ទ័ព និងណាហ្គា ដណ្ដើម​កៅអី Top-4 ខណៈ Cam-Tiger ត្រូវ​ការ​ឈ្នះ ដើម្បី​ស្ដារ​មុខ​មាត់

ភ្នំពេញ៖ ពិតជាល្អមើលៗ! សម្រាប់ជំនួបដ៏តឹងតែងរវាងក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ (ទ័ព) និងក្រុមណាហ្គាវើល នា វេលាម៉ោង ៣៖៣០ នាទីរសៀលនេះដោយក្រុមទាំងពីរត្រូវប្រជែងគ្នាស្វែងរក៣ពិន្ទុរៀងៗខ្លួន ដើម្បីដណ្ដើមយកកៅអី Top-4 នៃពាន MCL-2015 គ្រាដែលក្រុម Cambodian Tiger ក៏ត្រូវការឈ្នះផងដែរ ដើម្បីស្ដារកិត្តិយសឡើយវិញ នៅក្នុងជំនួបជាមួយក្រុមអាស៊ីអឺរ៉ុបល្ងាចនេះ ។

ខណៈពេលនេះ ទ័ព និងណាហ្គាវើល កំពុងប្រជែងចំណាត់ថ្នាក់លេខ៤ និងលេខ៥ យ៉ាងប្រកៀកប្រកិតបំផុត ប៉ុន្ដែបើ និយាយពីពិន្ទុវិញគឺស្មើគ្នា៣២ពិន្ទុនៅឡើយ ។ ហេតុនេះក្នុងជំនួបជើងទី២នារសៀលនេះនឹងកាត់សេចក្ដីឲ្យដឹងថា ក្រុម ណាមួយនឹងសាកសមអង្គុយលើកៅអីចំណាត់ថ្នាក់លេខ៤ ។

កាលពីជើងទី១ ក្រុមក្រសួងការពារជាតិ ត្រូវបានបរាជ័យក្រោមថ្វីជើងក្រុមណាហ្គាវើល នៅលើទឹកដីទីលានបាល់ទាត់ ទន្លេបាទី យ៉ាងប្រផិតប្រផើយដោយលទ្ធផល ២-១ ។ ប៉ុន្ដែជំនួបជើងទី២នេះវិញ គេមិនទាន់ដឹងថា ណាហ្គាវើល មាន សំណាងដូចជើងទី២ ឬក៏អត់នោះទេ ព្រោះក្រសួងការពារជាតិបច្ចុប្បន្ន ខុសពីមុនដែលអាចវិវត្តន៍ខ្លួនពីជិតចំណាត់ថ្នាក់ បាតតារាង រហូតមកប្រកួតប្រជែងយ៉ាងរង្គោះរង្គើនៅកៅអី Top-4 ។

មួយរយៈពេលចុងក្រោយនេះ ក្រសួងការពារជាតិ បានទទួលជ័យជំនះជាបន្ដបន្ទាប់ បន្ទាប់ពីលោក ទេព ឡុងរចនា ជា គ្រូបង្វឹកធ្វើការផ្លាស់ប្ដូរទម្រង់លេង និងកំណត់បទបញ្ជាផ្ទៃក្នុងតឹងរឹង ។ ប៉ុន្ដែលោក ទេព ឡុងរចនា នៅតែសម្ដែងក្ដី បារម្ភចំពោះការប្រកួតនេះ ព្រោះក្រសួងការពារជាតិ ធ្លាប់ចាញ់ណាហ្គាវើល ។ គ្រូបង្វឹកក្រុមទ័ពរូបនេះ បានសង្កត់ធ្ងន់ ថា «បើសិនក្រសួងការពារជាតិ អាចយកឈ្នះលើក្រុមណាហ្គាវើលបាននោះ ការពារជាតិ នឹងមានឱកាស ១០០% ដើម្បីឡើងទៅវគ្គ៤ក្រុមចុងក្រោយ» ។

ដោយឡែកក្រុម Cambodian Tiger វិញកាលពីជើងទី១ និងបើកឆាកជើងទី២នារដូវកាលថ្មីនេះ គេសង្កេតឃើញក្រុម ទើបប្ដូរឈ្មោះពីក្រុមត្រាយអាស៊ីមួយនេះ មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ រហូតរក្សាបានចំណាត់ថ្នាក់លេខ៣ក្នុង តារាងបានយ៉ាងយូរទៀតផង ។ ប៉ុន្ដែមួយរៈពេលចុងក្រោយនេះ Cambodian Tiger បានជួបរឿងខកចិត្តជាបន្ដបន្ទាប់ ហើយថែមទាំងរក្សាកៅអីកំពូលតារាងមិនបាន ត្រូវធ្លាក់មកចំណាត់ថ្នាក់លេខ៧វិញ ដោយមាន៣១ពិន្ទុ ។

នៅវេលាម៉ោង៦ល្ងាចនេះក្រុម Cambodian Tiger ត្រូវជួបជាមួយក្រុមកម្រិតបាតតារាងអាស៊ីអឺរ៉ុប ដើម្បីស្វែងរកពិន្ទុ ប្រកួតប្រជែងដណ្ដើមយកកៅអី Top-4 ឡើងវិញ ហើយក៏ជាឱកាសស្ដារមុខមាត់ឡើងវិញផងដែរ ។ ប៉ុន្ដែទោះបីឈ្នះ អាស៊ីអឺរ៉ុប ឱកាសនៃការឡើងទៅវគ្គ Play-Off របស់ក្រុម Cambodian Tiger ប្រហែលជាមិនមានសង្ឃឹមច្រើនឡើយ ព្រោះនៅសល់២ប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់ការប្រកួតជើងទី២ហើយ ៕

ទ័ព និងណាហ្គា ដណ្ដើម​កៅអី Top-4 ខណៈ Cam-Tiger ត្រូវ​ការ​ឈ្នះ ដើម្បី​ស្ដារ​មុខ​មាត់

ទ័ព និងណាហ្គា ដណ្ដើម​កៅអី Top-4 ខណៈ Cam-Tiger ត្រូវ​ការ​ឈ្នះ ដើម្បី​ស្ដារ​មុខ​មាត់