សត្វ​កណ្ដូប​រាប់​លាន​ក្បាល​កំពុង​បំផ្លាញ​ស្រូវ​ប្រជា​កសិករ​៦​ភូមិ​ក្នុង​ឃុំ​រកា​​

ខេត្តបាត់ដំបង ​៖ សត្វ​កណ្ដូប​រាប់​លាន​ក្បាល​បាន​និង​កំពុង​បំផ្លាញ​ស្រូវ​ប្រជា​កសិករ​រាប់រយ​ហិច​តាដែល​ប៉ះពាល់​ទៅ​លើ​ភូមិ​ចំនួន​៦ ក្នុង​ឃុំ​រកា ស្រុក​សង្កែ ជិត​២​ខែ​កន្លង​មក​ហើយ តែ​អាជ្ញាធរ​ទើប​មានការ​ភ្ញាក់ផ្អើល​និង​ចុះ​ទៅ​ពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ តុលា​ ២០១៥​នេះ​។

ប្រជា​កសិករ​បាន​និយាយ​ថា គេ​បាន​ប្រទះ​ឃើញ​សត្វ​កណ្ដូប​នេះ​បង្ហាញខ្លួន​នៅ​តាម​ស្រែ​នានា​នៅ​តំបន់​នោះ​តាំងពី​អំឡុង​ខែសីហា​កន្លង​ទៅ តែ​មិន​ច្រើន​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​វា​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ ប្រហែល​ជាង​១​ស​ប្ដា​ហ៏​មុន​នេះ​។

ប្រជា​ពលរ​ដ្ធ​បន្ត​ថា សត្វ​កណ្ដូប​ទាំងនេះ​បាន​ស៊ី​ផ្ដាច់​ដើម​ស្រូវ​តែ​ម្ដង ហើយ​ប៉ះពាល់​ទៅ​លើ​ដំណាំ​ស្រូវ​របស់​កសិករ​ចំនួន​៦​ភូមិ នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ​។ ប្រភព​ដដែល​ថា អ្នក​ភូមិ​គ្មាន​វិធីសាស្ត្រ​ដើម្បី​កំចាត់​សត្វ​កណ្ដូប​រាប់​លាន​ក្បាល​ទាំងនេះ​ទេ គឺ​បាន​ត្រិ​ម​តែ​ដេញ​បង្អើល​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​ពួក​គាត់​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រក​មធ្យោបាយ​កំទេច​សត្វ​ចង្រៃ​ទាំងនេះ​ផង បើ​មិន​ចឹ​ង​ទេ​ស្រូវ​រាប់រយ​ហិក​តា​អាច​ប្រឈម​នឹង​ការ​ខូចខាត​ជា​មិន​ខាន​។

ជុំវិញ​សត្វ​កណ្ដូប​រាប់​លាន​ក្បាល​កំពុងស៊ី​បំផ្លាញ​ស្រូវ​ប្រជា​កសិករ​ខាងលើជិត​២​ខែ​កន្លង​ទៅ​នេះ អាជ្ញាធរ​ហាក់​មិន​បានដឹង​ឡើយ ប៉ុន្តែ​មន្ត្រី​នានា​ទើបបាន​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ តុលា ទើប​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​តែ​ម្ដង​។ អភិបាលស្រុក​សង្កែ លោក​គឹ​ម វណ្ណៈ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​សត្វ​កណ្ដូប​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​ប្រជា​ពលរ​ដ្ធ​មែន តែ​លោក​ទើប​ទ​ទូល​បាន​ដំណឹង​នេះ​ដែរ​។

លោក​ថា សត្វ​កណ្ដូប​កំពុង​បំផ្លាញ​ទៅ​លើ​ដំណាំ​ស្រូវ​ប្រជា​កសិករ​ចំនួន​៦​ភូមិ ក្នុង​ឃុំ​រកា តែ​លោក​មិន​ទាន់​អាច​ប៉ាន់​ប្រមាណ​អំពី​ទំហំ​នៃ​ការ​ខូចខាត​ដំណាំ​ស្រូវ​នោះ​ទេ ហើយ​លោក ​និង​មន្ត្រី​កសិកម្ម​ក៏​កំពុង​រក​មធ្យោបាយ​ដោះស្រាយ​ហើយ​ដែរ​។

បើ​តាម​ប្រជា​ពលរ​ដ្ឋនិយាយ​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​សត្វ​កណ្ដូប​ហាក់​មានការ​ថមថយ​បន្តិច​ហើយ តែ​ដំណាំ​ស្រូវ​ជា​ច្រើន​ហិក​តា​បាន​រង​ការ​ខួច​ខាត​។ ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​កសិកម្ម​ហាមមិន​ឲ្យ​ប្រជា​កសិករ​ប្រើប្រាស់ថ្នាំ​ផ្សេង​ៗ យក​ទៅ​បាញ់​សម្លាប់សត្វ​កណ្ដូប​ទាំងនេះ​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដំណាំ​ស្រូវ​។ ប៉ុន្តែ​មន្ត្រី​បាន​ណែនាំ​ប្រជា​ពលរ​ដ្ឋឲ្យ​ប្រើប្រាស់​មុង ​ឬ​សំណាញ់​អូស​ចាប់​សត្វ​កណ្ដូប​ទាំងនេះ​វិញ ខណៈ​មន្ត្រី​ជំនាញ​កំពុង​រិះរក​វិធាន​ការ​កំចាត់​សត្វ​​​ទាំងនេះ​៕ ​