កិច្ចប្រជុំ​រឿង​ចុះថ្លៃ​ប្រេងសាំង នៅ​ព្រឹក​ថ្ងៃទី​១​តុលា​នេះ មិនមាន​លទ្ធផល​ទេ​

ភ្នំពេញ: កិច្ចប្រជុំ​ប្រមាណ​ជាង ២ ម៉ោង រវាង​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ប្រេងសាំង​ទាំងអស់​នៅ​កម្ពុជា បានធ្វើ​ឡើង​ដូច​ការគ្រោងទុក កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែតុលា ឆ្នាំ​២០១៥ ដើម្បី​ពិភាក្សា​ពី​ការ​បញ្ចុះតម្លៃ​ប្រេងសាំង នៅ​កម្ពុជា​។ ក៏ប៉ុន្តែ​កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី​១​តុលា​នេះ គឺ​មិនមាន​លទ្ធផល​ទេ ហើយ​កិច្ចប្រជុំ​និយាយ​ពី​ការចុះ​ថ្លៃ​ប្រេង នឹង​បន្តធ្វើ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៥ ខែតុលា ឆ្នាំ​២០១៥​។​

​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានប្រកាស​អំពាវនាវ​ផ្ទាល់មាត់​ឲ្យ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ​លើ​ក្រុមហ៊ុន​ប្រេង​ទាំងអស់​នៅ​កម្ពុជា ឲ្យ​ចុះ​តម្លៃ​ប្រេងសាំង​ថែមទៀត ក្នុងពេលដែល​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ បាន​បន្ត​ធ្លាក់​ថ្លៃ យូរណាស់​មកហើយ​៕​