លោក សួន សេរី​រដ្ឋា មេដឹកនាំ​គណបក្ស​អំណាច ប្រកាស​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​គ្មាន​អាសនៈ​ក្នុង​សភា​

ភ្នំពេញ: លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ធ្លា​ប់រង​ការចោទប្រកាន់​រឿង​ក្បត់ជាតិ និង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា បាន​វិលត្រឡប់​ចូលមក​កម្ពុជា នៅ​ម៉ោង​ជិត ១០​ព្រឹក ថ្ងៃទី​១ ខែតុលា​នេះ ដោយមាន​អ្នក​មក​ទទួល​ជាង ១០០​នាក់​។ លោក សួន សេរី​រដ្ឋា បានប្រកាស​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​គ្មាន​អាសនៈ ក្នុង​រដ្ឋសភា​។​

​លោក​សួន សេរី​រដ្ឋា វិល​ចូល​កម្ពុជា​វិញ បន្ទាប់ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​សុំ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ កាលពីពេល​ថ្មីៗ​នេះ​។​

​នៅពេល​មកដល់​ប្រទេស​កម្ពុជា​ភ្លាម លោក សួន សេរី​រដ្ឋា បានធ្វើ​ការរិះគន់ និង​វាយប្រហារ​ទៅលើ​លោក សម រង្ស៊ី និង​លោក​កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ថា គឺជា​មេដឹកនាំ​ដែល​គ្មាន​សមត្ថភាព ហើយ​បើ​លោក​មើលឃើញថា លោក​សម រង្ស៊ី និង​លោក​កឹម សុខា គឺជា​មេដឹកនាំ​មាន​សមត្ថភាព ហើយ​លោក​អាច​រួបរួម​ជាមួយ​បាន​។ ដូច្នេះ​លោក​មិនចាំបាច់​បង្កើត​គណបក្ស​ថ្មី​ទេ​។ លោក​មិន​ចាប់អារម្មណ៍​ទាំងអស់ អំពី​ការអំពាវនាវ​របស់លោក​កឹម សុខា ក្នុងការ​អំ​នាវ​នាវ​ឲ្យ​គណបក្សនយោបាយ​រួបរួម​ជាមួយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​លោក សួន សេរី​រដ្ឋា បាន​លើកឡើងថា ការអំពាវនាវ​របស់​លោក​កឹម សុខា គឺ​គ្មាន​តំលៃ​សម្រាប់​លោក​យកមក​ពិចារណា បើសិនជា​គេ​មាន​គោលនយោបាយ​ត្រឹមត្រូវ ក្នុងនាម​ជា​ស្ថាប័ន​គណបក្ស​គេ​ត្រូវ​អញ្ជើញ​ដោយ​ផ្លូវការ​។​

​ជាមួយគ្នានេះ លោក សួន សេរី​រដ្ឋា ក៏បាន​ប្រកាស​ពី​ការស្វែងរក​ចងសម្ព័ន្ធ​ជាមួយ​គណបក្សនយោបាយ ដែល​អត់​មាន​អាសនៈ នៅក្នុង​រដ្ឋសភា ដើម្បី​ចងសម្ព័ន្ធ​ត​តស៊ូ​គោលនយោបាយ​រួម មិនមែនជា​សម្ព័ន្ធ​បង្រួប​ង្រួ​ម​ទៅជា​គណបក្សនយោបាយ​តែមួយ​ទេ​។ ការតស៊ូ​គោលនយោបាយ​រួម គឺមាន​៥​ចំណុច​ជា​គោល​សម្រាប់​យកមក​ដាក់​ពិភាក្សា មានដូចជាៈ ទី​១.​ទាមទារ​ឲ្យ គ​.​ជ​.​ប ឯករាជ្យ កុំ​យក​កូតា​គណបក្ស​ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃទៀត ទី​២.​លុបឈ្មោះ​ជនបរទេស ដែល​គ្មាន​សញ្ជាតិ​ខ្មែរ ចេញពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ទី​៣.​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​មាន​សិទ្ធិ​បោះឆ្នោត ទី​៤.​ទាមទារ​ឲ្យ​មានច្បាប់​សម្រាប់​ឲ្យ​ពលរដ្ឋ​លើក​បេក្ខភាព​អ្នក​ដែល​ចង់​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី និង​ឈរ​ជា​តំណាងរាស្ត្រ និង​ទី​៥.​សូម​ឲ្យ​កំណត់​អាណត្តិ​បេក្ខជន​អ្នក ដែល​ឈរឈ្មោះ​នាយករដ្ឋមន្ត្រី និង​សូម​ឲ្យ​មានការ​ប្រកួតប្រជែង​ពិភាក្សាគ្នា​ជា​សាធារណៈ​ចំពោះ​បេក្ខជន​។ ដូច្នេះ​លោក​ចង់​ឲ្យ​មានការ​រួបរួម​នេះ ដើម្បី​តស៊ូ​នយោបាយ​រួម​ទាមទារ សម្រាប់ធ្វើ​យ៉ាងម៉េច​ឲ្យ​ប្រជាពលរដ្ឋ​ឈ្នះ កុំ​ឲ្យ​មាន​ទម្លាប់​ដដែលៗ បោះឆ្នោត​ឈ្នះ​តែ​គណបក្ស និង​អ្នកនយោបាយ​៕

លោក សួន សេរី​រដ្ឋា មេដឹកនាំ​គណបក្ស​អំណាច ប្រកាស​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​គ្មាន​អាសនៈ​ក្នុង​សភា​
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ