ស្រវឹងស្រាអួតអាង​ថា ​ខ្លួនជា​​ប៉ូលិស​ជិះ​ម៉ូតូ​ដេញ​វាយ​គេ​ពេញ​ផ្លូវ ផ្អើល​​ទាំង​​យប់

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ស្លៀកពាក់​ស៊ី​វិល​បាន​អះអាង​ថា ខ្លួន​ជា​មន្ត្រី​សមត្ថកិច្ច​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ដេញ​វាយ​ជាមួយ​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​វិ​វ៉ា​គ្នា​ពេញ​ផ្លូវ បណ្តាល​ដូ​ល​ម៉ូតូ​បោក​ដូ​ល​រង​របួស​ធ្ងន់ធ្ងរ​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ចោមរោម​ឈរ​មើល កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ខាងជើង​ស្តុ​ប ផ្សារ​ដើម​គរ ប្រហែលជា​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ជាង​១០​នាក់​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​និយាយ​ថា គេ​ឃើញ​បុរស​២​នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រឹ​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AM-0557 បាន​ជិះ​ម៉ូតូ​ដេញ​ធាក់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សូ​គី​វី​វ៉ា ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AG-6376 ដែល​ជិះ​ដោយ​បុរស​ម្នាក់​តាំងពី​ម្តុំ​ផ្លូវ​លេខ​១៩៣ រហូត​មក​ដល់​ចំណុច​ផ្លូវ​ម៉ៅ​សេង​ទុង ដោយ​ម៉ូតូ​ទាំង​២​នេះ ជិះ​ប្រជែង​គ្នា​ក៏​ធ្វើ​ឱ្យ​បុរស​ម្នាក់​ដែល​អង្គុយ​ពីក្រោយ​ធ្លាក់​ពី​ម៉ូតូ​ដួល​បោក​ក្បាល​នៅ​ថ្នល់​ហូរ​ឈាម​សន្លប់​លែង​ដឹងខ្លួន ។ ដោយ​ឃើញ​ដូច្នេះ ម្ចាស់​ម៉ូតូ​វិ​វ៉ា​ក៏​ឈប់​ភ្លាម​ៗ ហើយ​ក៏​ត្រូវ​បុរស​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​សមត្ថកិច្ច​នោះ ក៏​ឈប់​ដែរ ក៏​ហក់​ទៅ​ទៅ​លើ​បុរស​ម្ចាស់​ម៉ូតូ​វិ​វ៉ា​យ៉ាង​ចាស់ដៃ ដោយ​មិនដឹង​មូលហេតុ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ទៀត​ថា បុរស​ម្ចាស់​ម៉ូតូ​វា​វ៉ា​ដោយ​មានការ​ភ័យ​ខ្លាច​ពេក ក៏​ព្យាយាម​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​នោះ​តែ​ម្តង ។ ចំពោះ​បុរស​ដែល​ស្លៀកពាក់​ស៊ី​វិល​ហើយ​ស្រវឹងស្រា​បាន​អះអាង​ថា ខ្លួន​ជា​សមត្ថកិច្ច​នោះ ក៏​បាន​និយាយ​ឱ្យ​ដឹង​ដែរ​ថា មុន​ពេល​កើតហេតុ គឺ​បុរស​ដែល​ជិះ​ម៉ូតូ​វិ​វ៉ា​បាន​ជិះ​ម៉ូតូ​មក​បុក​ម៉ូតូ​របស់​គាត់ ហើយ​ពេល​នោះ​គាត់​ក៏​ជិះ​ម៉ូតូ​ដេញ​មក​តាម​ពី​ក្រោយ​​​រហូត ដើម្បី​ចង់ឱ្យ​បុរស​ដែល​ជិះ​ម៉ូតូ​វី​វ៉ា​ទទួលខុសត្រូវ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ មិនដឹង​យ៉ាងម៉េច ក៏​បុរស​ជិះ​ម៉ូតូ​វី​វ៉ា​ធាក់​ម៉ូតូ​របស់​គាត់ ពេល​កំពុង​ជិះ​លឿន​នោះ បណ្តាល​ឱ្យ​ធ្លាក់​បុរស​ដែល​អង្គុយ​ពីក្រោយ​គាត់​បោក​ក្បាល​នៅ​ថ្នល់​ហូរ​ឈាម​​​សន្លប់​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព