CNRP មិនចាប់អារម្មណ៍ ចំពោះការមកដល់ របស់លោក សួន សេរីរដ្ឋា

ភ្នំពេញ៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ បានអះអាងថា គណបក្សរបស់ លោកមិនបានចាប់អារម្មណ៍ ទៅនឹងការមកដល់ របស់លោក សួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរនោះទេ។

នៅពេលមកដល់ព្រលានយន្តអន្តរជាតិព្រឹកមិញ លោក សួន សេរីរដ្ឋា បានវាយប្រហារទៅលើថ្នាក់ដឹក នាំគណបក្សសង្រ្គោះជាតិ ថាអសមត្ថភាព ក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យមានការផ្លាស់ប្តូរបាន។ លោក សួន សេរីរដ្ឋា បានលើកឡើងថា «បើខ្ញុំមើលឃើញថាពួកគេ ជាមេដឹកនាំនយោបាយបាយមាន សមត្ថភាព ហើយខ្ញុំអាចរូបរួមជាមួយគេបាន ខ្ញុំមិនចាំបាច់បង្កើតគណបក្សថ្មីមួយនេះទេ ដូច្នេះខ្ញុំអត់ ចាប់អារម្មណ៍ទាំងអស់អំពីការអំពាវនាវ (ឱ្យចូលរួម) របស់ពួកគេ ព្រោះការអំពាវនាវរបស់ពួកគេ វាគ្មានតម្លៃសម្រាប់យើងខ្ញុំយកមកពិចារណា»។

លោក យឹម សុវណ្ណ បញ្ជាក់យ៉ាងខ្លីប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា «ខ្ញុំអត់មានចាប់ អារម្មណ៍នឹងសម្តីរបស់គាត់ទេ ព្រោះគាត់មិនមែនជាដៃគូប្រជែង របស់គណបក្សសង្រ្គោះជាតិទេ»។ នៅពេលដែលសួរថា តើកន្លងមកគណបក្សសង្រ្គោះជាតិធ្លាប់បានហៅលោក សួន សេរីរដ្ឋា ឱ្យចូលរួម ជាមួយគណបក្សខ្លួនដែរឬទេ? លោក យឹម សុវណ្ណ បានឆ្លើយថា លោកមិនមានពេលគិតអំពីរឿង ដែលមិនមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរនោះទេ។

សូមជំរាបថា លោក សួន សេរីរដ្ឋា បានត្រឡប់មកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៥នេះ ជាមួយនឹងគណៈប្រតិភូ១៦រូប បន្ទាប់ពីមានការលើកលែងទោសពីព្រះមហាក្សត្រ។ ក្រៅពីរិះគន់ថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ លោក សួន សេរីរដ្ឋា បានប្រកាសថា ការមកដល់របស់ លោក ក្រោយចាកចេញពីកម្ពុជា អស់រយៈពេលជិត៩ឆ្នាំមកនេះ នឹងផ្តោតសំខាន់លើកាបរប្រមូល គណបក្សដែលគ្មានអសនៈនៅក្នុងរដ្ឋសភា ដើម្បីធ្វើកំណែទម្រង់ ការរៀបចំការបោះឆ្នោត ៕

CNRP មិនចាប់អារម្មណ៍ ចំពោះការមកដល់ របស់លោក សួន សេរីរដ្ឋា