវ សំអាង ហាម​​មិន​ឲ្យ​យក​ខ្លួន​មក​ប្រឡូក​ក្នុង​វិស័យ​កីឡា​ឈឺ​ខ្លួន​នេះ​ឡើយ។ ​ទោះ​យ៉ាង​ណា ​ចិត្ត​ស្រលាញ់​​ កែវ រំចង់ បាន​បដិសេធន៍​ការ​ណែនាំ​របស់​ឪពុក​តាំង​ពី​ក្មេង​មក​ម្ល៉េះ ហើយ​​បាន​​លួច​​ហ្វឹកហាត់​​​ប្រដាល់​​​ជា​មួយ​លោក​តា​​ផង និង​រៀន​ផង។

 

​​​មិន​យូរ​ប៉ុន្មាន​លោក​ កែវ សំអាង ក៏​​មើល​ឃើញ​ពី​​ទឹក​ចិត្ត​ស្រលាញ់​វិស័យ​កីឡា​ប្រដាល់​របស់​គេ ​រហូត​ថ្ងៃ​មួយ​ឪពុក​របស់​គេ​ក៏​បាន​ប្រាប់​គេ​​វិញ​ថា «​បើ​ហាម​មិន​ស្ដាប់​ទៅ​ហើយ តាម​ដំណើរ​ទៅ​ហាត់​ប្រដាល់​ក៏​ហាត់​ទៅ ​ប៉ុន្តែ​​មិន​ឲ្យ​ឡើង​ប្រកួត​​ឡើយ ដោយ​ហ្វឹកហាត់​ត្រឹម​តែ​​ការ​ពារ​ខ្លួន​បាន​ហើយ»។ ការ​ហ្វឹកហាត់​ប្រដាល់​តាំង​ពី​ក្មេង​ធ្វើ​ឲ្យ ​កែវ រំចង់ មាន​មូលដ្ឋាន​គ្រឹះ​នៃ​ក្បាច់គុន​បុរាណ​ខ្មែរ។ ​ដល់​វ័យ​បាន១៦​ឆ្នាំ​ រំចង់ ក៏​​បាន​សាក​ល្បង​ឡើង​ប្រកួត​ជា​លើក​ដំបូង​ ប៉ុន្តែ​រូប​គេ​មិន​បាន​បង្ហើប​ប្រាប់​ឪពុក​ម្ដាយ​ដឹង​ឡើយ។ ​ពេល​​ឡើង​ប្រកួត​លើក​ទី១​នោះ​ រំចង់​ បាន​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២ ​​ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​រូប​គេ​កាន់​តែ​ស្រលាញ់​​ការ​ប្រកួត​កាន់​តែ​ខ្លាំង​ឡើង ។

 

កែវ រំចង់​ ជម្នះ​សម្ដី​ឪពុក​មិន​ឲ្យ​ហាត់​ប្រដាល់​​​រហូត​ក្លាយ​ជា​កីឡាករ​ល្បី​ឈ្មោះ​ដល់​សព្វថ្ងៃ​

កែវ រំចង់ និង​ប្រពន្ធ​អ្នក​ស្រី ហម​ នីតា

 

លទ្ធផល​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី២​បាន​ធ្វើ​ឲ្យ​លោក កែវ សំអាង ជា​ឪពុក​ពេញ​ចិត្ត​ក្រោយ​ទទួល​ដំណឹង​នេះ​ ​និង​មើល​ឃើញ​ពី​ទម្រង់​ប្រកួត​យ៉ាង​ល្អ​របស់​​​​កូន​ប្រុស​​​ ទើប​លោក​សម្រេច​បើក​សិទ្ធិ​ឲ្យ​​កូន​របស់​ខ្លួន​បាន​ប្រកួត​ដោយ​​បើក​ចំហ។ ​ឆ្នាំ​ ២០០០​ រំចង់ រៀន​ថ្នាក់​ទី៨ ​នៅ​​អនុ​វិទ្យាល័យ វត្ត​ដំរីស ខេត្ត​បាត់​ដំបង​​រូប​គេ​ក៏​បាន​ចាប់​ផ្ដើម​​ឡើង​ប្រកួត​ញឹកញាប់​ និង​វ៉ៃ​ឈ្នះ​ដៃ​គូ​ខ្លាំង​ជា​ច្រើន​នាក់​ក្នុង​ប្រទេស​​​កម្ពុជា។

 

​កែវ រំចង់ ចាប់​ផ្ដើម​ផ្ដួល​ដៃគូ​ជា​បន្ទាប់​ៗ រហូត​ដល់​ឆ្នាំ ២០០៩-២០១០ ​ជា​ពេល​ដែល​អ្នក​ប្រដាល់​វ័យ​ក្មេង​ចាប់​ផ្ដើម​ឡើង​កូត​កាន់​តែ​ខ្លាំង​​ និង​បាន​​​យក​ឈ្នះ​ខ្លា​ចាស់​ នួន សុរិយា ​ឡឹក វិបុល និង​ឈ្នះ​អ្នក​ប្រដាល់​ជួរមុខ​របស់​កម្ពុជា​ជា​ច្រើន​នាក់​ទៀត។ ​ការ​យក​ឈ្នះ​អ្នក​ប្រដាល់​ល្អ​​ក្នុង​ប្រទេស​កម្ពុជា​ក៏​ធ្វើ​ឲ្យ​រូបគេ​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​រហូត​បាន​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជាច្រើន​។ បច្ចុប្បន្ន កែវ រំចង់ គ្រង​ខ្សែក្រវាត់​ចំនួន៤​គ្រឿង​គឺ​ដណ្ដើម​បាន​ពី​​កីឡាករ អូត ភូថង ១ គ្រឿង​ ប្រកួត​ឈ្នះ​ក្នុង​កម្មវិធី​ Khmer Fighter ១​​គ្រឿង និង​​ប្រកួត​ដណ្ដើម​បាន​ពី​ប្រទេស​បារាំង​​​ចំនួន២​​គ្រឿង​។

 

​​​អ្នក​ប្រដាល់​ចិត្ត​សឿង​ កែវ រំចង់ ​​​មាន​​ឪពុក​ឈ្នោះ​ កែវ សំអាង ម្ដាយ​ឈ្មោះ​ មែន ចេង ​រូប​គេ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​​ដែល​​មាន​បង​ប្អូន​ ៣​នាក់​ បង​ស្រី​ទី១ ឈ្មោះ​ កែវ សំអ៊ិន បង​ស្រី​ទី២ ឈ្មោះ​កែវ សំអួនសព្វថ្ងៃ​កំពុង​រស់​នៅ​ខេត្ត​បាត់​ដំបង​ជាមួយ​គ្នា។  ​​កែវ រំចង់ បច្ចុប្បន្ន​មាន​អាយុ ២៨​ឆ្នាំ​មាន​ប្រពន្ធ​ឈ្មោះ ហម នីតា ​ដែល​បាន​រៀប​ការ​កាល​ឆ្នាំ​ ២០១២​ មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​ កែវ ស្រីកា អាយុ​ជាង ៣​ឆ្នាំ។

 

​​អ្នក​ប្រដាល់​មាន​ស្រុក​កំណើត​​នៅ​បាត់​ដំបង​រូប​នេះ ឈប់​រៀន​ត្រឹម​ថ្នាក់​ទី៨ នៅ​អនុ​វិទ្យាល័យ​ វត្ត​ដំរីស​ ហើយ​បច្ចុប្បន្ន​កំពុង​​មាន​គម្រោង​ចង់​​រៀន​​ជំនាញ​ផ្សេង​បន្ថែម​ទៀត​​ក្រៅ​ពី​អាជីព​ប្រដាល់​សម្រាប់​នា​ពេល​អនាគត៕

 

កែវ រំចង់​ ជម្នះ​សម្ដី​ឪពុក​មិន​ឲ្យ​ហាត់​ប្រដាល់​​​រហូត​ក្លាយ​ជា​កីឡាករ​ល្បី​ឈ្មោះ​ដល់​សព្វថ្ងៃ​

 

កែវ រំចង់ពេល​ឈ្នះ​ខ្សែ​ក្រវាត់​ពី អូត ភូថង

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​