​អគ្គនាយក​ពន្ធដារ នឹង​ចាត់វិធានការ​តាមច្បាប់ ចំពោះ​ម្ចាស់​អចលនទ្រព្យ​ជាប់ពន្ធ មិន​បង់ពន្ធ

ភ្នំពេញ: លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បង្គាប់​ឲ្យ ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​ជាប់ពន្ធ ត្រូវ​រួសរាន់​មក​បង់ពន្ធ ឲ្យ​ទាន់ពេលវេលា ក្នុងករណី​រឹងរូស មិន​មក​បង់ពន្ធ​នោះ អគ្គនាយកដ្ឋាន​ពន្ធ នឹង​ចាត់វិធានការតាមច្បាប់​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​អគ្គនាយដ្ឋាន​ព​ន្ធ​ដារ ស្តីពី​ការពន្យារពេល បង់ពន្ធ​លើ​អចលនទ្រព្យ សម្រាប់​ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា អគ្គនាយដ្ឋាន​ពន្ធដារ មាន​កិត្តិយស សូម​ជម្រាបជូន ម្ចាស់​អចលនទ្រព្យ​ទាំង អស់ ដែលមាន​អចលនទ្រព្យ ស្ថិតក្នុង​ភូមិសាស្ត្រ ត្រូវ​ជាប់ពន្ធ​លើ​អចលនទ្រព្យ នៃ​រាជធានី ខេត្ត ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជ្រាបថា អគ្គនាយដ្ឋាន​ពន្ធដារ ពិនិត្យឃើញថា រហូតមកទល់​ពេលនេះ មាន​ម្ចាស់​អចលនទ្រព្យ​ជាច្រើន បានមក​ប្រកាស​បង់ពន្ធ លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​២០១៥ ហើយក៏​នៅមាន​ម្ចាស់​អចលនទ្រព្យ មួយចំនួន​តូច​ផ្សេងទៀត នៅ​មិនទាន់បាន​បំពេញ​កាតព្វកិច្ច បង់ពន្ធ​ប្រភេទ​នេះ នៅឡើយ​ទេ​។​

​លោក គង់ វិបុល បាន​បញ្ជាក់ថា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​ផ្តល់​លទ្ធភាព ជូន​ម្ចាស់​អចលនទ្រព្យ ដែល​មិន​បានមក​ប្រកាស​បង់ពន្ធ មាន​ពេលវេលា​គ្រប់គ្រាន់ ក្នុងការ​មក​ប្រកាស​បង់ពន្ធ​នេះ អគ្គនាយដ្ឋាន​ពន្ធដារ សម្រេច​ពន្យារពេល នៃ​ការប្រកាស​បង់ពន្ធ លើ​អចលនទ្រព្យ សម្រាប់​ឆ្នាំ​២០១៥ នេះ រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥​។ ម្ចាស់​អចលនទ្រព្យ​ទាំងឡាយ ដែល​មិន​មក​ប្រកាស​បង់ពន្ធ ក្នុងអំឡុងពេល ឬ​ក្រោយពេល​ពន្យារ ពេល​ខាងលើនេះ នឹងត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ ស្របតាម​ច្បាប់ ស្តីពី​សារពើពន្ធ ជា​ធរមាន​។​

​អគ្គនាយដ្ឋាន​ពន្ធដារ សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុងអំឡុងពេល នៃ​ការពន្យារពេល បង់ពន្ធ​ប្រភេទ​នេះ ម្ចាស់​អចលនទ្រព្យ​ទាំងអស់ នឹង​រួសរាន់​មក​ប្រកាស​បង់ពន្ធ បាន​ទាន់ពេលវេលា និង​បាន​គ្រប់ៗ​គ្នា តាម​ការកំណត់ ជាក់​មិន​ខាន​៕V/S

​អគ្គនាយក​ពន្ធដារ  នឹង​ចាត់វិធានការ​តាមច្បាប់ ចំពោះ​ម្ចាស់​អចលនទ្រព្យ​ជាប់ពន្ធ មិន​បង់ពន្ធ