ហ្សា​វៀ ម៉ា​ស្កេ​រ៉ា​ណូ រង​ការ​ចោទប្រកាន់​ពី​បទ​គេចពន្ធ​លើ​ប្រាក់​ចំណូល​បាន​ពី​ក្រុមហ៊ុន

កីឡាករ​ហ្សា​រៀ ម៉ា​ស្កេ​រ៉ា​ណូ ខ្សែបម្រើ​ក្លិប Barcelona បាន​បែកធ្លាយ​រឿងអាស្រូវ​ក្រោយ​ពី​តុលាការ​អេ​ស្ប៉ា​ញ​ចោទប្រកាន់​ពី​បទ​គេចពន្ធ​ក្នុង​ទឹកប្រាក់​ជាង​១,៥​លាន​អឺ​រ៉ូ។

តុលាការ​អេ​ស្ប៉ា​ញ​បង្ហើប​ឱ្យ​ដឹង​ថា កីឡាករ​ម៉ា​ស្កេ​រ៉ា​ណូ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បិទ​បាំង​ប្រាក់​លក់​កម្មសិទ្ធិ​ជំនាញ​របស់​ខ្លួន​តាម​រយៈ​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​នៅ​អា​មេ​រិ​ក និង​ព័រ​ទុ​យ​ហ្គា​ល់ ។

កីឡាករ​អាយុ​៣១​ឆ្នាំ​រូប​នេះ​ទទួល​រង​ការ​ចោទប្រកាន់​ថា បាន​គេចពន្ធ​ដល់​ទៅ​២​លើក គឺ​លើក​ទី​១​នៅ​ឆ្នាំ​២០១១ មាន​ទឹកប្រាក់​៥៨៧.៨២២,០១​អឺ​រ៉ូ ស្មើនឹង​ជាង​៦​សែន​ដុល្លារ និង​លើក​ទី​២​នៅ​ឆ្នាំ​២០១២ មាន​ទឹកប្រាក់​៩៦៨.០៩៧,៧៦​អឺ​រ៉ូ ស្មើនឹង​ជាង​១​លាន​ដុល្លារ​។

រហូត​មក​ដល់​ពេល​នេះ ទាំង​កីឡាករ​ម៉ា​ស្កេ​រ៉ា​ណូ និង​ក្លិប Barcelona មិន​ទាន់​ចេញ​មុខ​បកស្រាយ​បញ្ហា​នេះ​នៅឡើយ​ទេ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ខាង​ផ្នែក​ស៊ើប​អង្កេត​លើ​ហិរញ្ញវត្ថុ​របស់​អេ​ស្ប៉ា​ញ​បាន​ថ្លែង​ថា កីឡាករ​ហ្សា​វៀ ម៉ា​ស្កេ​រ៉ា​ណូ បាន​គេចវេះ​មិន​បង់ពន្ធ ដោយ​បិទ​បាំង​ចំណូល​ពី​ក្រុមហ៊ុន NIKE តាម​រយៈ​ក្រុមហ៊ុន​នៅ​សហរដ្ឋអាមេរិក និង​នៅ​កោះ​ម៉ា​ដេ​រ៉ា ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ៕