ក្រសួងអប់រំ និងសភាពាណិជ្ជកម្ម អន្តរជាតិ រួមគ្នាដោះស្រាយ បញ្ហាកង្វះជំនាញនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានចាប់ដៃជាមួយ សភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា (IBC) ដើម្បី  ស្វែងរកគន្លឹះដោះស្រាយបញ្ហាកង្វះជំនាញ ក្នុងចំណោមសិស្ស-និស្សិត ដែលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និង សាកលវិទ្យាល័យនៅកម្ពុជា ហើយក៏ជាការតម្រង់ទិស និង ធានាថា ជំនាញសិក្សារបស់សិស្ស-និស្សិត សមស្រប ទៅតាមទីផ្សារការងារក្នុងប្រទេស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួល បាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា កាលពីដើមខែកញ្ញា កន្លងទៅនេះ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងមកពីសភាពាណិជ្ជកម្មអន្តរជាតិ បានចុះអនុស្សារ ណៈយោគយល់ជា មួយគ្នា។ អនុស្សារណៈនេះ នឹងជំរុញឱ្យភាគីទាំងពីរផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទ ពិសោធកាន់តែច្រើនដើម្បីធានាថា ជំនាញកំពុងបង្ហាត់បង្រៀននៅតាមសាលារៀន និងសាកលវិទ្យាល័យមានលក្ខ ណៈសមស្របសម្រាប់តម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក៏បានឲ្យដឹងផងដែរថា អនុស្សារណៈនេះ ក៏បានកំណត់ឱ្យក្រសួង និងសភាពា  ណិជ្ជកម្មអន្តរជាតិ ធ្វើការជួបប្រជុំគ្នាយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធ អប់រំ ក្នុងប្រទេសកម្ពុជា។

លោក David Marshall ប្រធានអនុគណៈកម្មាធិការ នៃសភាពាណិជ្ជកម្មអន្តរជាតិ សម្រាប់វិស័យអប់រំ បាននិ  យាយថា «ជាមួយនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសជំនាញនិងការបណ្តុះបណ្តាសិស្ស-និស្សិតក៏ ត្រូវផ្លាស់ប្តូរនិងធ្វើទំនើបកម្មដែរ។ ជាមួយនឹងកិច្ចសហការរវាងក្រសួង និង សភាពាណិជ្ជកម្មអន្តរជាតិ ឥឡូវយើង មានយន្តការ ដែលមានប្រសិទ្ធិភាពមួយ ក្នុងការចែករំលែកមតិយោបល់ដល់ក្រសួង អំពីបច្ចុប្បន្នភាព និងការវិវឌ្ឍនៃទីផ្សារការងារ ដែលអនុញ្ញាតឲ្យយើងកំណត់បាននូវជំនាញដែលកំពុងខ្វះខាត»។

សិស្សិ-និស្សិតកម្ពុជា ជាច្រើនតែងតែត្អូញត្អែបង្ហាញពីផលលំបាកក្នុងការចាប់យកជំនាញសិក្សាឲ្យបានសមស្រប  និងទីផ្សារការងាររបស់កម្ពុជា ហើយក៏មាននិស្សិតមួយចំនួន ដែលបញ្ចប់ការសិក្សា ក៏ត្អូញត្អែពីការលំបាកក្នុងការ  ស្វែងរកការងារធ្វើផងដែរ។ ពួកគេបានលើកឡើងថា ជំនាញ ដែលសិក្សានោះ មិនសមស្របនិងបរិយាកាស ការងារក្នុងប្រទេសកម្ពុជា។

អ្នកជំនាញបានលើកឡើងថា ការអប់រំពាក់ព័ន្ធវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺជាជំនាញសំខាន់ក្នុងសេដ្ឋកិច្ចទំនើប  ហើយក៏ជាចំណុចគួរព្រួយបារម្ភផងដែរ ព្រោះយោងតាមការស្រាវជ្រាវថ្មីមួយ របស់ធនាគារពិភពលោក បានរក ឃើញថា  ៤៦% នៃនិស្សិតដែលបញ្ចប់ការសិក្សាក្នុងប្រទេសកម្ពុជា ជ្រើសយកមុខវិជ្ជាច្បាប់ ហិរញ្ញវត្ថុ ឬសេដ្ឋកិច្ច  ខណៈមានតែ ០,១% ប៉ុណ្ណោះដែលបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយមានតែ ១,៥%  ប៉ុណ្ណោះ ដែលបញ្ចប់ការសិក្សាផ្នែកវិស្វកម្មស៊ីវិល៕

ក្រសួងអប់រំ និងសភាពាណិជ្ជកម្ម អន្តរជាតិ រួមគ្នាដោះស្រាយ បញ្ហាកង្វះជំនាញនៅកម្ពុជា