វិធីសាស្ត្រ​ងាយៗ​ក្នុង​ការ​ចម្អិន​សម្លការី​ដ៏​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​

វិធីសាស្ត្រ​ងាយៗ​ក្នុង​ការ​ចម្អិន​សម្លការី​ដ៏​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​

​ភ្ជុំបិណ្ឌ​ជា​ពិធី​បុណ្យ​ដែល​ត្រូវបាន​ប្រារព្ធ​ក្នុង​រដូវវស្សា មាន​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ​។ ក្នុង​រយៈ​ពេល​១៥​ថ្ងៃនេះ ប្រជា​ពលរដ្ឋ​ខ្មែរ​រមែង​រៀបចំ​ទេយ្យទាន មាន​បាយ​សម្ល បង្អែម​ចម្អាប​ ធូប និង​ទៀន​ទៅ​ប្រគេន​ព្រះសង្ឃ​។​

ជាទូទៅ​គេ​សង្កេតឃើញថា មាន​ម្ហូប​ជាច្រើន​មុខ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ជា​ចង្ហាន់​ប្រគេន​ដល់​ព្រះសង្ឃ​។ ម្ហូប​ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​​និយម​ស្ល​នោះ​គឺ​សម្ល​ការី និង​ឆា​មី​សួ ហើយ​អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​ផង​ដែរ​នោះ​គឺ នំ​អន្សម​។​

សម្លការី​គឺជា​មុខម្ហូប​ដែលមាន​គ្រឿងផ្សំ​ច្រើន​ដែល​ប្រជាជន​មួយចំនួន​គិតថា​ពិបាក​ធ្វើ​។ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​រូបមន្ត​ធ្វើ​សម្ល​ការី​ដ៏​ពិសេស​ដែល​ឈ្ងុយឆ្ងាញ់​មាន​ជាតិ​សម្រាប់​គ្រួសារ​ដែល​មាន​គ្នា ៤​ទៅ​៥​នាក់​។ ការរៀបចំ​គ្រឿងផ្សំ​សម្រាប់​ចម្អិន​ប្រើ​រយៈពេល​ប្រហែល ២០​នាទី និង​ប្រហែល ១៥​នាទី​ក្នុង​ការ​ចម្អិន។

 

វិធីសាស្ត្រ​ងាយៗ​ក្នុង​ការ​ចម្អិន​សម្លការី​ដ៏​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​

សូម​មើល​រូបមន្ត​គ្រឿងផ្សំ និង​វីដេអូ​ពី​របៀប​ធ្វើ​ទាំងអស់គ្នា​!

គ្រឿងផ្សំ​៖

 

វិធីសាស្ត្រ​ងាយៗ​ក្នុង​ការ​ចម្អិន​សម្លការី​ដ៏​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​

 

​វីដេអូ​៖

កុំ​ភ្លេច​បញ្ចេញស្នាដៃ​ធ្វើ​ម្ហូប​នេះ ញ៉ាំ​ជាមួយ​ក្រុម​គ្រួសា​រណា៎​!

នៅ​សប្តាហ៍​ក្រោយ យើង​នឹង​លើក​យក​រូបមន្ត​ធ្វើ​ម្ហូប​ពិសេស​មួយ​មុខ​ទៀត​នោះ គឺ​ឆា​មីសួ​រពង​ទាប្រៃ មក​បង្ហាញ​។ ប្រិយមិត្ត​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ដើម្បី​ទទួលបាន​ចំណេះដឹង និង​អាច​យក​ទៅ​ចម្អិន​សម្រាប់​សមាជិក​គ្រួសារ ដើម្បី​បង្កើន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​។​

ម្ហូប​កាន់តែ​ឈ្ងុយឆ្ងាញ់​មាន​ជាតិ គ្រួសារ​កាន់តែ​មាន​សុភមង្គល​!

 

​អំពី​បុណ្យ​ភ្ជុំ​បិណ្ឌ​

ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ដទៃទៀត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ឲ្យ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន​តាំងពីដើម​រៀង​មក (​ពុំ​ដឹង​ពេលវេលា​ច្បាស់លាស់​)​។ ពិធីបុណ្យ​នេះ​មាន​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ​។ ១៤​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នេះ គឺ​ហៅថា​ពិធី​កាន់បិណ្ឌ រីឯ​ថ្ងៃទី​១៥ គឺជា​ថ្ងៃ​បិណ្ឌ​ធំ ឬ ភ្ជុំ​បិណ្ឌ​។
​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​នៅ​ជិត ឬ ឆ្ងាយ រមែង​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត ជួបជុំ​ក្រុមគ្រួសារ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ នៅក្នុង​បរិវេណ​វត្ត មាន​ពុទ្ធបរិស័ទ​ច្រើន​កុះករ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ រាប់​បាត និង​ពូន​ភ្នំខ្សាច់​ដែល​ប្រជាពលរដ្ឋ​មាន​ជំនឿ​ថា អាច​ស្មា​លា​បាប​ដែល​ខ្លួន​បាន​សាង​និង​ជា​ការ​ឧទ្ទិស​កុសល​ជូន​ដល់​ឧបការី​ជន​ទាំងឡាយ​ដែល​បាន​លាចាក​លោក​ផងដែរ​។​
​កាល​ពី​បុរាណ មានការ​លេងល្បែង​ប្រណាំង​ក្របី សេះ និង​ល្បែង​ផ្សេងៗ​ទៀត ប៉ុន្តែ​រហូតមកដល់​ពេល​បច្ចុប្បន្ន​ទំនៀមទម្លាប់​នេះ​ហាក់ដូចជា​ថមថយ​បន្តិច​ម្ដងៗ​។

 

មូលហេតុ​ចំបង​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

ទី​១៖ ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ថា អ្នក​ដែល​បាន​ចែក​ស្ថាន​ទៅហើយ​មាន​បាប​នឹង​កើត​ជា​ប្រេត ហើយ​អាហារ​របស់​ពួកគេ​មាន​ដូចជា សាកសព និង​កាក​សំណល់​អសោច​ជាដើម​។ ម្លោះ​ហើយ ទើប​ប្រជាពលរដ្ឋ​ធ្វើ​ម្ហូប​ឧទ្ទិស​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ស្ថាន តាមរយៈ​ការ​ប្រគេន​ដល់​ព្រះសង្ឃ​។ តាម​ជំនឿ​ក្នុង​រយៈពេល​១៥​ថ្ងៃ​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​យ៉ាងហោច​ណាស់​ទៅ​ឲ្យ​បាន​៧​វត្ត​ដែរ ដើម្បី​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ឲ្យ​ជីជូន​ជីតា​សាច់សារលោហិត​ដែល​បាន​ចែកឋា​នទៅ​។ ​ប្រសិន​បើ​ដើរ​ស្វែង​រក​ញាតិ​ចំនួន​៧​វត្ត​នៅ​តែ​មិន​ឃើញ​នោះ​ ពពួក​ប្រេត​ទាំងអស់​នោះ​នឹង​ស្រែក​ឃ្លាន​ក្រហល់ក្រហាយ​ក្នុង​ចិត្ត​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ​កូនចៅ​ជាមិនខាន​។​

ទី​២៖ ក្នុង​រដូវវស្សា​ព្រះសង្ឃ​មាន​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​បិណ្ឌ​បាត្រ ទើប​ការ​ប្រគេន​ទេយ្យទាន​នេះ អាច​ធានា​ថា​ព្រះសង្ឃ​មាន​ចង្ហាន់​ក្នុងអំឡុងពេល​ចូល​វស្សា​ផងដែរ​។

 

​ការ​ប្រណិប័តន៍​ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​

•​ ​ជា​រៀងរាល់​ព្រឹក​នៅ​ក្នុង​វត្ត​លោកតា​អាចារ្យ​ត្រូវ​រៀបចំ​ពិធី​រាប់បាត្រ​នៅលើ​ឧបដ្ឋានសាលា​

•​ ​លោក​អាចារ្យ​នាំ​ពុទ្ធបរិស័ទ​វេរចង្ហាន់​ប្រគេន​ព្រះសង្ឃ វេរ​បាយបត្តបូរ រួច​ពូន​ភ្នំ​ខ្សាច់​

•​ ​ព្រះសង្ឃ​ធ្វើ​បត្តានុមោទនគា​ថាចប់​មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូបអាហារ​ចំណី​ចូល​គំនាប់​ជូន​លោកតា​អាចារ្យវត្ត​ព្រមទាំង​ចាត់ចែង​ភោជនាហារ​ទទួល​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅក្នុង​ថ្ងៃ​វេន​របស់ខ្លួន​នោះ​ផងដែរ​៕​