អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​រិះគន់​ការចោទប្រកាន់ លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​ថា​គ្មាន​មូលដ្ឋាន

​ការដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​ចោទប្រកាន់​និង​សម្រេច​ឃុំខ្លួន លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​។ ដោយហេតុថា បើ​ពិនិត្យ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ដំណើររឿង គឺ​លោក ហុង សុខ​ហួរ មិនបាន​ប្រព្រឹត្ត​អ្វី​ខុស​ដូចដែល​តុលាការ​ចោទប្រកាន់​និង​សម្រេច​ឃុំខ្លួន​ទាំង​បំពាន​នោះទេ​។ ហេតុនេះហើយ​ទើប​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​បទចោទប្រកាន់​លើ លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch=HRW)​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ទម្លាក់​បទ​ចោទ​លើ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចុះ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៥ បានចាត់ទុក​ការចោទប្រកាន់​របស់​អា​ជ្ញា​ធរ​និង​តុលាការ លើ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី លោក ហុង សុខ​ហួរ ជុំវិញ​ការ​ក្លែង​ឯកសារ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​(Facebook)​ថា​គ្មាន​មូលដ្ឋាន​។ ការជំរុញ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ គឺ​ស្រប​នឹង​ការជំរុញ​របស់​ក្រុម​សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា និង​មជ្ឈដ្ឋាន​នានា​ក្នុងពេល​កន្លងមក​ផងដែរ​។

តាម​គម្រោង​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង លោក ហុង សុខ​ហួរ នៅ​ថ្ងៃទី​០២ ខែតុលា ស្អែក​នេះ​។ លោក ជូ​ង ជូ​ងឺ មេធាវី​ការពារ​ក្ដី​លោក ហុង សុខ​ហួរ បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​ថា នៅក្នុង​ថ្ងៃ​ជំនុំជម្រះ​លោក​នឹង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​កូនក្ដី​របស់លោក ដោយ​តម្កល់​ប្រាក់​២០​លាន​រៀល​។ មជ្ឈដ្ឋាន​នានា​រង់​ចាំមើល​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០២ ខែតុលា ស្អែក​នេះ ព្រោះ​សំណុំរឿង​លោក ហុង សុខ​ហួរ ត្រូវបាន​ក្រុម​អ្នកសង្កេតការណ៍​វាយតម្លៃថា ជា​រឿង​នយោបាយ​សុទ្ធសាធ​។ សូម្បីតែ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់ចោល​បទ​ចោទ​លើ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​ដែរ​៕

hour-01257​    ​