បញ្ជីឈ្មោះ​កីឡា​ករ​ជម្រើស​ជាតិ​កម្ពុជា​២៥នាក់ ត្រូវ​ប្រមូល​ផ្ដុំ​ត្រៀម​ជម្រុះ World Cup បន្ត

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ចំនួន២៥នាក់ ដែល ត្រូវប្រមូលផ្ដុំធ្វើការ ហ្វឹកហាត់សាជាថ្មីនាពេលឆាប់ៗខាងមុខ ដើម្បីត្រៀមប្រកួតជាមួយក្រុមម្ចាស់ផ្ទះសិង្ហបុរី ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពូល E ប្រចាំទ្វីបអាស៊ី ពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA World Cup Russia នៅថ្ងៃទី១៣ ខែតុលាខាងមុខនេះ ។

បញ្ជីឈ្មោះកីឡាករ ដែលត្រូវបានកំណត់ដោយលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានោះ រួមមានកីឡាករមកពី ក្រុមខេត្តស្វាយរៀង ៧នាក់រួមមាន ប្រាក់ មុន្នីឧត្តម, សឿយ វិសាល, នេន សុធារដ្ឋ, ណុប តុលា, សំអឿន ពិដោរ, ហួយ ផល្លីន និងអ្នកចាំទី ប៉េង ប៊ុនឆាយ ។ កីឡាករមកពីក្លឹបបឹងកេតអង្គរចំនួន ៦នាក់ គឺកីឡាករ ឃួន ឡាបូរ៉ាវី, ចាន់ វឌ្ឍនាកា, រស់ សំអឿន, សុខ សុវណ្ណ, ហុង ផេង និងអ្នកចាំទី ស៊ូ យ៉ាទី ។

ចំណែកកីឡាករមកពីក្លឹបក្រសួងការពារជាតិចំនួន ៤នាក់ រួមមានកីឡាករ ឈិន ឈឿន, រឿម ចាន់រឿន, ច្រឹង ពលរដ្ឋ និងអ្នកចាំទីវ័យក្មេង អ៊ុ សេរីរ័ត្ន ។ កីឡាករមកពីក្លឹបភ្នំពេញក្រោន និងក្លឹបណាហ្គាវើល គឺមានគ្នា ៣នាក់ដូចគ្នា គឺមានកីឡាករ ប៊ីន ចន្ថារី, សុះ ស៊ូហាណា និងកីឡាករ កែវ សុខផេង មកពីក្លឹបភ្នំពេញ រីឯកីឡាករ គួច សុកុម្ភៈ, ប្រាក់ ចាន់រតនា និងញឹម សុវណ្ណារ៉ា មកពីណាហ្គាវើល ។ ឯកីឡាករក្នុងក្រុមប៉ូលិស ក៏ជាប់ជម្រើសជាតិ ២នាក់ដែរ គឺកីឡាករ សាយ ពិសិដ្ឋ និងកីឡាករ ទិត ឌីណា ។

ប៉ុន្ដែនេះគឺជាបញ្ជីឈ្មោះបណ្ដោះអាសន្ន ដែលគ្រូលោក Lee Tae Hoon បានជ្រើសរើស បន្ទាប់មកតាមកម្មវិធីគ្រូ បង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ រៀបចំការប្រកួតមិត្តភាពកម្ដៅសាច់ដុំចំនួន២ប្រកួតនៅភ្នំពេញ ដើម្បីជម្រុះកីឡាករ ២នាក់ចេញ ហើយជ្រើសរើសយកតែ២៣នាក់ប៉ុណ្ណោះ ដើម្បីបន្ដដំណើរឆ្ពោះទៅប្រកួតជាមួយក្រុមជម្រើសជាតិសិង្ហបុរី នៅថ្ងៃទី១៣ ខែតុលាខាងមុខ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ជើងទី២ ជុំទី២ ប្រចាំពូល E ។

តាមគម្រោង ២ក្រុមដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបប្រកួតកម្ដៅសាច់ដុំនោះរួមមានក្រុមកីឡាករអាហ្រ្វិកមិនអាជីព ដែលរស់នៅលើទឹកដីកម្ពុជា និងក្រុមភ្នំពេញក្រោន នៅថ្ងៃទី០៥ និងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ នេះ មុននឹងចេញដំណើរឆ្ពោះទៅប្រទេសសិង្ហបុរី ។

គួរបញ្ជាក់ថា កាលពីជួបគ្នាជើងទី១ នៅលើទឹកដីកម្ពុជា ក្រុមជម្រើសជាតិសិង្ហបុរី បានស៊ីម្ចាស់ផ្ទះកម្ពុជា ដោយលទ្ធ ផល ៤-០ ហើយបើបូករួមទាំងការបរាជ័យ៣ប្រកួតផ្សេងទៀតនោះ ក្រុមជម្រើសជាតិកម្ពុជា នៅមិនទាន់មានពិន្ទុរាប់ នឹងគេនៅឡើយទេ ក្នុងនោះគឺចាញ់ក្រុមភ្ញៀវអាហ្វហ្គានីស្ថាន ១-០, ចាញ់ក្រុមម្ចាស់ផ្ទះសាំម៉ូរៃជប៉ុន ៣-០ និងប្រកួត ចុងក្រោយចាញ់ក្រុមភ្ញៀវស៊ីរី ៦-០ កាលពីដើមខែកញ្ញាកន្លងទៅ ៕

បញ្ជីឈ្មោះ​កីឡា​ករ​ជម្រើស​ជាតិ​កម្ពុជា​២៥នាក់ ត្រូវ​ប្រមូល​ផ្ដុំ​ត្រៀម​ជម្រុះ World Cup បន្ត

បញ្ជីឈ្មោះ​កីឡា​ករ​ជម្រើស​ជាតិ​កម្ពុជា​២៥នាក់ ត្រូវ​ប្រមូល​ផ្ដុំ​ត្រៀម​ជម្រុះ World Cup បន្ត