ពលរដ្ឋ​ខេត្ត​បាត់ដំបង​អះអាង​ថា​បទល្មើស​នេសាទ​កើត​ច្រើន​តែ​គ្មាន​សមត្ថកិច្ច​បង្ក្រាប

ទាញ​យក​កម្មវីធី

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កំពុង​ព្រួយ​បារម្ភ​បញ្ហា​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ណរ៉ាវ​ទ្រង់ទ្រាយ​ធំ ធ្វើ​សកម្មភាព​សេរី​នៅ​តំបន់​ឡូ​នេសាទ​ឃុំ​ព្រៃចាស់ ហើយ​ពុំ​មាន​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​នៅ​ឡើយ​ទេ។ អ្នក​ភូមិ​អះអាង​ថា កន្លង​មក សមត្ថកិច្ច​ជលផល​ចុះ​ធ្វើ​ការ​ទប់ស្កាត់​ម្ដងម្កាល​ដែរ ប៉ុន្តែ​ការ​បង្ក្រាប​នោះ​ពុំ​ទទួល​បាន​លទ្ធផល​ទេ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ អំពាវនាវ​ឲ្យ​ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ ចាត់​វិធានការ​ទប់ស្កាត់​ការ​ធ្វើ​នេសាទ​ត្រី​ដោយ​ខុស​ច្បាប់​ជា​បន្ទាន់ ដើម្បី​រក្សា​សម្បត្តិ​ធនធាន​មច្ឆជាតិ​របស់​រដ្ឋ ទុក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដោយ​ស្រប​ច្បាប់ ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នៅ​ពេល​ខាង​មុខ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​បាក់ព្រា ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ថា ការ​ធ្វើ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ណរ៉ាវ​ទ្រង់ទ្រាយ​ធំ​ប្រមាណ​ពី ៥០០ ទៅ​ជាង ១​ពាន់​ម៉ែត្រ​ជាច្រើន​កន្លែង រួម​មាន​នៅ​ក្រោយ​សាលា​ឃុំ​ព្រៃចាស់ នៅ​តំបន់​ឡូ​នេសាទ​លេខ​៦ និង​នៅ​ភូមិ​បាក់ព្រា ជាដើម ធ្វើ​សកម្មភាព​ខ្លាំង​ប្រមាណ ២​ខែ​មក​ហើយ ពុំ​មាន​សមត្ថកិច្ច​ណា​ចុះ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ អ្នក​ភូមិ​អះអាង​ថា សកម្មភាព​នេសាទ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​មាន​លុយ​មាន​កាក់ ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន៖ «សព្វថ្ងៃ​ត្រី​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ​ច្រើន​ណាស់ ព្រោះ​ឥឡូវ​ពួក​ខ្ញុំ​រក​ត្រី​ក្នុង​មួយ​ថ្ងៃ​មិន​បាន ៣​គីឡូ​ក្រាម​ផង ពីព្រោះ​ថា​អាជ្ញាធរ​មិន​ទប់ស្កាត់​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង លោក ជួង សុភា មាន​ប្រសាសន៍​ថា ពុំ​មាន​ការ​ធ្វើ​នេសាទ​ត្រី​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ កើត​ឡើង​នៅ​ក្នុង​ឃុំ​ព្រៃចាស់ នោះ​ទេ។ លោក​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា កន្លង​ទៅ លោក​បាន​នាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​នៅ​តំបន់​ឡូ​នេសាទ​លេខ​៦ នៅ​ភូមិ​បាក់ព្រា ហើយ​ទប់ស្កាត់​បាន​ជាច្រើន​កន្លែង។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ជលផល​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ៖ «គ្មាន​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​នៅ​ក្រោយ​សាលា​ឃុំ​ព្រៃចាស់ ទេ ព្រោះ​អី​នៅ​ក្រោម​សាលា​ឃុំ​នោះ កម្ពស់​ទឹក​មិន​ដល់​កន្លះ​ម៉ែត្រ​ផង»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​អះអាង​ថា កន្លង​មក សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ខ្លះ​មែន ប៉ុន្តែ​ការ​ទប់ស្កាត់​នោះ​ធ្វើ​ឡើង​ជា​លក្ខណៈ​គោះ​ទឹក​បង្អើល​ត្រី និង​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​សហគមន៍​សម្ពន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល​តំបន់​បឹង​ទន្លេសាប អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា ការ​ប្រើ​ឧបករណ៍​នេសាទ​ទ្រង់ទ្រាយ​ធំ​ដោយ​ខុស​ច្បាប់​នៅ​តំបន់​នេសាទ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កើត​មាន​ជាច្រើន​កន្លែង។ អ្នកស្រី​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជលផល​ខេត្ត ហាក់​ខ្វះ​ការ​យក​ចិត្ត​ដាក់​ក្នុង​ការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ពីព្រោះ​ការ​បង្ក្រាប​កន្លង​មក សមត្ថកិច្ច​ច្រើន​ទប់ស្កាត់​ទៅ​លើ​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​តូចតាច។ ចំណែក​ឯ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ នៅ​តែ​បន្ត​សកម្មភាព​ដដែល៖ «ខ្ញុំ​គិត​ថា បើ​សិន​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​អនុវត្ត​ទៅ​តាម​ច្បាប់​ជលផល ការ​ធ្វើ​នេសាទ​ដោយ​ខុស​ច្បាប់​នឹង​ថយ​ចុះ ពីព្រោះ​កាល​ពី​រដ្ឋាភិបាល​បិទ​ឡូ​នេសាទ​ពុំ​មាន​ប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ដូច​ពេល​បច្ចុប្បន្ន​នោះ​ទេ»

អ្នកស្រី​ពន្យល់​ថា បញ្ហា​នេះ​ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​នៅ​តែ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​បន្ត​ទៅ​មុខ​ទៀត នោះ​មច្ឆជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​នឹង​ហិនហោច​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។