ម៉ិ​ច​ស៊ិ​ក​ធ្វើ​បត្យាប័ន​មេ​រត់ពន្ធ​គ្រឿងញៀន​2​នាក់​ទៅ​អា​មេ​រិ​ក

កាលពី​ថ្ងៃ​ទី​៣០ កញ្ញា អ្នករត់ពន្ធ​គ្រឿងញៀន​១៣​នាក់​ត្រូវ​បាន​ធ្វើ​បត្យាប័ន​ទៅ​កាត់ទោស​ដោយ​តុលាការ​អា​មេ​រិ​ក ។ ក្នុង​ចំណោម​អ្នករត់ពន្ធ​គ្រឿងញៀន​ដែល​ធ្វើ​បត្យាប័ន​ទាំងនោះ​មាន ជា​ពិសេស​មេ​រត់ពន្ធ​គ្រឿងញៀន​២​នាក់ ម្នាក់​ឈ្មោះ EDGAR VALDEZ VILLAREAL ហៅ LA BARBIE ហើយ​ម្នាក់​ទៀត​ឈ្មោះ JORGE COSTILLA ហៅ EL CROSS ។

VALDEZ VILLAREAL ត្រូវ​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១០ ជាប់ចោទ​ពី​បទ​ចូលរួម​ក្នុង​ក្រុម​រត់ពន្ធ​គ្រឿងញៀន​កាច​សាហាវ​សម្លាប់​មនុស្ស​របស់​បងប្អូន BELTRAN LEYVA​។ តុលាការ​មួយ​នៅ​ល្វី​ហ្សា​ណា ចង់​កាត់ទោស​រូបគេ​ពី​បទ​រត់ពន្ធ​កូ​កា​អីុ​ន កញ្ឆា និង​លាងលុយកខ្វក់ ។ ចំណែក​ជន​ឈ្មោះ COSTILLA ចាប់ខ្លួន​កាលពី​ខែកញ្ញា ឆ្នាំ​២០១២ ចាត់ទុកជា​ប្រមុខ​ម្នាក់​ក្នុង​ចំណោម​ប្រមុខ​ក្រុម​រត់ពន្ធ​គ្រឿងញៀន GIOLFE ហើយ​ជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល FBI តាម​រក​ចាប់ខ្លួន ។ តុលាការ​តិច​សាស់​ចង់​កាត់ទោស​រូបគេ​ពី​បទចោទប្រកាន់​ដូច​គ្នា​ដែរ ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ជាង​២​ខែ​បន្តិច​បន្ទាប់​ពី​ការ​រត់​ចេញពី​គុក​ម៉ិ​ច​ស៊ិ​ក​របស់​ប្រមុខ​ក្រុម​រត់ពន្ធ​គ្រឿងញៀន SINALOA ឈ្មោះ JOAQUIN EL CHAPO GUZMAN ហៅ​កាត់​ថា EL CHAPO ។ ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ស្នើ​ឱ្យធ្វើ​បត្យាប័ន​ជន​នេះ​ដែរ ក៏​ប៉ុន្តែ​ប្រទេស​ម៉ិ​ច​ស៊ិ​ក​​បដិសេធ ដោយ​សំអាង​ថា នឹង​កាត់ទោស​រូបគេ​នៅ​ក្នុង​ប្រទេស ។ ទីបំផុត ជន​នេះ​ជួល​គេ​ឱ្យ​ជីក​រូង​សម្ងាត់​ប្រវែង​១,៥​គីឡូម៉ែត្រ​រត់​ចេញ​បាត់​ពី​គុក ៕