ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​រក​ឃើញ​បេក្ខភាព​2​រូប​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នា​ថ្ងៃ​ទី​៣ តុលា ស្អែក​នេះ កីឡាករ​សុខ សុវណ្ណ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ ឆ្នាក់​ឆៃ ចំណែក​កីឡាករ​ផង់ សុ​ភ័ស្ស មក​ពី​ក្លិប​តា​ឡី​ដំរី​មានរិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ប៉ានស​ក្កិ ។

ជំនួប​រវាង សុខ សុវណ្ណ និង ឆ្នាក់​ឆៃ លើក​នេះ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ព្រោះកីឡាករ​ទាំង​ពីរ​ប្រកួត​៣​លើក​កន្លង​មកឈ្នះ​ទាំង​៣​លើក​ដូច​គ្នា ដូច្នេះ​ពួក​គេ​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ​ទោះចាញ់​ឬ​ឈ្នះ​ក៏​ដោយ ។ ទោះជា​យ៉ាងណា គណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត​តម្រូវ​ឱ្យ​ពួក​គេ​វាយ​គ្នា​ឱ្យ​អស់ពី​សមត្ថភាព​មិន​អាច​លេងសើច​បាន​ឡើយ បើ​មិន​ធ្វើ​តាម​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ពិន័យ ឬ​អាច​បញ្ឈរជើង​លែងឱ្យ​ប្រកួត​ទៀត​ផង ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ពូ​ល​A ដែល​មាន​កីឡាករ​កម្ពុជា​៤​រូប​នោះ កីឡាករ​សុខ សុវណ្ណ គឺជា​បេក្ខភាព​ទី​១​ដែល​មានឈ្មោះ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ។ ចំណែក​ពូ​ល​B ដែល​មាន​កីឡាករ​ឡាវ​២​រូប និង​កីឡាករ​ថៃ​២​រូប​នោះ កីឡាករ​ឡាវ​ឆ្នាក់​ឆៃ គឺជា​បេក្ខភាព​ទី​១​ដែល​មានឈ្មោះ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដូច​គ្នា​ទោះ​លើក​នេះ​ចាញ់ ឬ​ឈ្នះក្ដី ។

ដោយឡែក ជំនួប​រវាង​កីឡាករ​ផង់ សុ​ភ័ស្ស និង​កីឡាករ​ថៃ ប៉ាន​ស​កិ្ដ វិញ​ក៏​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​ដូច​គ្នា ព្រោះ​៣​ប្រកួត​របស់​ពួក​គេ​កន្លង​មក​អត់​ដែល​ស្គាល់​ឈ្នះ​ម្ដងណា​ឡើយ ដូច្នេះ​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​លែងមាន​ទៀត​ហើយ ។

សម្រាប់​គូប្រកួត​ជា​លក្ខណៈ​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ​នោះ កីឡាករ​ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជា
មួយ​កីឡាករ​ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា និង​កីឡា​ករចេ​ង គា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕