កម្មកររោងចក្រ តាកែវស៊ូហែក្បួន ទៅមន្ទីរការងារ សុំកិច្ចអន្តរាគមន៍

ភ្នំពេញ ៖ ក្រុមកម្មករ -កម្មការិនី ជាង២០០នាក់ ដែលបម្រើការងារ នៅរោងចក្រផលិតស្បែក ជើង តាកែវស៊ូ ដែលមានទីតាំងស្ថិត នៅភូមិត្រាំ ឃុំរការក្រៅ ស្រុកដូង នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ បាននាំគ្នាហែក្បួន ដោយដើរថ្មើជើងឆ្ពោះ ទៅមន្ទីរការងារខេត្ត ក្នុងគោលបំណងឲ្យប្រធាន មន្ទីរជួយ អន្តរាគមន៍ក្រោយថៅកែមិនគោរពច្បាប់ការងារនៅកម្ពុជា។

លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ក្រោយពីកម្មករហែក្បួនទៅដល់មន្ទីរហើយ ខាងប្រធានមន្ទីរបានប្រាប់ត្រឡប់មកវិញថា នឹងចាត់វិធានការណ៍ដោះស្រាយបញ្ហាដែលពួកកម្មករទាមទារឲ្យនៅរសៀលថ្ងៃទី១ តុលានេះ។

លោកសប្បាយចិត្តក្រោយពីបានទទួលព័ត៌មាននេះ ប៉ុន្តែអ្វីដែលធ្វើឲ្យលោកសោយស្តាយនោះ គឺអភិបាលខេត្តតាកែវ បែរជាលើកឡើងថា មិនដោះស្រាយឲ្យឡើយ សម្រាប់សហជីពរបស់លោក។

លោកថា នេះជាអំពើមិនទទួលខុសត្រូវរបស់អភិបាលខេត្តក្នុងនាមលោកជាអាណាព្យាបាល ប៉ុន្តែបែរមិន ទទួលដឹងលឺនិងបដិសេធមិនដោះស្រាយឲ្យទៅវិញ។

លោកបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ជាសេសរាជរដ្ឋាភិបាល មេត្តាជួយពិនិត្យមើលដើម្បី ផ្តល់លទ្ធភាពគ្រប់គ្រាន់មកដល់ពួកយើងខ្ញុំ ដើម្បីធ្វើកិច្ចការស្របតាមវិជ្ជាជីវៈក្នុង នាមជាស្ថាប័ន ឯករាជ្យមួយ”។

ប្រធានសម្ព័ន្ធសហជីពរូបនេះបន្តថា កម្មករធ្វើកូដកម្មទៅតាមច្បាប់កំណត់គ្មានធ្វើអ្វីក្រៅច្បាប់ឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ កញ្ញា កម្មករជាង១ពាន់នាក់នៃរោងចក្រនេះ ធ្វើកូដកម្មទាមទារលក្ខខណ្ឌ ការងារ ៣ចំណុច រួមមាន៖ សូមឲ្យក្រុមហ៊ុនទទួលយក លោក ផាន់ សុផាត ចូលធ្វើ ការងារជាធម្មតាវិញ ក្រោយពីបញ្ឈប់ការងារ , ក្រុមហ៊ុនមិនត្រូវកំណត់ចំនួន លើសពីសមត្ថភាពកម្មករក្នុងការផលិត , ក្រុមហ៊ុនមិនត្រូវរើសអើង និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងសហជីពឡើយ៕

កម្មកររោងចក្រ តាកែវស៊ូហែក្បួន ទៅមន្ទីរការងារ សុំកិច្ចអន្តរាគមន៍