ក្រសួង​អប់រំ និង​សភាពាណិជ្ជកម្ម​អន្តរជាតិ សហការ​លើ​បញ្ហា​កង្វះ​ជំនាញ​នៅ​កម្ពុជា​

ភ្នំពេញ​: នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា (IBC) បានប្រកាស​ឲ្យ​ដឹងថា​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​មួយ​ជាមួយ​ខ្លួន ក្នុង​កិច្ចសហការ​សំដៅ​ដោះស្រាយ​បញ្ហា​កង្វះ​ជំនាញ​ក្នុងចំណោម​សិស្ស​-​និស្សិត ដែល​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​និង​សាកល​​វិទ្យាល័យ នៅ​កម្ពុជា​។​

​អនុស្សរណៈ​នៃ​ការយោគយល់​នេះ ត្រូវបាន​ចុះហត្ថលេខា​កាលពី​ដើមខែ​នេះ​ដោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ឯកឧត្តម​បណ្ឌិត ហង់​ជួនណា​រ៉ុ​ន និង​តំណាង​ពី​សភាពាណិជ្ជកម្ម​អន្តរជាតិ​ដែល​នឹង​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​ផ្លាស់ប្តូរ​ព័ត៌មាន ចំណេះដឹង​និង​បទពិសោធ​កាន់តែច្រើន​ដើម្បី​ធានាថា​ជំនាញ​ដែល​កំពុង​បង្ហាត់បង្រៀន​នៅតាម​សាលារៀន​និង​
​សាកលវិទ្យាល័យ​មាន​លក្ខណៈ​សមស្រប​សម្រាប់​តម្រូវការ​ទីផ្សារ នាពេល​បច្ចុប្បន្ន ។​
​អនុស្សរណៈ​នេះ កំណត់ឱ្យ​ក្រសួង​និង​សភាពាណិជ្ជកម្ម​អន្តរជាតិ​ធ្វើការ​ជួបប្រជុំគ្នា​យ៉ាងហោចណាស់​ពីរដង​ក្នុង​មួយឆ្នាំ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក David Marshall ប្រធាន​អនុគណៈកម្មាធិការ​នៃ​សភាពាណិជ្ជកម្ម​អន្តរជាតិ សម្រាប់​វិស័យ​អប់រំ បាន​និយាយថា “ ជាមួយនឹង​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​ប្រទេស​ជំនាញ​និង​ការបណ្តុះ​បណ្តា​សិស្ស​-​និស្សិត​ក៏ត្រូវ​ផ្លាស់ប្តូរ​និង​ធ្វើ​ទំនើបកម្ម​ដែរ​។​ជាមួយនឹង​កិច្ចសហការ​នេះ​រវាង​ក្រសួង​និង​សភាពាណិជ្ជកម្ម​អន្តរជាតិ​
​ឥឡូវ​យើង​មាន​យន្តការ​ដែលមាន​ប្រសិទ្ធិភាព​មួយ ក្នុងការ​ចែករំលែក​ម​តិ​យោបល់​ដល់​ក្រសួង អំពី​បច្ចុប្បន្នភាព និង​ការ​វិវដ្ដ​នៃ​ទីផ្សារការងារ ដែល​អនុញ្ញាត​ឲ្យ​យើង​កំណត់​បាន​នូវ​ជំនាញ​ដែល​កំពុង​ខ្វះខាត​” ។​

​ការអប់រំ​ពាក់ព័ន្ធ​នឹង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា គឺជា​ជំនាញ​សំខាន់​ក្នុង​សេដ្ឋកិច្ច​ទំនើប ហើយក៏​ជា​ចំណុច​គួរ​ព្រួយបារម្ភ​ផងដែរ ព្រោះ​យោងតាម​ការស្រាវជ្រាវ​ថ្មី​មួយ​របស់​ធនាគារពិភពលោក ៤៦% នៃ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅក្នុង​ប្រទេស​កម្ពុជា ជ្រើស​យកមុខ​វិជ្ជា​ច្បាប់​ហិរញ្ញវត្ថុ​ឬ​សេដ្ឋកិច្ច ខណៈ​មានតែ​០,១% ប៉ុណ្ណោះ​ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ហើយ​មានតែ​១,៥% ប៉ុណ្ណោះ ដែល​បញ្ចប់​ការសិក្សា​ផ្នែក​វិស្វកម្ម​ស៊ីវិល​។​