​​សំណាង១​ក្នុង​១ពាន់​គ្រោះ​ថ្នាក់ នារីម្នាក់​​​ត្រូវ​ចោរ​ឆក់​កាបូប​ដួល​ម៉ូតូ​​ពុំ​​​បង្ក​​​​​គ្រោះ​ថ្នាក់​​​​​​

រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​មក​ពី​ដើរ​លេង​នៅ​មាត់ទន្លេ​វិញ​ ត្រូវ​ជនសង្ស័យ​២​នាក់​ឆក់​កាបូប​មិន​បាន​សម្រេច​បណ្តាល​ឲ្យទាក់​ដៃចង្កូត​ម៉ូតូ​គ្នា​ដួល​ ហើយ​ជនសង្ស័យ​​ភ័យ​ស្លន់​ស្លោ​ក៏​ក្រោក​ឡើង​រត់​ចោល​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ថ្ងៃ​ទី​៣០ ​កញ្ញា តាម​បណ្តោយ​កែង​ផ្លូវ​លេខ​​២១៤​និង​លេខ​១០៧ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ។

នារី​​ម្ចាស់​កាបូប​ឈ្មោះ គួ​យ សុភ័​ក្រ ​អាយុ​២៩​ឆ្នាំ ​ជា​អាជីវករ​​ស្នាក់​នៅផ្ទះ​លេខ​១៣ ផ្លូវ​លេខ​២១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ខ្លួន​ទើប​​មក​ពី​ដើរ​លេង​នៅ​មាត់ទន្លេ​ជាមួយ​មិត្ត​​ភ​ក្តិ ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ក ពណ៌​កំបោរ ទិស​ដៅ​ពី​កើត​ទៅ​លិច ស្របគ្នា​ជាមួយ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​និ​ក ពណ៌​ស​លាយ​​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ១FF-៣៥៩៧ មក​ដល់​ចំណុច​ខាងលើ​ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​មក​អែប​និង​​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​​តែ​មិន​បាន​សម្រេច​បណ្តាល​ឲ្យ​ទាក់​ដៃចង្កូត​​ដួល​ទាំង​គ្នា​ តែ​ភ្លាម​ៗ​នោះ​ ជនសង្ស័យ​ទាំង​២​នាក់​ភ័យខ្លាំង​ពេក​បាន​ស្ទុះ​ក្រោក​ឡើង​រត់​ទាំង​ប្រញាប់ប្រញាល់​​​ចោរ​​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ ​។

ក្រោយ​ពេល​កើតហេតុ​ ម៉ូតូ​ជនសង្ស័យ​ត្រូវ​នគរបាល​​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​​នគរ​បាល​រដ្ឋ​បាល​បឹង​ព្រលិត ចំណែក​​នារី​ម្ចាស់​កាបូប​​​មិន​បាន​ដាក់​​ពាក្យបណ្ដឹង​ទេ ពី​ព្រោះ​កាបូប​​មិន​បាន​​បាត់បង់​​​ក៍​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕