អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ដឹកនាំ​សមត្ថកិច្ច​ចុះ​​កំណត់​ព្រំដី​ចិញ្ចើម​ផ្លូវឱ្យ​អាជីវករ​លក់ដូរនៅ​មុខ​ផ្សារឆ្នាំង​

ខេត្តកំពង់ឆ្នាំង​ ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​៣០ ​កញ្ញា ​​២០១៥​នេះ អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​បាន​ដឹកនាំ​សមត្ថកិច្ច​ចំរុះ​មាន​កងរាជអាវុធហត្ថ​ក្រុង​កំពង់ឆ្នាំង និង​សមត្ថកិច្ច​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត ​ចុះ​ទៅ​បោះ​ខ្សែ​កំណត់​ព្រំ​ចិញ្ចើម​ផ្លូវ​ឱ្យអាជីវករ​លក់ដូរ​នៅ​ចំណុច​មុខផ្សារឆ្នាំង សង្កាត់ និង​ក្រុង​កំពង់ឆ្នាំង ដែល​តែងតែបង្កឱ្យ​មានការកកស្ទះ​ចរាចរ​ណ៍ជា​រៀងរាល់ថ្ងៃ​។​

ការ​អនុវត្ត​បែប​នេះ​ បន្ទាប់​ពី​លោក​អភិបាលខេត្តកំពង់ឆ្នាំងបាន​ព្រមាន​ក្នុង​កិច្ចប្រជុំ​មួយកាល​ពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ថា​នឹង​ដក​នាយ​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត និង​មន្ត្រី​អសកម្ម​ទាំងឡាយដែល​អសកម្ម​មិន​ធ្វើការ បណ្តោយ​ឱ្យ​​មានការ​លក់ដូរ​គ្មាន​សណ្តាប់​ធ្នាប់​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ បាត់បង់​សោភ័ណ​ភាព និង​ស្ទះចរាចរណ៍ ពិសេស​នៅ​ចំណុច​មុខ​ផ្សារឆ្នាំង​នេះជាដើម ។

លោក បេ សា​រុំ អភិបាលរង​ក្រុង​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា​ ​​ការ​ចុះ​បោះ​ព្រំកំណត់ឱ្យ​អាជីវករ​លក់ដូរ​នេះ គឺ​ដើម្បី​ឱ្យ​អាជីវករ​ទាំងអស់​ចូលរួម​គោរព​ច្បាប់ និង​គោលការណ៍​របស់​អាជ្ញាធរ​ខេត្ត​ និង​ក្រុងក្នុង​ការ​រៀបចំ​លក់ដូរឱ្យ​មាន​សណ្តាប់ធ្នាប់ និង​សោភ័ណ​ភាព បញ្ជៀ​សបាន​នូវ​ការ​កកស្ទះ​ច​រាចរណ៍ដែល​បណ្តាល​មក​ពី​ការ​លក់ដូរ​លាន​លយ​មក​លើ​ផ្លូវថ្នល់​។

​នៅ​ក្នុង​ការ​កំណត់​ព្រំ​នេះ ​​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​បាន​កំណត់​វាស់​ពី​អ័ក្ស​ផ្លូវ​ប្រវែង​៥​ម៉ែត្រ ទើប​អនុញ្ញាតឱ្យ​អាជីវក​រដាក់​អី​វ៉ា​ន់​លក់ដូរ​បាន និង​ហាម​មិនឱ្យ​លក់​លាន​លយ​ចូល​លើ​ផ្លូវថ្នល់​ទៀត​ឡើយ​។ ក្រោយ​ពី​ការ​ណែនាំ និង​បោះ​ព្រំកំណត់​រួច​ហើយ បើសិនជា​មាន​អាជីវករ​ណា​នៅ​តែ​បំពាន​យក​ផ្លូវ​សាធារណៈ​មក​ដាក់​តាំង​អីវ៉ា​ន់​លក់ដូរ​ទៀត​នោះ អាជ្ញាធរ​ក្រុង​នឹង​អនុវត្ត​តាម​ផ្លូវច្បាប់ គឺ​ចាប់ធ្វើការ​ផាកពិន័យ​ឱ្យ​តឹងរ៉ឹង​តែ​ម្តង  ព្រោះ​អាជីវករ​ទាំងអស់​បាន​ផ្តិត​មេដៃ​ក្នុង​កិច្ចសន្យា​យល់ព្រម​តាម​គំរោង​របស់​អាជ្ញាធរ​ក្រុង ​និង​ខេត្ត​រួច​ហើយ​ក្នុង​ការ​កំណត់​រៀបចំ​នេះ​៕
    ​​