កូរ៉េខាងត្បូង អំពាវនាវឲ្យ កូរ៉េខាងជើង បញ្ឈប់ការអភិវឌ្ឍ នុយក្លេអ៊ែរ ជាបន្ទាន់

សេអ៊ូល៖ លោកស្រីប្រធានាធិបតី កូរ៉េខាងត្បូង ផាក គឺនហេ នៅថ្ងៃព្រហស្បតិ៍ នេះបាន អំពាវនាវឲ្យប្រទេស កូរ៉េខាងជើង បញ្ឈប់ការអភិវឌ្ឍ គ្រាប់មីស៊ីល និង អាវុធនុយក្លេអ៊ែរជា បន្ទាន់ ព្រោះវាជាការគម្រាមកំហែង យ៉ាង ខ្លាំងដល់ឧបទ្វីបកូរ៉េ ហើយក៏ជាបញ្ហាមួយដែលបង្ក គ្រោះថ្នាក់ដល់សន្តិភាព របស់សកលលោកផងដែរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសម្តីរបស់លោកស្រី ផាក ថ្លែងក្នុង ពិធីបុណ្យខួបទី ៦៧ឆ្នាំ នៃការបង្កើតកងកម្លាំងទ័ពរបស់កូរ៉េខាងត្បូង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៥ នេះទៀតថា “កូរ៉េខាងត្បូង គួរតែ ធ្វើឲ្យកូរ៉េខាងជើង ទទួលស្គាល់នូវអ្វីដែលជាការពិត ថាទង្វើរបស់ប្រទេសនេះ វាគ្មានអ្វីក្រៅតែពីការធ្វើឲ្យមាន ការបង្កហេតុ និង ប្រឈមមុខដាក់ គ្នានោះទេ។ ទីក្រុងព្យុងយ៉ាងគួរតែដើរលើមាគ៌ាសន្តិភាព នៅតំបន់ឧបទ្វីបកូរ៉េ តាមរយៈការ ចូលរួមការអភិវឌ្ឍ និង រួបរួមគ្នា។”

គួរបញ្ជាក់ថា ការថ្លែងព្រមានពីសំណាក់ប្រធានាធិបតីកូរ៉េខាងត្បូង ខាងលើនេះ បានកើតមាន ឡើងបន្ទាប់ពី ប្រទេសកូរ៉េខាងជើង បានបញ្ចេញនូវតំរុយថ្មីមួយ ដែលអាចនឹងធ្វើការបាញ់ សាកល្បងគ្រាប់រ៉ុក្កែត ដែលទំនងជា នឹងនាំយកផ្កាយរណបផលិតដោយកូរ៉េខាងជើង ទៅកាន់ គន្លងតារាវិថី ដើម្បីធ្វើការសិក្សាស្រាវជ្រាវពីភពផែនដី៕

កូរ៉េខាងត្បូង អំពាវនាវឲ្យ កូរ៉េខាងជើង បញ្ឈប់ការអភិវឌ្ឍ នុយក្លេអ៊ែរ ជាបន្ទាន់