សមត្ថ​កិច្ច​​ចម្រុះ​ចុះ​ពិនិត្យ​មុខ​ទំនិញ និង​ម្ហូប​អាហារ​តាម​ហាង​ និង​ផ្សារ​ក្នុងក្រុង​សែន​មនោ​រម្យ​

ខេត្ត​មណ្ឌល​គិរី​ ៖ ​ក្នុង​បំណង​ទប់ស្កាត់​ការ​បញ្ចេញ​លក់​នូវ​មុខទំនិញ និង​ម្ហូបអាហារ​ដែល​ខូចគុណភាព​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ពី​សំណាក់​អាជីវករ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ និង​នគរបាល​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច​ខេត្ត​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​គ្រប់មុខ​ទំនិញ និង​ម្ហូបអាហារ​នៅ​តាម​ហាង​លក់ទំនិញ​ជា​ច្រើន​កន្លែង ព្រមទាំង​តូប​នីមួយ​ៗ​ក្នុង​ផ្សារ​ក្រុង​សែន​មនោ​រម្យ​ ដែល​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី០១ តុលា ២០១៥ ។

ក្នុង​ប្រតិបត្តិការ​នេះ ​​មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យគ្រប់មុខ​ទាំងអស់​រួម​មាន​គ្រឿង​កំប៉ុង អាហារ​វិច​ខ្ចប់​រួច ត្រី​-​សាច់​គ្រប់ប្រភេទ​ និង​បន្លែបង្ការ​គ្រប់មុខ ​ព្រោះ​ខ្លាច​រាល់​មុខទំនិញ​ទាំងនោះ​ហួស​កាលបរិច្ឆេទ ក្លែងបន្លំ​ម៉ាក​សញ្ញា​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ហើយ​រាល់​មុខទំនិញ​ខ្លះ​ដែល​ជា​គ្រឿង​កំប៉ុង​ គឺ​ខ្លាច​អាជីវក​រដាក់​លក់ទំនិញ​ច្រែះ​ស៊ី ចំណែកឯ​បន្លែបង្ការ និង​ត្រី​-​សាច់​ គឺ​មន្ត្រី​បានធ្វើការ​ពិសោធន៍​យ៉ាង​ច្បាស់​លា​ល់ ខ្លាចក្រែង​មាន​ផ្ទុក​សារ​ធាតុគីមី ។

លោក​ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ម្ហូបអាហារ​លើក​នេះ​ គឺជា​លើក​ទី​៤​ហើយ​ក្នុង​ឆ្នាំ​២០១៥​នេះនៅ​ក្រុង​សែន​មនោ​រម្យ ហើយ​​​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ដើម្បី​ប្រ​មូល​នូវ​គ្រប់មុខ​ទំនិញ​និង​ម្ហូបអាហារ​ខូចគុណភាពយក​ទៅ​ដុត​កម្ទេច​ចោល​ជៀសវាង​ការ​លក់ដូរ​ទំនិញ​ខូចគុណភាព​ទាំង​អស់នោះ ទៅ​ឲ្យ​ប្រជា​ល​ពលរដ្ឋ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង​នៅ​ពេល​ប្រើប្រាស់ និង​បរិភោគ ។

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ទៀត​ថា​អ្វី​ដែល​ជា​ភាពល្អ​ប្រសើរ​នោះ​គឺ​អាជីវករ​ក្នុង​ក្រុង​សែ ន​មនោ​រម្យ​ទាំងអស់​ពុំ​មាន​លក់​នូវ​ទំនិញ និង​ម្ហូបអាហារ ដែល​ខូចគុណភាព​ឡើយ​ដូច្នេះ​បាន​ស្ដែង​បញ្ជាក់​ឲ្យ​ឃើញ​ថា  អាជីវករ ទាំងអស់​គឺ​ពួក​គាត់​មានការ​យល់​ដឹង​ខ្ពស់​ជាង​មុន ដោយ​ពួក​គាត់​អាច​ពិនិត្យ​ទំនិញ​ពី​ក្រុមហ៊ុន​បាន​ដោយ​ខ្លួនឯង  មុន​ពេល​យក​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ ។

ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​ក៏​បាន​ពន្យល់​បន្ថែម​ទៅ​អាជីវករ​ពី​បញ្ហា​អំពី​អនាម័យ​និង​ការ​រៀបចំ​ទំនិញ​លក់ដូរ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ទៅ​តាម​ប្រភេទ​ទំនិញ​នីមួយ​ៗ​ដោយ​ទំនិញ​ហូប​ចុក​និង​ទំនិញប្រើប្រាស់​ផ្សេង​ៗ
ត្រូវ​ដាក់​ដាច់​ដោយឡែក​ពី​គ្នា​និង​បាន​ណែនាំ​មិន​ឲ្យ​អាជីវករ​ឆ្លៀតឱកាស​យក​ទំនិញ​ដែល​ខូចគុណភាព
លក់​បន្ត​ឲ្យ​អាជីវករ​នៅ​តាម​ទី​ជនបទ​ដែល​ពុំ​សូវ​មានការ យល់​ដឹង​ពីព្រោះ​មន្ត្រី​ជំនាញ​សង្កេត​ឃើញ​ថា នៅ​តាម​ទី​ជនបទ​ក្នុង​មណ្ឌលគិរី​គឺ​មាន​លក់​នូវ​ទំនិញ​ដែល​ខូច​គុណ​ច្រើន ៕

ករុណា​29040