សម្តេច​សខេង​៖ ជនភៀសខ្លួន ២ នាក់​បន្ថែមទៀត យល់ព្រម មក​រស់នៅ​កម្ពុជា

ភ្នំពេញ: មាន​ជនភៀសខ្លួន ២ នាក់​ទៀត ក្នុងចំណោម ៤​នាក់ នៅ​កោះ​ណៅ​រុ ប្រទេស​អូស្ត្រាលី យល់ព្រម​មក​រស់នៅ​កម្ពុជា​។ ការយល់ព្រម​នេះ គឺ​បន្ទាប់ពី​មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា បាន​ចុះទៅ​សម្ភាសន៍​ជាមួយ​ជនភៀសខ្លួន​ទាំង ៤​នាក់​នោះ កាលពីពេល​ថ្មីៗ​នេះ​។ នេះ​បើតាម​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍ PNN នៅ​ថ្ងៃទី​១​តុលា​នេះ​។

​សម្តេច​សខេង បាន​លើកឡើងថា កាលពីពេល​ថ្មីៗ​នេះ មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​កម្ពុជា បានធ្វើ​ដំណើរ​ទៅ​សម្ភាសន៍​ជាមួយនឹង​ជនភៀសខ្លួន​ចំនួន ៤ នាក់ នៅ​កោះ​ណៅ​រុ ប្រទេស​អូស្ត្រាលី​។ បន្ទាប់ពី​កិច្ចសម្ភាសន៍​នោះ គឺ​មានតែ​ជនភៀសខ្លួន​ពីរ​នាក់​ប៉ុណ្ណោះ យល់ព្រម មក​រស់នៅ​កម្ពុជា​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥ ជនភៀសខ្លួន ៤ នាក់ មកពី​កោះ​ណៅ​រុ ប្រទេស​អូស្ត្រាលី បាន​យល់ព្រម ធ្វើដំណើរ​មក​រស់នៅ​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ថ្មីៗ​នេះ បុរស​ជនភៀសខ្លួន​ម្នាក់ ជា​ជនជាតិភាគតិច​ភូមា រ៉ូ​ហ៊ីង​យ៉ា បាន​ស្នើសុំ​រដ្ឋាភិបាល​ក​ម្ពុ​ជា ទៅ​រស់នៅ​ប្រទេស​ភូមា​វិញ​។ ករណីនេះ រដ្ឋាភិបាល​ភូមា បាន​យល់ព្រម​ទទួល​យក​បុរស​ជនជាតិភាគតិច​នោះ​ហើយ តែ​មិនទាន់​កំណត់ពេល​ចាកចេញ​ពី​កម្ពុជា​នោះ​ទេ​៕